
ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ នឹងផ្ដល់ឱកាសដល់ក្រុមហ៊ុនទាំងពីរ ឈានទៅរកការវិនិយោគរួមគ្នាលើវិស័យចម្បងចំនួនពីរនៅកម្ពុជា គឺ អចលនទ្រព្យ និងការកម្សាន្ដ ដោយផ្ដោតលើទីផ្សារអចលនទ្រព្យប្រណីត និងម៉ាកយីហោ ព្រមទាំងបទពិសោធន៍កម្សាន្តប្លែកៗ។

ភាពជាដៃគូនេះ កើតឡើងបាន បន្ទាប់ពីមានគំនិតផ្ដួចផ្ដើម នាអំឡុងពេលចុះបេសកកម្ម ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមដោយ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន WorldBridge Group ទៅកាន់ប្រទេសបារាំង។ ក្នុងអំឡុងពេលចុះបេសកកម្ម ក្រុមហ៊ុន Worldbridge Group បានជួបសំណះសំណាលជាមួយ ក្រុមហ៊ុន Tandem Partners ដើម្បីស្វែងរកឱកាស វិនិយោគដ៏មានសក្តានុពលមកកាន់ប្រទេសកម្ពុជា។

ក្រៅតែពីសម្លឹងរកឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនទាំងពីរ ក៏មានគោលបំណងវិនិយោគលើវិស័យកម្សាន្ដផងដែរ ដូចជារៀបចំបង្កើតឲ្យមានព្រឹត្តិការណ៍សំដែងផ្ទាល់ ការតាំងពិពណ៌ដ៏អស្ចារ្យ និងកម្មវិធីបន្ថែមទៀត សម្ដៅ លើកកម្ពស់វិស័យវប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា។

តាមរយៈការចាប់ដៃគូនេះ ក្រុមហ៊ុន Tandem Partners នឹងណែនាំម៉ាកសញ្ញា និងគំនិតច្នៃប្រឌិតថ្មីៗ ដល់ទីផ្សារកម្ពុជា ដោយធ្វើការជាមួយក្រុមហ៊ុន Worldbridge Group ដើម្បីបង្កើនគុណភាព និងភាពសម្បូរបែបនៃអចលនទ្រព្យដែលមាន និងអនុវត្តគំនិតផ្តួចផ្តើមការកម្សាន្តប្រកបដោយប្រសិទ្ធភាព។

Tandem Partners គឺជាក្រុមវិនិយោគចម្រុះមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 ដែលបានវិនិយោគនៅប្រទេសបារាំង និងអាស៊ី។ Tandem Partners បានចូលរួមយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា តាមរយៈសាខាប្រឹក្សាយោបល់របស់ខ្លួនគឺ Confluences ដែលមានជំនាញក្នុងការចូលទៅកាន់ទីផ្សារ និងសេវាកម្មចូលទីផ្សារសម្រាប់ទីផ្សារកម្ពុជា និងបណ្តាប្រទេសមហាអនុតំបន់មេគង្គផ្សេងទៀត។

