កញ្ញា ហឿ ចាន់ស្រីពេជ្រ បុគ្គលិកជាន់ខ្ពស់ផ្នែកបណ្តុះបណ្តាលនិងអភិវឌ្ឍន៍នៅក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុប បានប្រាប់ឲ្យដឹងថា កម្មវិធីហ្វឹកហាត់ការងារ (Management TraineeProgram) ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ផ្តល់ឱកាសឲ្យប្អូនៗនិស្សិត យុវជន ដែលមានសមត្ថភាព ហើយមានអាយុមិនលើសពី ២៨ឆ្នាំ មានឱកាស អភិវឌ្ឍ ចំណេះដឹង ជំនាញរបស់ខ្លួនតាមរយៈការហ្វឹកហាត់ការងារពេញម៉ោងរយៈពេល២ឆ្នាំ ដើម្បីក្លាយជាអនាគតអ្នកដឹកនាំនៅវើលដ៏ប្រ៊ីដគ្រុប។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះក៏ត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិក ដែលកំពុងបម្រើការនៅវើលដ៏ប្រ៊ីដគ្រុប ដើម្បីឲ្យពួកគាត់បានអភិវឌ្ឍ សមត្ថភាព ជំនាញវិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំ ហើយត្រៀមខ្លួនរួចជាស្រេច សម្រាប់ទៅកាន់តំណែងជាអ្នកគ្រប់គ្រងនៅតាមផ្នែក ដែលក្រុមហ៊ុនបានរៀបចំ។
កញ្ញាឲ្យដឹងបន្តថា នៅពេលដែលក្រុមហ៊ុន បានបង្ហោះនូវការផ្សព្វផ្សាយនេះនៅលើវេបសាយនិងបណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុន ឃើញថា ហាក់មានការយល់ច្រលំចំពោះកម្មវិធីហ្វឹកហាត់ការងារនេះ ថាជា ប្រភេទកម្មវិធីបណ្ដុះបណ្តាលទូទៅ ដែលតម្រូវឲ្យមានការបង់ប្រាក់ តែការពិតមិនដូច្នោះទេ។
អ្នកគ្រប់គ្រងកម្មវិធីរូបនេះ បានរៀបរាប់ថាកម្មវិធីហ្វឹកហាត់ការងារ ឬ Management Trainee Program(MTP) នេះ ស្រដៀងទៅនឹង Internship Program គ្រាន់តែថា កម្មវិធី Management Trainee Program ត្រូវចំណាយពេល២ឆ្នាំ រីឯកម្មវិធី Internship ជាទូទៅ មានរយៈពេលតែ បីឬប្រាំមួយខែ ហើយការហាត់ការងារទៀតសោត គឺផ្តោតតែមួយមុខជំនាញប៉ុណ្ណោះ។ ប៉ុន្តែ Management Trainee Program ដែលក្រុមហ៊ុនបានរៀបចំ គឺផ្តល់ ឱកាសឲ្យសិកា្ខកាមទាំងអស់បានហ្វឹកហាត់ការងារ ច្រើនជំនាញនៅក្នុងកំឡុងពេលមួយឆ្នាំដំបូង ហើយនិងហ្វឹកហ្វាត់ ជំនាញស្នូលបន្ថែមនៅឆ្នាំទីពីរ ដើម្បីត្រៀមខ្លួនទៅកាន់តួនាទីជាអ្នកគ្រប់គ្រងផ្នែកណាមួយ ដែលក្រុមហ៊ុនកំពុងមានតម្រូវការ។ បន្ថែមលើសពីនេះ សិក្ខាកាមទាំងអស់តម្រូវឲ្យមានការធ្វើតេស្តយ៉ាងម៉ត់ចត់ ចំនួន២ ដំណាក់កាលសិន ទើបអាចចូលរួមក្នុងកម្មវិធីនេះបាន។
នៅអំឡុងពេលហ្វឹកហាត់ការងារសិក្ខាកាមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីក្រុមហ៊ុនដូចជា ការបណ្តុះបណ្តាលទាំងជំនាញទន់ និងរឹង បទពិសោធន៍ការងារក្នុងអាជីវកម្មផ្សេងៗរបស់ក្រុមហ៊ុន ទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែសមរម្យ ជាពិសេសមាន មានឱកាសកាន់តំណែងខ្ពស់ នៅតាមបណ្តាក្រុមហ៊ុននៃវើលដ៍ប្រ៊ីដគ្រុប ផងដែរ។
បើសិនជាបេក្ខជន បេក្ខនារី មានចំណាប់អារម្មណ៍ជាដំបូងសូមដាក់ពាក្យតាមប្រព័ន្ធអនឡាញជាមុនសិន ដោយអាចចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុប មានអាសយដ្ឋាន careers.worldbridge.com.kh
នោះអ្នកនឹងឃើញការពន្យល់ពីកម្មវិធី Management
Trainee Program បន្ទាប់មកសូមចុចពាក្យ
Apply Now ហើយសូមធ្វើតាមការណែនាំ។
សូមជម្រាបថា បេក្ខជនតែ ១០រូបប៉ុណ្ណោះ ដែលនឹងត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធី Management Trainee Programនេះ៕