ការចុះអនុស្សរណៈ នេះនឹងដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមចំណែករបស់យុវជនជំរុញការអភិវឌ្ឍសង្គមជាតិ និង ផ្ដល់ការចែករំលែកបទពិសោធន៍ ចំណេះដឹងល្អៗ ដើម្បីជាការបំផុសគំនិតដល់យុវជនក្នុងការអភិវឌ្ឍខ្លួន និងជាជំនួយស្មារតីសម្រាប់ការត្រៀមខ្លួនក្នុងការអនុវត្តការងារជាក់ស្ដែង។
ក្រុមហ៊ុនវើលប្រ៊ីដគ្រុប គឺជាក្រុមហ៊ុនក្នុងស្រុកដ៏ធំល្បីល្បាញមួយនៅកម្ពុជា បាននិងកំពុងធ្វើការវិនិយោគពហុវិស័យសក្តានុពល រូមមាន វិស័យ ដឹកជញ្ជូន និង ឡូជីកស្ទីក វិស័យសំណង់ និង អចលនទ្រព្យ ធនាគារ និង ហិរញ្ញវត្ថុ ម្ហូបអាហារ និង ភេសជ្ជៈ សេវាបញ្ចាំ សេវា Outsourcing និង e-commerce។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាផ្នែកមួយនៃបេសកកម្មរបស់ ស.ស.យ.ក.ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសយុវជន ហើយការកសាងធនធានយុវជននេះ ចាំបាច់ណាស់ត្រូវតែទាមទារឲ្យមានការអនុវត្តផ្ទាល់ ដែលតម្រូវឲ្យមានការផ្សាភ្ជាប់គ្នាគ្រប់ទិដ្ឋភាពការងារ រួមទាំងវិស័យឯកជនផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា អនុស្សរណៈនេះ នឹងក្លាយទៅជាច្រកមួយសម្រាប់យុវជនដែលត្រូវការការងារ ក៏ដូចជាយុវជន ដែលត្រូវការការសិក្សារៀនសូត្របន្ថែមសម្រាប់តម្រូវការជាក់ស្តែង នៃសង្គមបច្ចុប្បន្ន និងទៅថ្ងៃអនាគត ទាំងកិច្ចការសង្គម មនុស្សធម៌ផង និងកិច្ចការអាជីវកម្មសម្រាប់អាជីពការងារទៅថ្ងៃអនាគតផង។
ចំណែកឯអ្នកវិនិយោគដ៏ល្បីល្បាញនៅកម្ពុជា អ្នកឧកញ៉ា សៀ ឫទ្ធីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប្រ៊ីដគ្រុប បានបញ្ជាក់អះអាងយ៉ាងដូច្នេះថា៖ "យើងបានមើលឃើញសក្តានុពលរបស់ស.ស.យ.ក. ហើយសួរជាសំណួរថា អ្វីទៅជា Synergy ដែលឈានទៅ រកផ្លូវដែលអាចធ្វើការជាមួយគ្នាបានជាមួយ ស.ស.យ.ក.។ ស.ស.យ.ក. មានសក្តានុពល តែយុវជនមិនងាយចេះតែមានឱកាសហើយពិបាកស្វែងរកឱកាស ដូច្នេះយើងមកទីនេះដើម្បីបង្កើតឱកាសសម្រាប់យុវជន។ គោលដៅចម្បងរបស់យើងគឺ ដើម្បីពង្រឹង និងពង្រីកសមត្ថភាព និងបង្កើតមុខរបរសម្រាប់យុវជន"។
ការចុះអនុស្សរណៈនេះ ភាគីទាំងសង្ខាងសុទ្ធតែ បានជឿជាក់ថា នេះមិនមែនត្រឹមតែបានផ្ដល់ឱកាសដល់យុវជនកម្ពុជា ក្នុងការស្វែងរកបទពិសោធន៍ការងារ ផ្សេងៗនោះទេ ប៉ុន្តែក៏នឹងជំរុញដល់ទំនាក់ទំនង រវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពស្អិតល្មួត និងរឹងមាំផងដែរ ។
សូមជម្រាបថា កន្លងមកក្រុមហ៊ុនវើលប្រ៊ីដគ្រុប ធ្លាប់បានបើកឱកាសដល់យុវជន យុវនារី ឱ្យចូលរួមក្នុងកម្មវិធីហ្វឹកហាត់ ការងារ ពិសេស មួយ(Management Trainee Program) ដែលមាន រយៈពេល២ឆ្នាំសម្រាប់សិក្ខាកាម អភិវឌ្ឍចំណេះដឹងជំនាញរបស់ខ្លួនតាមរយៈការហ្វឹកហាត់ ការងារពេញ ម៉ោងរយៈពេល២ឆ្នាំដើម្បីក្លាយជាអនាគត អ្នកដឹកនាំ៕