ប្រធានបទវ៉ាក់សាំងកំពុងតែក្លាយជាចំណុចស្លាប់រស់នៃសេដ្ឋកិច្ចរបស់ពិភពលោក ខណៈដែលមានប្រទេសធំៗជាច្រើនសម្រុកចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះមានតែវ៉ាក់សាំងទេ ទើបអាចជាគន្លឹះក្នុងស្ដារសេដ្ឋកិច្ចឡើងវិញ។ ប៉ុន្ដែ បើមើលទៅលើតម្រូវការ និងការផ្គត់ផ្គង់វ៉ាក់សាំង គឺហាក់ដូចជានៅឆ្ងាញ់ពីគ្នាខ្លាំងណាស់ ដូច្នេះ តម្រូវឲ្យមានការផលិតផលវ៉ាក់សាំងកាន់តែច្រើនថែមទៀត។ អ្វីដែលជាបញ្ហានៅពេលនេះ គឺខ្សែចង្វាក់ផលិតកម្ម និងផ្គត់ផ្គត់វ៉ាក់សាំង និងប្រសិទ្ធភាពវ៉ាក់សាំង ក៏បានក្លាយជាចំណោទបញ្ហាផងដែរ។
យ៉ាងណាមិញ ចំពោះស្ថានភាពកូវីដ-១៩ក្នុងប្រទេសឥណ្ឌាបច្ចុប្បន្នកំពុងមានភាពដុនដាបខ្លាំងមែនទែន ដោយក្នុងមួយថ្ងៃៗ ឥណ្ឌារកឃើញអ្នកវិជ្ជមានកូវីដ-១៩រាប់ម៉ឺននាក់។ ទោះបីជារដ្ឋាភិបាលឥណ្ឌាបានសម្រុកវិធានការចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យពលរដ្ឋខ្លួនយ៉ាងណាក៏នៅតែមិនអាចទប់ទល់នឹងជំងឺដ៏កាចសាហាវនេះបានដែរ។
ឥណ្ឌាខំរត់ប្រណាំងនឹងការរាតត្បាតរបស់កូវីដ ដោយផ្តើមកាត់បន្ថយការលក់ និងនាំចេញវ៉ាក់សាំងដែលខ្លួនផលិតច្រើនមែនទែន ដោយងាកយកមកផ្គត់ផ្គង់ដល់ពលរដ្ឋក្នុងស្រុកវិញ។ ប្រការនេះបានធ្វើឲ្យវិទ្យាស្ថានឥណ្ឌាស៉េរ៉ូម (India's Serum Institute) ដែលជាអ្នកទទួលខុសត្រូវដ៏ធំដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ កំពុងជួបប្រទះនឹងវិបត្តិហរិញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ឥណ្ឌាជួបវិបត្តិដោយសារតែ មានការរឹតត្បិតក្នុងការនាំយកទៅលក់នៅក្រៅប្រទេសច្រើនពេក ដោយហេតុថា តម្រូវការក្នុងស្រុកមានការកើនឡើងខ្លាំង។
នាយកប្រតិបត្តិរបស់វិទ្យស្ថាន ស៉េរ៉ូម លោក Adar Poonawalla បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា វិទ្យាស្ថានរបស់លោកពេលនេះកំពុងរងសម្ពាធខ្លាំងមែនទែន ដោយហេតុថា បច្ចុប្បន្នកំពុងខ្វះខាតថវិកាផលិតផង ស្របពេលដែលតម្រូវការក្នុងប្រទេសកំពុងកើនឡើងច្រើនថែមទៀត។ លោកត្រូវការជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលក្រុងញូដេលី បន្ថែមដើម្បីបន្តចង្វាក់ផលិតកម្មទៅមុខទៀតបាន។
គួររំឭកថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី តាំងពីខែមុនបានផ្តើមកាត់បន្ថយការនាំចេញវ៉ាក់សាំង AstraZeneca ដែលផលិតដោយវិទ្យាស្ថានស៉េរ៉ូម ស្របពេលដដែលពលរដ្ឋខ្លួនជាង ១លាន៣សែនអ្នកកំពុងធ្លាក់ក្នុងហានិភ័យនៃរោគឆ្លងកូវីដ១៩។
លោក ណារិន ដ្រាម៉ូឌី ធ្លាប់មានប្រសាសន៍ប្រាប់ទូរទស្សន៍រដ្ឋឥណ្ឌាដូច្នេះថា៖ ពិភពលោកកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់ ប៉ុន្តែឥណ្ឌាកំពុងផ្តល់អាទិភាពដល់ពលរដ្ឋ ដែលកំពុងមានតម្រូវការខ្លាំងនៅពេលនេះ ហើយស្របពេលដែលឥណ្ឌានៅខ្វះខាតក្នុងការផ្គត់ផ្គង់សម្រាប់ខ្លួនឯងផងដែរ។
សូមបញ្ជាក់ថា វិទ្យាស្ថានស៉េរ៉ូមរបស់ឥណ្ឌា ត្រូវការថវិកាបន្ថែមប្រមាណ ៤០០លានដុល្លារទៀតសម្រាប់បន្តការផលិតវ៉ាក់សាំង ដោយថវិកានេះ ត្រូវបានគេរំពឹងថានឹងអាចទទួលបានពីរដ្ឋាភិបាលឥណ្ឌា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១២ ខែមេសា ចំនួនការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងពិភពលោកមានសរុបដល់ជាង៧៨០លានដូសហើយ ប៉ុន្ដែ វានៅតែមានចំនួនតិចតួចនៅឡើយ ពោលគឺប្រមាណជាង៥%ប៉ុណ្ណោះនៃចំនួនប្រជាជនសកលោក។ ក្នុងនោះអាមេរិក បានចាក់ច្រើនជាងគេ រហូតដល់ទៅ១៨៧លានដូសហើយ បើគិតត្រឹមសប្ដាហ៍មុន ជាមធ្យមក្នុងមួយថ្ងៃអាមេរិកចាក់ជាង៣លានដូស៕
ចុច Like Facebook Page របស់ខេមបូណូមីស និងចូលរួមក្នុង Telegram ដើម្បីទទួលបានព័ត៌មានថ្មីៗលឿនរហ័សមុនគេ: https://t.me/cambonomist