យុវជនចិន រហូតដល់ទៅ៣,៤លាននាក់ បានដាក់ពាក្យប្រឡងចូលក្របខណ្ឌមន្ត្រីរាជការស៊ីវិល នៅឆ្នាំ២០២៤ មានការកើនឡើងជាង៤០ម៉ឺននាក់ បើធៀបនឹងឆ្នាំមុន និងខ្ពស់ជាង៣ដងបើធៀបនឹងឆ្នាំ២០១៤។ តាមរយៈតួលេខដ៏ច្រើននេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា អ្វីដែលយុវជនចិន ចង់បានខ្លាំងបំផុត គឺការងារជាក់លាក់មួយ ដែលមានស្ថិរភាព ស្របពេលដែលឱកាសការងារក្នុងវិស័យឯកជនមិនសូវសម្បូរ ទោះបីជាពេលនេះបណ្ដារដ្ឋបាលមូលដ្ឋានកំពុងត្រដាបត្រដួសក្នុងការបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីមូលដ្ឋានរបស់ខ្លួនដោយសារវិបត្តិហិរញ្ញវត្ថុយ៉ាងណាក្ដី។
តួយ៉ាង នារីវ័យ២៤ឆ្នាំម្នាក់ឈ្មោះ ក្ល៊ែរ (Klaire) ដែលជានិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅទីក្រុងប៉េកាំង ក៏បានចូលរួមប្រឡងចូលក្របខណ្ឌមន្ត្រីរាជការស៊ីវិលនឹងគេដែរ កាលពីដើមខែធ្នូ ឆ្នាំនេះ។ ហើយដោយសារការប្រឡងចូលតឹងខ្លាំង និងខ្លាចប្រឡងមិនជាប់ នាងបានខំប្រឹងស្វ័យសិក្សាយ៉ាងខ្លាំងរហូតដល់ទៅ៩ម៉ោងក្នុងមួយថ្ងៃ និងចំណាយប្រាក់១៣៤ដុល្លារអាម៉េរិក លើការៀនគួរបំប៉នពិសេសតាមអ៊ីនធឺណិត។
នាងបាននិយាយថា មូលហេតុដែលនាងសម្រេចចិត្តប្រឡងចូលក្របខណ្ឌមន្ត្រីរាជការស៊ីវិលដោយសារនាងឱ្យតម្លៃលើស្ថិរភាពការងារ និងកិត្យានុភាពនៃការងាររាជការ ជាពិសេសបន្ទាប់ពីមិត្តរួមការងារនាងជាច្រើនត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារអំឡុងពេលនាងចុះកម្មសិក្សាផ្នែកបច្ចេកវិទ្យាកន្លងមក។
ប្រសិនបើនាងប្រឡងជាប់តង់ទី១នេះ នាងនឹងត្រូវឆ្លងកាត់ការសម្ភាសតង់ទី២ ព្រមទាំងការត្រួតពិនិត្យលើប្រវត្តិនយោបាយ និងការពិនិត្យរាងកាយរបស់នាងផងដែរ ហើយលទ្ធផលចុងក្រោយបង្ហាញថាជាប់ ឬធ្លាក់នឹងត្រូវប្រកាសនៅខែមេសា ឆ្នាំ២០២៥។
ទិន្នន័យផ្លូវការបង្ហាញថា អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនចិន នៅតែមានកម្រិតខ្ពស់នៅឡើយ បើធៀបនឹងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ទោះបីជាថ្មីៗនេះមានការថយចុះបន្តិចយ៉ាងណាក្ដី ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងជួបវិបត្តិក្នុងវិស័យអចលនទ្រព្យ និងតម្រូវការប្រើប្រាស់ធ្លាក់ចុះ៕
ដោយ: តែម សុខុម