ទម្លាប់ដ៏អវិជ្ជមានមួយនេះ បានដក់ជាប់យ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់សិស្សានុសិស្ស ក៏ដូចជាអ្នកផ្តល់សេវាអប់រំ ជាពិសេស គ្រូបង្រៀន រួមទាំងគ្រឹះស្ថានសិក្សា។ រហូតដល់មានសិស្សានុសិស្សខ្លះបានបញ្ចេញប្រតិកម្មចំពោះកំណែទម្រង់របស់រដ្ឋមន្ត្រីអប់រំ ដែលរឹតបន្តឹងពេលប្រឡងបញ្ចប់បាក់ឌុបនៅឆ្នាំដំបូងថែមទៀត។
គេកត់សំគាល់ឃើញថា រហូតមកដល់ពេលនេះ បរិយាកាសនៃការរៀននិងការបង្រៀនកាន់តែមានភាពប្រសើរឡើង ជាពិសេសនៅតាមទីក្រុងនិងទីប្រជុំជនដោយនៅតាមសាលារៀន ភាគច្រើនមានថ្នាក់រៀន បរិក្ខារនិងគ្រូបង្រៀនគ្រប់គ្រាន់។
បើទោះជាបែបនេះក្តី ក៏នៅតែមានការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ បរិក្ខាររួមទាំងគ្រូបង្រៀននៅតាមបណ្តាសាលារៀនដែលនៅតាមជនបទនៅឡើយ។ ចំណុចនេះទាមទារឲ្យក្រសួងអប់រំ មានវិធានការបន្ទាន់ដើម្បីបង្រួមគម្លាតរវាងសាលារៀននៅតាមទីប្រជុំជននិងជនបទឲ្យបានកាន់តែឆាប់កាន់តែល្អ។
ចំណុចខ្វះខាតនៅក្នុងវិស័យអប់រំនៅមានច្រើនទៀត ប៉ុន្តែយើងសូមមិនលើកយកមករៀបរាប់លម្អិតនៅក្នុងទំព័រនេះទេ ដោយសារថាវាទាក់ទងទៅនឹងការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ យុវជននិងកីឡា។
“ការអប់រំដ៏ល្អមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ឪពុកម្តាយបានឡើយ!”
ការអប់រំនៅផ្ទះដែលអាណាព្យាបាលតែងមើលរំលង
ផ្នត់គំនិតដែលតែងតែដាក់បន្ទុកផ្នែកអប់រំកូនចៅទៅលើសាលានិងគ្រូបង្រៀនបានស្ថិតនៅជាប់នឹងខ្លួនរបស់ណាព្យាបាលជាជនជាតិខ្មែរយើងជាយូរមកហើយ។ ជាក់ស្តែងនៅពេលកូនរបស់ខ្លួនមានចរិតអវិជ្ជមាន ស្តីមិនស្តាប់ ឬក៏ប្រឡងមិនជាប់ អាណាព្យាបាលភាគច្រើនតែងតែបន្ទោសគ្រូថា បង្រៀនមិនបានល្អ រហូតដល់អ្នកខ្លះដៀលដល់គ្រូបង្រៀនក៏មាន។ ប៉ុន្តែ នៅពេលដែលកូនរៀនពូកែបែរជាគិតថាដោយសារតែពូជពង្សរបស់ខ្លួនជាអ្នកមានឈាមជ័ររៀនពូកែទៅវិញ។
យ៉ាងណាក៏ដោយ ការដាក់បន្ទុកទៅលើតែសាលានិងគ្រូបង្រៀនក្នុងការអប់រំក្មេងៗគឺមិនមែនជារឿងដែលត្រឹមត្រូវទាំងស្រុងនោះទេ។ កូនចំណាយពេលនៅសាលារៀនតិចជាងនៅផ្ទះ និងនៅក្នុងសហគមន៍។ យើងបានដឹងគ្រប់គ្នាថា ក្មេងៗប្រៀបដូចជាក្រដាសសមួយសន្លឹក បើយើងចង់ឲ្យគេមានពណ៌យ៉ាងណានោះ គេនឹងអាចទៅជាបែបនោះនៅពេលអនាគត។
ចង់ឲ្យកូនរៀនពូកែ ទទួលបានលទ្ធផលល្អក្នុងការសិក្សា ប៉ុន្តែមានឪពុកម្តាយភាគច្រើនមិនដែលចាប់អារម្មណ៍ទៅលើរឿងធ្វើសកម្មភាពជាគំរូដល់កូនៗរបស់ខ្លួនពេលនៅផ្ទះជាមួយខ្លួននោះឡើយ។ អាណាព្យាបាលខ្លះក្នុងផ្ទះមានបំពាក់ទៅដោយបរិក្ខារទាន់សម័យជាច្រើនប្រភេទ ប៉ុន្តែ រកសៀវភៅមួយក្បាលគ្មាន។ នៅចំពោះមុខកូនមិនដែលអានសៀវភៅ គិតតែលេងហ្វេសប៊ុក លេងហ្គេម មើលទូរទស្សន៍តរឿងភាគ ។ល។ និង។ល។ បើទង្វើរបស់ឪពុកម្តាយនៅចំពោះមុខកូនយ៉ាងដូច្នេះ តើពួកគេនឹងអាចទទួលបានភាពជាគំរូក្នុងការសិក្សារៀនសូត្រ ដោយរបៀបណាក្រៅពីស្លុងអារម្មណ៍ទៅលើហ្គេម កម្មវិធីទូរទស្សន៍ ក៏ដូចជាហ្វេសប៊ុកនោះ?
តើសព្វថ្ងៃនេះមានឪពុកម្តាយប៉ុន្មាននាក់ដែលគិតថា បិទទូរទស្សន៍ ទូរស័ព្ទដៃនិងនាំកូនៗអានសៀវភៅ ឬធ្វើលំហាត់មុននឹងពួកគេចូលគេង?
សូមអាណាព្យាបាលគ្រប់រូបចាប់ផ្តើមធ្វើជាគំរូល្អដល់កូនៗរបស់ខ្លួននៅផ្ទះចាប់ពីពេលនេះ។ ការអប់រំដ៏ល្អមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ឪពុកម្តាយបាននោះឡើយ!!!