តាមសារព័ត៌មានក្នុងស្រុកវៀតណាម ដែលបានកត់ត្រាពីប្រវត្តិរបស់លោក លោក ផាម ញ៉ាត់ វង់ ខ្លះៗ បានឲ្យដឹងថា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup រូបនេះ គឺជាអតីតនិស្សិត ដែលបានទៅសិក្សានៅរដ្ឋធានី Moscow ប្រទេសរុស្ស៊ី។ បន្ទាប់មក ក្នុងទសវត្សរ៍ឆ្នាំ ៩០ លោក បានផ្លាស់ប្តូរទីលំនៅ ទៅរស់នៅប្រទេសអ៊ុយក្រែនវិញ ដែលជាទីកន្លែង ដែលគាត់បានចាប់ផ្ដើមអាជីវកម្មដំបូងរបស់ខ្លួន គឺក្រុមហ៊ុន Technocom Group ផ្ដោតលើការផលិតម្ហូបអាហារ Fast Food ពិសេស គឺមីកញ្ចប់ ម៉ាក Mivina ដ៏ល្បីនៅអ៊ុយក្រែន ហើយក្រុមហ៊ុននេះ រកចំណូលប្រចាំឆ្នាំបានប្រមាណ១៥០ លានដុល្លារអាមេរិក។
លុះក្រោយមកនៅឆ្នាំ ២០០១ មហាសេដ្ឋីវៀតណាមដែលបច្ចុប្បន្នមានវ័យ ៥១ឆ្នាំ រូបនេះ បានវិលត្រឡប់មកកាន់មាតុប្រទេសរបស់ខ្លួនវិញ ដោយបានចូលប្រឡូកវិនិយោគលើវិស័យអចលនទ្រព្យ ខណៈដែលពេលនោះ វិស័យអចលនទ្រព្យនៅវៀតណាមកំពុងតែពុះកញ្ជ្រោលខ្លាំង។
មករកស៊ីនៅវៀតណាម បានជិត១០ឆ្នាំ ពោលគឺនៅ ឆ្នាំ ២០០៩ លោក ផាម ញ៉ាត់ វង់ ក៏បានសម្រេចចិត្តបានលក់ក្រុមហ៊ុនអាហារ Fast Food របស់លោក នៅប្រទេសអ៊ុយក្រែននោះ ឲ្យទៅក្រុមហ៊ុន Nestle ដោយលោកបានផ្ដោតការវិនិយោគ តែក្នុងប្រទេសវៀតណាមវិញ។
នាអំឡុង ការវិនិយោគក្នុងប្រទេសវៀតណាម លោក ផាម ញ៉ាត់ វង់ បានបង្កើតក្រុមហ៊ុន Vinpearl Land នៅឆ្នាំ ២០០១ ដោយផ្ដោតលើការអភិវឌ្ឍក្នុងវិស័យបដិសណ្ឋារកិច្ច និងការកម្សាន្ដ ក្នុងទីក្រុងញ៉ាត្រាំង។
១ឆ្នាំក្រោយមក ពោលគឺ នៅឆ្នាំ២០០២ ដោយមើលឃើញពីឱកាស និងសក្ដានុពល ក្នុងវិស័យអចលនទ្រព្យកាន់តែវែងឆ្ងាយ លោក ផាម ញ៉ាត់ វង់ បានចាប់ផ្ដើមបង្កើតក្រុមហ៊ុនថ្មីមួយទៀតឈ្មោះ Vincom នៅរដ្ឋធានីហាណូយ ដែលផ្ដោតលើការអភិវឌ្ឍអចលនទ្រព្យបែបពាណិជ្ជកម្ម។
ភាពជោគជ័យដ៏ធំ របស់ក្រុមហ៊ុនទាំងពីរនេះ មករកស៊ីនៅវៀតណាម បានតែ ១ឆ្នាំប៉ុណ្ណោះ មហាសេដ្ឋីវៀតណាមវ័យកណ្ដាលរូបនេះ បានសម្រេចដាក់ក្រុមហ៊ុនរបស់ខ្លួន ចូលទៅក្នុងផ្សារហ៊ុន នៅឆ្នាំ២០០២ ដោយបង្កើតជាសម្ព័ន្ធក្រុមហ៊ុន Vingroup។
ក្រុមហ៊ុន Vingroup កាន់តែមានឥទ្ធិពលខ្លាំងឡើងៗ នៅក្នុងសេដ្ឋកិច្ចវៀតណាម និងបានឈរជាជើងខ្លាំងមួយ នៅក្នុងវិស័យលក់រាយ ការិយាល័យ និងពាណិជ្ជកម្មអចលនទ្រព្យ។ មានគម្រោងធំៗជាច្រើន នៅគ្រានោះ ដែលក្រុមហ៊ុននេះ ទទួលបានភាពជោគជ័យខ្លាំង ជាក់ស្ដែង គឺគម្រោង Vincom Mega Mall Royal City ក្នុងរដ្ឋធានីហាណូយ ដែលត្រូវបានគេស្គាល់ថា ជាទីតាំងលក់រាយ និងកន្លែងកម្សាន្ដចម្រុះដ៏ធំមួយនៅអាស៊ី។
នៅឆ្នាំ២០១៩នេះដែរ លោក ផាម ញ៉ាត់ វង់ ត្រូវបានទស្សនាវដ្ដី Forbes ចាត់ចំណាត់ថ្នាក់ថា ជាមហាសេដ្ឋីពិភពលោកមានជាងគេបំផុតលំដាប់ទី ១៩៥ (គិតត្រឹមថ្ងៃទី ២៤ កុម្ភៈ ២០១៩) ដែលមានទ្រព្យសម្បត្តិសុទ្ធសរុបប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក ខណៈដែលទ្រព្យសម្បត្តិសុទ្ធ (Net Worth) របស់លោកមានការកើនឡើង៣,២ ពាន់លានដុល្លារអាមេរិក ធៀបនឹងឆ្នាំមុន។
បច្ចុប្បន្ន ក្រុមហ៊ុន Vingroup ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនវិនិយោគលើបណ្ដុំអចលនទ្រព្យធំជាងគេបង្អស់នៅវៀតណាម ហើយក៏មានការពង្រីកខ្លួនកាន់តែធំឡើងៗជាបន្តបន្ទាប់ នៅក្នុងវិស័យលក់រាយ ឡូជិស្ទិក កសិកម្ម ការអប់រំ និងសុខាភិបាលផងដែរ៕