ថ្នាក់ដឹកនាំក្រសួងសាធារណការ បានដាស់តឿនជាច្រើនលើកច្រើនសាររួចមកហើយ ដោយជំរុញឲ្យក្រុមហ៊ុនសាងសង់ពន្លឿនការសាងសង់ និងដាក់គ្រឿងចក្របន្ថែមក្នុងការស្ថាបនាផ្លូវជាតិទាំងពីរនេះ។ ផ្លូវជាតិដែលមានតម្លៃប្រមាណ៥៦លានដុល្លារអាមេរិកនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ដែលមានប្រវែងសរុបជាង៧០គីឡូម៉ែត្រ។
ទោះបីមានការជំរុញនិងដាស់តឿនជាច្រើនលើកច្រើនសារពីក្រសួងសាធារណនិងដឹកជញ្ជូនក៏ដោយ តែយើងសង្កេតឃើញថា ការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ពីសំណាក់ក្រុមហ៊ុន Hanshin Engineering & Construction Co.,Ltd ហាក់នៅមានភាពយឺតយ៉ាវដដែល។ ភាពយឺតយ៉ាវនេះ កំពុងបង្កការលំបាកដល់អ្នកដំណើរ និងប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវជាតិទាំងនេះ។
ឯកឧត្តម ហេង រ័ត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ អាចយឺតជាងផែនការកំណត់ប្រមាណ២០% ខណៈបច្ចុប្បន្នការស្ថាបនាទើបសម្រេចបានប្រមាណ៥០% ប៉ុណ្ណោះ ក្រោយបើកការដ្ឋានសាងសង់ជិតពីរឆ្នាំកន្លងមកនេះ។ ឯកឧត្តមវាយតម្លៃថា ការបញ្ចប់ការស្ថាបនាផ្លូវជាតិទាំងពីរ នឹងត្រូវអូសបន្លាយរហូតដល់ខែកក្កដា ឆ្នាំ២០២២ ខណៈតាមផែនការគ្រោងបញ្ចប់នៅអំឡុងខែមេសា។
បើតាមឯកឧត្តម ហេង រ័ត្នពិសិដ្ឋ មានកត្តាធំៗបីដែលធ្វើឲ្យមានការរាំងស្ទះដល់ការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ដែលមិនអាចមិនបញ្ចប់ការសាងស់ងតាមគ្រោងទុក។ កត្តាទាំងនោះរួមមាន ការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវ និងបញ្ហាអាកាសធាតុ ជាពិសេសបញ្ហាកង្វះគ្រឿងចក្រក្នុងការស្ថាបនាតែម្តង។ ជុំវិញបញ្ហាខ្វះគ្រឿងចក្រនេះដែរ ឯកឧត្តមអះអាងថា ក្រសួងបានក្រើនរំលឹកនិងជំរុញឲ្យក្រុមហ៊ុនពន្លឿនការដោះស្រាយជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយជាដុំកំភួនដដែល។
គួររំលឹកថា ផ្លូវជាតិលេខ២ និងលេខ២២បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោងចំណាយថវិកាប្រមាណ៥៦លានដុល្លារអាមេរិក ដែលជាថវិកាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវជាតិទាំងពីរនេះមានប្រវែងសរុបជាង៧២គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់មានប្រវែង៦២គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ដល់អង្គតាសោមមានប្រវែងជិត១០គីឡូម៉ែត្រ។ ផ្លូវទាំងពីរនេះស្ថាបនាកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ៕