ជុំវិញការប្រែប្រួលនៃតម្លៃជ្រូករស់ក្នុងស្រុកនាពេលនេះ ត្រូវបានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាអះអាងថា ស្ថានភាពទីផ្សារ និងការចិញ្ចឹមជ្រូកចាប់ផ្ដើមមើលឃើញពីភាពវិជ្ជមានឡើងវិញជាបណ្ដើរៗហើយ និងមានក្ដីរំពឹងខ្ពស់ថា តម្លៃជ្រូករស់ក្នុងស្រុកកាន់តែប្រសើរជាងនេះថែមទៀត។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស នៅថ្ងៃទី៧ ខែវិច្ឆិកា ថា សព្វថ្ងៃ តម្លៃជ្រូករស់ក្នុងស្រុក មានភាពប្រសើរឡើងវិញបន្តិច ដោយមានតម្លៃ ពី ៩ពាន់៥រយរៀល ទៅ១ម៉ឺនរៀល ក្នុង១គីឡូក្រាម។ ប្រធានសមាគមរូបនេះ បានគូសបញ្ជាក់ថា ការប្រែប្រួលនៃតម្លៃជ្រូករស់ក្នុងស្រុក ដោយសារតែតម្លៃជ្រូករស់ នៅប្រទេសជិតខាង ដូចជា ប្រទេសថៃ និងវៀតណាមជាដើម មានការឡើងថ្លៃ ដូច្នេះ ឈ្មួញដែលធ្លាប់នាំចូលជ្រូករស់ពីខាងក្រៅ បានផ្អាកនាំចូលជ្រូករស់មកកម្ពុជា ។ ជាមួយគ្នានោះ ស្ថាប័នពាក់ព័ន្ធកាន់តែរឹតបន្តឹងច្បាប់នាំចូលជ្រូករស់ ក៏ដូចជា ការនាំចូលជ្រូករស់ខុសច្បាប់ផងដែរ ដែលធ្វើឱ្យតម្លៃជ្រូករស់ក្នុងស្រុកចាប់ផ្ដើមប្រសើរឡើងវិញ។ បន្ថែមលើនេះ លោក ស្រ៊ុន ពៅ ក៏មានគំនិតសុទិដ្ឋិនិយមផងដែរ ចំពោះវិស័យចិញ្ចឹមជ្រូកនៅកម្ពុជា ដោយលោកសង្ឃឹមយ៉ាងមុតមាំថា វិស័យនេះនឹងងើបឡើងវិញ ពិសេសតម្លៃជ្រូករស់ក្នុងស្រុក នឹងកាន់តែប្រសើរជាងនេះ។
ដើម្បីសម្រួលដល់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក កន្លងមក ក្រសួងកសិកម្ម បានកាត់បន្ថយការនាំចូលជ្រូករស់ពីបរទេសមកនៅត្រឹម ៧០០ក្បាល ទៅ៨០០ក្បាល ក្នុងមួយថ្ងៃ ហើយចុងក្រោយនបេះ ក្រសួងបន្តកាត់បន្ថយការនាំចូលជ្រូករស់មកនៅត្រឹមតែ ៣០០ក្បាល ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានតម្រូវការជ្រូករស់ប្រមាណ ៨ពាន់ក្បាល ក្នុងមួយថ្ងៃ នៅលើទីផ្សារក្នុងស្រុក ខណៈកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់ជ្រូករស់ជិត ៨ពាន់ក្បាល ទៅហើយ ក្នុងមួយថ្ងៃ ដូច្នេះ កម្ពុជា មិនចាំបាច់នោះទេ ក្នុងការបន្តនាំចូលជ្រូករស់ពីបរទេសបន្តទៀត។ នេះបើតាមការបញ្ជាក់របស់លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា៕