កន្លងមកប្រទេសចិន ទាញបានប្រយោជន៍ជាច្រើន ពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ពីវិបត្តិកូវីដ១៩ ប៉ុន្តែច្បាប់ថ្មីៗ ដែលមានភាពតឹងរ៉ឹងជាងមុន ដែលរដ្ឋអំណាចក្រុងប៉េកាំង បានដាក់ចេញឲ្យក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសយកទៅអនុវត្ត បានបណ្តាលឱ្យក្រុមហ៊ុនមួយចំនួនជួបការលំបាក ខណៈច្បាប់ថ្មីទាំងនេះ ក៏ជាកត្តាមួយជួយរុញឲ្យក្រុមហ៊ុនអចលនទ្រព្យដ៏ធំ Evergrande ជួបវិបត្តិផងដែរ។
ទីផ្សារហិរញ្ញវត្ថុ និង ផ្សារភាគហ៊ុន បានធ្លាក់ចុះដោយសារការភ័យខ្លាចថា ក្រុមហ៊ុនអចលនទ្រព្យយក្សចិនមួយនេះអាចដួលរលំ ដែលនាំឱ្យរាលដាលរង្គោះរង្គើសេដ្ឋកិច្ចចិនទាំងមូល។
ក្រោយមើលឃើញពីហានិភ័យទាំងនេះ ស្ថាប័ន Fitch បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចចិនមកនៅតិចជាងមុន គឺត្រឹម ៨,១% សម្រាប់ឆ្នាំ២០២១ តិចជាងការព្យាករលើកមុនដែលមានកំណើន ៨,៤%។ យ៉ាងណាសេដ្ឋកិច្ចចិនត្រូវបានគេមើលឃើញនូវតែមានកំណើនខ្លាំងជាងគេ នៅក្នុងអំឡុងវិបត្តិកូវីដ១៩ ជាកសលនេះ។
សូមជម្រាបថា បើតាមរបាយការណ៍ព្យាករដដែលរបស់ Fitch បង្ហាញថា ការវិនិយោគលំនៅដ្ឋានដោយផ្ទាល់នៅក្នុងប្រទេសចិន តំណាងឲ្យប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុប ខណៈដែលហិរញ្ញវត្ថុក្នុងសកម្មភាពអចលនទ្រព្យនេះ មានការហូរចូលយ៉ាងច្រើនដល់ឧស្សាហកម្ម និង វិស័យដទៃទៀត។ ដូច្នេះ ប្រសិនបើវិស័យអចលនទ្រព្យមានបញ្ហា នោះទស្សនវិស័យកំណើនសេដ្ឋកិច្ចចិនក៏អាចរងការប៉ះពាល់ផងដែរ៕