«ពូ» ជាម៉ាកយីហោថ្មីមួយ ដែលបានបង្កើតឡើងដោយ កូនខ្មែរ ដែលផលិតផលដំបូងគេរបស់ម៉ាកនេះ នាឡិកាដៃ បន្ទាប់មកគឺវែនតា ដោយផ្តោតភាគច្រើនជារបស់បុរស។ ដូចនេះ ម៉ាក«ពូ»ចង់សំដៅដល់ មនុស្សប្រុស ដែលមានចំណេះដឹង ពោរពេញ សមត្ថភាព ភាពស្វាហាប់ រឹងមាំ។ ម្យ៉ាងវិញទៀត ពូ ជាយីហោខ្មែរ ដោយលោក សែត ពិទូរ្យ អះអាងថា មិនងាយយកអក្សរខ្មែរមកធ្វើជាយីហោបានទេ ព្រោះវាមានជើងស្រះនិងព្យញ្ជនៈច្រើន ។
ក្រោយពីនាឡិកាដៃ ដែលបានរំលេចយីហោ ជាភាសាខ្មែរម៉ាក «ពូ» ត្រូវបាននាំចេញទៅលក់នៅតាមបណ្តាប្រទេសធំជាច្រើនដូចជា ឌូបៃ កូរ៉េ អាមេរិក ជប៉ុន កាលពីជាង២មុនមក ហើយនៅក្នុងឆ្នាំនេះ លោក សែត ពិទូរ្យមានកំណត់គោលដៅមួយទៀតហើយ គឺវៀតណាម។
លោក សែត ពិទូរ្យ ជាស្ថាបនិកក្រុមហ៊ុននាឡិកាម៉ាក «ពូ» បានឲ្យដឹងថា ក្រៅពីនាឡិកាម៉ាក «ពូ» ហើយ ក្រុមការងាររបស់លោកក៏បានចេញនូវផលិតផលផ្សេងទៀត ដូចជាវ៉ែនតា ជាដើម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅស្រុក។
លោក សែត ពិទូ បានបន្ថែមថា ៖ « ខ្ញុំចង់បង្កើតយីហោមួយ ដែលយើងអាចថា ជាប្រភេទយីហោ The Luxury Product (ផលិតផលប្រណីត) នៅស្រុកខ្មែរ ហើយជារបស់ដែលមានគុណភាព ដែលយើងអាចប្រកួតប្រជែងជាមួយបរទេសបាន»។
សហគ្រិនរូបនេះ បានបន្តទៀតថា សម្រាប់ការបង្កើតម៉ាកយីហោមួយត្រូវការពេលយ៉ាងហោចណាស់ក៏ ៥ឆ្នាំដែរ ដើម្បីកសាងម៉ាកយីហោនេះ ឲ្យរឹងមាំ និងល្បីល្បាញ តួយ៉ាងម៉ាក «ពូ» មិនទាន់អាចថា មានប្រាក់ចំណេញនៅឡើយទេ ព្រោះទើបតែបានបង្កើតកាលពីខែ តុលា ឆ្នាំ២០១៨ប៉ុណ្ណោះ។
លោកបញ្ជាក់ថា «ការធ្វើប្រេនឌីង (Branding) វាខុសពីការធ្វើអាជីវកម្ម ដើម្បីប្រាក់ចំណេញ ព្រោះអីយើងចង់មានយីហោខ្មែរមួយដែលមានគុណភាព ទាំងការផលិត ទាំងរូបភាព ទាំងសង្វាក់ផលិតកម្ម គឺចង់បានទាំងគុណភាព និង Luxury(ប្រណីតភាព)»។
ថ្វីត្បិត តែជាផលិតផល ដែលផលិតនៅក្នុងប្រទេសកម្ពុជាក៏ពិតមែន តែវត្ថុធាតុដើមមួយចំនួន ក៏ត្រូវបាននាំចូលពីក្រៅប្រទេសផងដែរ ដោយសារមិនទាន់មាននៅក្នុងស្រុក ខណៈដែល ការផលិតនាឡិកាដៃម៉ាក «ពូ» មួយគ្រឿង ត្រូវបានលោក សែត ពិទូរ្យ អះអាងថា ប្រើរយៈ១សប្តាហ៍ ហើយធ្វើដោយដៃផ្ទាល់តែម្តង ។
មួយវិញទៀត អ្វីដែលស្ទើរតែមិនគួរឲ្យជឿនោះ នៅអំឡុងពេលវិបត្តិកូវីដ-១៩ ស្របពេលដែលអាជីវកម្មផ្សេងហាក់មានសភាពធា្លក់ចុះ តែការលក់នាឡិកាម៉ាកពូបែរជាទទួលការគាំទ្រទៅវិញ។ លោក សែត ពិទូរ្យ អះអាថា ៖« សម្រាប់រដូវកាលកូវីដ ការលក់របស់យើងគឺគុណនឹងពីរ ផ្ទុះការគាំទ្រនៅក្នុងរដូវកាលកូវីដ»។
ចំពោះតម្លៃនាឡិកាដៃ របស់ម៉ាកយីហោ «ពូ» វិញ ក៏មិនធម្មតាដែរ ដោយក្នុងនោះ មាន៧ម៉ូត ប្រភេទ PU Premium Black, Red និង Blues ១ គ្រឿងតម្លៃ ១.០០០ ដុល្លារ។ ស្ថាបនិកម៉ាក ពូ រូបនេះ បានលើកឡើងពីលក្ខណពិសេសសម្រាប់ នាឡិកាម៉ាក «ពូ»ថា «យើងប្រើប្លាទីន logo អក្សរជាតិខ្មែរ ពូ នៅក្នុងម៉ាស៊ីនកញ្ចក់ធ្វើពីត្បូង sapphire-crystal glass ចំណែកតួខាងលើធ្វើពីដែក stainless steel sapphire crystal មានភាពរឹងមាំហើយធន់លាយជាមួយនឹងត្បូង crystal ខណៈខ្សែវិញផលិតពីស្បែកសុទ្ធ។
គួររម្លឹកថា កាលពីអំឡុងចុងឆ្នាំ ២០១៨ នាឡិកាដៃដ៏ប្រណីតច្នៃដោយកូនខ្មែរម៉ាក «ពូ-PU» បានទាក់ទាញអ្នកប្រើនៅក្រៅប្រទេសយ៉ាងខ្លាំងហើយបានកុម្ម៉ង់រាប់រយគ្រឿងជាមួយនឹងតម្លៃ មិនចាញ់នាឡិកាម៉ាកល្បីរបស់បរទេសមួយចំនួននោះទេ ៕