អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានមានប្រសាសន៍ថា ករណីល្មើសរបស់ម៉ូតូភាគច្រើន គឺការដែលមិនពាក់មួកសុវត្ថិភាព ដែលមានរហូតដល់ទៅ៧៩% នៃករណីម៉ូតូល្មើសសរុប ក្រៅពីមានករណីល្មើសភ្លើងសញ្ញា ផ្លាកសញ្ញា ការដឹកលើសចំណុះ និយាយទូរស័ព្ទពេលបើកបរ និងបើកបរពេលស្រវឹងជាដើម។
ចំណែករថយន្តវិញ ករណីល្មើសច្រើនជាងគេគឺមិនពាក់ខ្សែក្រវាត់ មាន៤៨% ករណីល្មើសល្បឿនកំណត់ ២៦% ក្រៅពីនេះគឺល្មើសសញ្ញាចរាចរណ៍ ដឹកលើសចំណុះ និយាយទូរស័ព្ទពេលបើកបរ គ្មានបណ្ណបើកបរ គ្មានផ្លាកលេខ និងបើកបរពេលស្រវឹង។
អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានចាត់ទុកថា ការរួសរាន់សម្រុកទៅធ្វើឆៀក ធ្វើបណ្ណបើកបរ ជាដើមនោះថា ជាការធ្វេសប្រហែសរបស់ពលរដ្ឋ មិនមែនជាការភ្ញាក់រលឹកនោះទេ។ឯកឧត្តម នាយឧត្តមសេនីយ៍បានបញ្ជាក់ថា « ការរឹតបន្តឹងនេះ នៅតែបន្តជារៀងរហូត ព្រោះថា គណៈកម្មាជាតិ ក៏ដូចជារាជរដ្ឋាភិបាល បានកំណត់ថា ឆ្នាំ២០២០នេះ គឺជាឆ្នាំនៃការរឹតបន្តឹងច្បាប់ ហើយការប្រកាសបញ្ហារឹតបន្តឹងច្បាប់នេះ គឺបានធ្វើតាំងពីដើមឆ្នាំ២០២០ ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាប ឲ្យប្រជាពលរដ្ឋលោកត្រៀមខ្លួនជាមុន បំពេញកាតព្វកិច្ចច្បាប់»។
អគ្គស្នងការរងនគរបាលជាតិរូបនេះ អះអាងថា បន្ទាប់ពីរយៈពេល១សប្តាហ៍ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ ទាំងករណីគ្រោះថ្នាក់ ស្លាប់និងរបួស សុទ្ធតែថយចុះ បើធៀបនឹងរយៈពេលដូចគ្នា នៅមុនមួយសប្តាហ៍នៃការអនុវត្ត និងធៀបរយៈពេលមួយសប្តាហ៍ដូចគ្នាកាលពីខែឧសភា ឆ្នាំ២០១៩។
ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះ មានការសម្រុកទៅធ្វើឆៀកនៅអគ្គនាយកដ្ឋានដឹកជញ្ជូនគ្រប់ទីតាំងលើសធម្មតា៤ដង។ ឯកឧត្តមថា« ពីមុនមួយថ្ងៃ តែ៨០០គ្រឿងអីទេ តែឥឡូវឡើងដល់ប្រហែល៤ពាន់គ្រឿង ហើយឯកឧត្តមទេសរដ្ឋមន្ត្រីលោកយកចិត្តទុកដាក់ណាស់ លោកសុខចិត្តឲ្យមន្ត្រីយើងធ្វើការបន្ថែមម៉ោងដល់ម៉ោង១០យប់ ថ្ងៃដំបូង និង១យប់ទៀតនៅថ្ងៃបន្ទាប់ សូម្បីថ្ងៃឈប់សម្រាកក៏អត់មាន»។
អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានប៉ាន់ប្រមាណថា យានយន្តដែលបានចុះបញ្ជីទាំងអស់ទូទាំងប្រទេស គឺប្រហែល៦លានគ្រឿងហើយ ដោយក្នុងនោះមានរថយន្ត១លានគ្រឿង ស្មើជិត២០% និង៨០% ជាទោចក្រយានយន្ត(ម៉ូតូ) ។ នៅក្នុងរថយន្ត១លានគ្រឿងនោះ រថយន្តដែលបានមកឆៀកមានតែ៤០%ទេ ដោយឡែក៦០%ទៀត គឺមិនទាន់បានមកឆៀកនៅឡើយទេ។
ចំពោះការធ្វើឆៀកនេះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ ចាប់ពីនេះទៅ ក្រសួងបានឲ្យក្រុមជំនាញ រៀបចំប្រព័ន្ធមួយសម្រាប់ដាស់តឿនការធ្វើឆៀកនិងបណ្ណបើកបរផង នៅលើទូរស័ព្ទដៃរបស់ពលរដ្ឋដែលធ្លាប់ទៅឆៀក ដើម្បីជៀសវាងការហួសសុពលភាព នាំឲ្យមានការផាកពិន័យ៕