សម្តេច ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា

តើសម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ពិភាក្សាលើបញ្ហាអ្វីខ្លះក្នុងជំនួបទ្វេភាគី?


ក្រោយប៉ុន្មានថ្ងៃនៃការប្រកាសរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា សម្តេចត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះ ឃើញថាថ្ងៃនេះ ឯកឧត្តម វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ាបានមកបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាលើកដំបូងក្រោយរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ា។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ក្នុងជំនួបបិទទ្វារនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាជាច្រើនពាក់ព័ន្ធប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី និងបញ្ហាអាស៊ានជាដើម។ សម្តេចតេជោ ហ៊ុន សែន បានអះអាងក្នុងជំនួបទ្វេភាគីនោះថា សម្តេចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាម៉ានៅដើមខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំរបស់មីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែធ្នូ បានបង្ហាញពីលទ្ធផលនៃកិច្ចពិភាក្សារវាងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាមួយឯកឧត្តម វុនណា ម៉ោងលីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដែលបាន និងកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងជំនួបដែលធ្វើឡើងនៅវិមានសន្តិភាព ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ាជាដើម។ ការស្វែងរកមធ្យោយធ្វើយ៉ាងណាឲ្យអាស៊ានមានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពល្អប្រសើរឡើងវិញ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វុនណា ម៉ោងលីន លើកយកមកពិភាក្សាគ្នាក្នុងជំនួបទ្វេភាគីនោះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ក៏បាននាំលិខិតរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជូនសម្ដេចតេជោ ដើម្បីអញ្ជើញទៅធ្វើទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧-៨  ខែមករា ឆ្នាំ២០២២ ខាងមុខ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចនឹងទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញនោះ។ 

ពាក់ព័ន្ធគម្រោងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសម្តងរួចមកហើយក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៧ខ្សែ និងសមិទ្ធនានានៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០២១ ដោយកាលនោះ សម្តេច សង្កត់ធ្ងន់ថា ការទៅបំពេញទស្សនកិច្ចនៅមីយ៉ានម៉ារបស់សម្តេចធ្វើឡើងក្នុងតួនាទីជានាយករដ្ឋមន្ត្រី មិនមែនជានាមជាប្រធានអាស៊ាននោះទេ។

សូមបញ្ជាក់ថា នៅមួយរយៈចុងក្រោយនេះ មីយ៉ាន់ម៉ា បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលមួយចំនួន តួយ៉ាងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលប្រារព្ធឡើងនៅប្រទេសប្រ៊ុយណេកាលពីខែតុលាកន្លងទៅនេះ ក៏មិនមានវត្តមានចូលរួមពីសំណាក់មេដឹកនាំមីយ៉ាន់ម៉ាដែរ៕

None



អត្ថបទបន្ទាប់


អេស៊ីលីដា ប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះ៣ដំណាក់កាល ក្នុងការបម្រើអតិថិជនឲ្យនៅជាមួយបានយូរអង្វែង

ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា ហើយក៏ជាធនាគារដំបូងគេផងដែរ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា។ ភា…

អ្នកជំនាញចាត់ទុកដំណឹង ចិនគ្រោងបើកជើងហោះហើរឡើងវិញ ជាក្តីសង្ឃឹមសម្រាប់កម្ពុជាក្នុងការស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកាន់តែប្រសើរ

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះការអះអាងរបស់ប្រមុខការទូតចិនដែលថា នឹងបើកឲ្យមានជើងហោះហើរទៅមកកម្ពុជា-ចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ