ថ្លែងនៅក្នុងពិធិជួបជុំជាមួយនឹងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា នាពេលថ្មីៗនេះ ឯកឧត្តម គង់ វិបុល បានលើកឡើងថា ដោយមានការស្នើសុំពីសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានឲ្យមានការបន្តការបង់ពន្ធមុនតាមគម្រោង ឬបង់ពន្ធជាកញ្ចប់នោះខាងអគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចដាក់ចេញនូវគោលការណ៍ចំនួន តាមរយៈលិខិតលេខ ១៩៩០០១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនម្ចាស់អចលនវត្ថុ អាចបន្តការបង់ពន្ធមុនតាមគម្រោង ឬហៅថាបង់ពន្ធជាកញ្ចប់ សម្រាប់រយៈពេល២ឆ្នាំបន្ថែមទៀត។ ប៉ុន្ដែ គោលការណ៍មួយចំនួន មិនអនុញ្ញាតឲ្យបង់ពន្ធក្នុងកម្រិតពន្ធដដែលនោះទេ ពោលគឺត្រូវតែមានការកើនឡើង ដោយសារតែតម្លៃអចលនទ្រព្យក៏កើនឡើងដែរ។
បើតាមឯកឧត្តម គង់ វិបុល ការបន្តរយៈពេល២ឆ្នាំទៀត សម្រាប់ការបង់មុនតាមគម្រោង ឬបង់ពន្ធជាកញ្ចាប់សម្រាប់ក្រុមហ៊ុនអចលនទ្រព្យនេះ វាគឺជាការជួយសម្រួលកាតព្វកិច្ចបង់ពន្ធសម្រាប់ក្រុមហ៊ុនក្នុងវិស័យឯកជន ពិសេសគឺក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលបច្ចុប្បន្នវិស័យនេះគឺជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ សម្រាប់សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម បន្ថែមទៀតថា ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងការបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ ក៏គ្រោងនឹងស្នើដល់រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យមានការបន្ថូរបន្ថយអត្រាពន្ធប្រថាប់ត្រាចំពោះ ការផ្ទេរអចលនទ្រព្យពីរូបវ័ន្ដបុគ្គល ទៅជានីតិបុគ្គល ដែលជាមានឈ្មោះម្ចាស់កម្មសិទ្ធិតែមួយផងដែរ។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានលើកឡើងដែរថា សមាគមមានការពេញចិត្តជាខ្លាំង នឹងការបន្តរយៈពេល២ឆ្នាំ សម្រាប់ការបង់ពន្ធមុនតាមគម្រោងនេះ ខណៈដែលការសម្រួលបង់ពន្ធតាមគោលការណ៍នេះ គឺធ្វើឡើងមករយៈពេល ៥ឆ្នាំមកហើយ។ លោកបន្តថា ការបង់ពន្ធមុនតាមគម្រោងនេះ គឺវាមិនសូវមានភាពស្មុគស្មាញ សម្រាប់ក្រុមហ៊ុន ហើយកម្រិតនៃការបង់ក៏មានការកើនឡើងទៅតាមតម្លៃទីផ្សារអចលនវត្ថុផងដែរ។ មិនតែប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារ ក៏ងាយក្នុងការប្រមូលចំណូល និងប្រមូលបានច្រើនថែមទៀតផង។
លោកឧកញ៉ា លី ហួរ បានបញ្ជាក់ថា «គម្រោងនីមួយៗ គឺយើងបង់ពន្ធមុនទោះបីមិនទាន់លក់អស់ ក៏យើងរាប់តាម Master Plan (ផែនការមេ) របស់យើង...ឧទាហរណ៍ គម្រោងមួយនេះ ៥០០ផ្ទះ គឺគេគិតពន្ធ៥០០ ផ្ទះតែម្ដង ហើយបង់តាមដំណាក់កាល»។
ទោះយ៉ាងណា របាយការណ៍កាលពីដើមខែកញ្ញានេះ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានផ្ដល់ជាយោបល់ថា កម្ពុជាគួរតែបង្កើនចំណូលពន្ធពីវិស័យអចលនទ្រព្យ បន្ថែមទៀត ដើម្បីជំរុញដល់មូលនិធិចំណាយសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ។
បើតាមរបាយការណ៍នោះ បានបញ្ជាក់ដែរថា ចំណូលពន្ធពីវិស័យអចលនទ្រព្យ របស់កម្ពុជា មានតែ ០,១% ប៉ុណ្ណោះនៃ ទំហំផលិតផលក្នុងស្រុកសរុប ដែលវាត្រូវបានគេចាត់ទុកថា ជាចំនួនមួយទាបណាស់។
ដោយឡែក របាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ បង្ហាញដែរថា នៅ៨ខែ ឆ្នាំ២០១៩ ចំណូលពន្ធ អាករ ដែលប្រមូលបាន ដោយអគ្គនាយកដ្ឋានពន្ធដារ មានចំនួនជិត ២ពាន់ លានដុល្លារអាមេរិក ស្មើនឹង ៨៥,៣៣% នៃផែនការប្រចាំឆ្នាំ។ បើសិនជាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ឃើញថា មានការកើនឡើងជាទឹកប្រាក់ជាង ៤៤៩ លានដុល្លារអាមេរិក ស្មើនឹងអត្រាកំណើនជាភាគរយ ៣០%។ ក្នុងនោះដែរ ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ កើនឡើងប្រមាណ ៦០%៕