តើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានជះឥទ្ធិពលអាក្រក់អ្វីខ្លះ?
ក្រោយពីមានការផ្ទុះករណីឆ្លងចូលសហគមន៍២០កុម្ភៈ ដែលជាករណីឆ្លងចូលសហគមន៍លើកទី៣នោះ គេសង្កេតឃើញ មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើង។ ក្រៅតែពីបិទក្លឹបអិន៨ និងបើកការស្រាវជ្រាវរកអ្នកពាក់ព័ន្ធហើយនោះ នៅថ្ងៃទី២១កុម្ភៈ អាជ្ញាធរក៏បានបន្ដផ្អាកអាជីវកម្មភោជនីយដ្ឋានមួយកន្លែងឈ្មោះ ឡូហ្សិន២ នៅក្រុងតាខ្មៅ ដែលជាទីតាំងពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែរ ហើយក៏បានយកសំណាកមនុស្សចំនួន៧៦នាក់នាក់ ទៅពិនិត្យ និងដាក់ឲ្យពួកគេធ្វើចត្តាឡីស័ក ហើយអាជ្ញាធរក៏នៅតែបន្ដស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតដែរ។
ឆ្លងតបទៅនឹងការទប់ស្កាត់ការរីករាលដាលនៃករីណឆ្លងចូលសហគមន៍ ២០កុម្ភៈ ក្នុងថ្ងៃទី ២១ ខែកុម្ភៈដដែល ក្រសួងទេសចរណ៍ ក៏បានសម្រេបន្ដពង្រឹងវិធានការដោយបានបិទផ្អាកអាជីវកម្មKTV ក្លឹបកម្សាន្ដ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) នៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្រសួងអប់រំ នៅថ្ងៃទី ២១ ខែកុម្ភៈ បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្ដារ ហើយក្រសួងក៏បានស្នើឲ្យបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរនៃគ្រឹះស្ថានសិក្សាទាំងពីរខាងលើ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អញ្ញើញមកសាលានៅថ្ងៃទី ២២ ខែកុម្ភៈ វេលាម៉ោង៩ព្រឹក ដើម្បីឲ្យមន្ត្រីសុខាភិបាលយកសំណាក ទៅពិនិត្យរកមេរោគកូវីដ-១៩។
នៅថ្ងៃទី ២០កុម្ភៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបង្កើតឲ្យមានប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ-១៩ ដែលសាធារណជនចាំបាច់ត្រូវស្កេន QR Code នៅពេលធ្វើដំណើរចេញ-ចូលទីទាំង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ដ អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសជាដើម ដែលមានមនុស្សចេញចូលច្រើន។ ប្រព័ន្ធនេះ នឹងកត់ត្រាទុកទីតាំងរបស់បុគ្គលដែលបានចេញចូល និងភាពងាយស្រួលក្នុងការស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ ឬប៉ះពាល់ ប្រសិនបើទីតាំងនោះ មានរកឃើញករណីវិជ្ជមានកូវីដ-១៩។
ចំពេលដែលមានការផ្ទុះរាលដាលជាសហគមន៍ជាលើកទី៣ ក្រសួងសុខាភិបាលក៏កំពុងដុតដៃដុតជើងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន Sinopharm ជូនដល់អ្នកជួរមុខពិសេសខាងកងកម្លាំងប្រដាប់អាវុធ។ តួយ៉ាង នៅថ្ងៃចន្ទ ទី២២ កុម្ភៈ ក្រសួងសុខាភិបាលនឹងបន្ដមានកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងរាជធានី-ខេត្តចំនួន១០ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ តាមតួលេខផ្លូវការពីក្រសួងសុខាភិបាល សរុបមានដល់ទៅ ៥៣៣នាក់ អ្នកជាសះស្បើយមាន៤៧៣ នាក់ និងអ្នកកំពុងព្យាបាលមាន ៦០នាក់។
ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការការពារមួយចំនួនដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើនកកកុញ, កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕