ការបើកសាលារៀនឡើងវិញនេះ ក៏កំពុងមានការលើកឡើងពីការព្រួយបារម្ភមួយចំនួនផងដែរ ដ្បិតថា នៅប៉ុន្មានថ្ងៃមកនេះ ករណីឆ្លងកូវីដ-១៩នៅកម្ពុជាហាក់មានការស្ទុះងើបឡើងជាងមុនពីជាង ៤០០នាក់ក្នុងមួយថ្ងៃ មកដល់ជាង ៦០០នាក់ក្នុងមួយថ្ងៃ។
ទន្ទឹមនឹងបើកសាលាឡើងវិញនេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក៏បានមានប្រសាសន៏ផងដែរថា មិនមែនបើកនៅទូទាំងប្រទេសកម្ពុជានោះទេ គឺបើកសម្រាប់តែបណ្ដាលាលារៀន មួយចំនួនដែល មានកម្រិតស្តង់ដា SOP ដែលអនុវត្តការបង្កាកូវីដ-១៩បានល្អប៉ុណ្ណោះ រួមទាំងមានការកំណត់ចំនួនសិស្សផងដែរ។
ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវទៅដល់ ទាំងសាលារដ្ឋ និងម្ចាស់គ្រឹះស្ថានឯកជនទាំងអស់មេត្តាចូលរួមសហការជាមួយនឹងសាលារាជធានីភ្នំពេញ នៅក្នុងការចុះទៅត្រួតពិនិត្យនៅតាមបណ្ដាសាលាទាំងនោះផងដែរ។
យ៉ាងណាមិញ លោក ឧកញ៉ា ប៉ិច បូឡែន ដែលជាអគ្គនិយកក្រុមហ៊ុន វ៉េសឡាញ ក៏បានប្រាប់ក្រុមការងារខេមបូណូមីស ផងដែរថា រហូតមកទល់ពេលនេះ លោកបានត្រៀមជាស្រេចនៅក្នុងការបើកដំណើរសាលារៀនឡើងវិញ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកញ្ញាស្អែកនេះ ហើយទាំងគ្រូ និងសិស្សធ្វើយ៉ាងណាត្រូវតែមានការ ធ្វើតេស្តរហ័ស ព្រមទាំងការចាក់វ៉ាក់សាំងផងដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មេត មាសភក្ដី បានបញ្ជាក់ប្រាប់ខេមបូណូមីសដែរថា សាលារៀនដែលគ្រោងនឹងបើកនៅថ្ងៃទី១៥ កញ្ញា នៅក្នុងរាជធានីភ្នំពេញមានចំនួនប្រមាណជាង២០០គ្រឹះស្ថាន ដែលគិតចាប់ពីកម្រិត អនុវិទ្យាល័យ រហូតដល់ថ្នាក់វិទ្យាល័យទាំងសាលារដ្ឋ និងសាលាឯកជន។ អ្នកនាំពាក្យរូបនេះ បន្ថែមថា ការបើកសាលានៅរាជធានីភ្នំពេញនេះ មិនមែនបើក១០០% នោះទេ គឺបើកសម្រាប់តែសាលាណាដែលរៀបចំខ្លួនស្របតាមស្ដង់ដារកំណត់ SOP របស់ក្រសួងអប់រំតែប៉ុណ្ណោះ ហើយសម្រាប់សាលាដែលមិនទាន់រៀបចំខ្លួនរួចរាល់ អាចបន្ដរៀបចំខ្លួនបន្ដទៀត ដើម្បីឈានទៅបើកជាបន្ដបន្ទាប់ទៀត។
គួរបញ្ចាក់ផងដែរថា តួលេខនៃការឆ្លងមេរោគកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបបានហក់ឡើងខ្ពស់ រហូតទៅដល់ជាង១០ម៉ឺននាក់ ហើយចំពោះករណីអ្នកជាសះស្បើយមានចំនួនជាង៩ម៉ឺននាក់ ខណៈករណីស្លាប់នៅទូទាំងប្រទេសវិញមានជាង ២ពាន់នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១៕