ស្រពិចស្រពិល គឺដោយសារកន្លងមក ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុមិនបានបែងចែកឲ្យបានច្បាស់លាស់ពីប្រភេទឥណទានកសិកម្មទាំងនោះ ថាតើជាប្រភេទឥណទានសម្រាប់ស្រូវអង្ករ កៅស៊ូ ឬដំណាំផ្សេងៗទៀតឲ្យពិតប្រាកដនោះទេ។
លោកបណ្ឌិត អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដា បានលើកឡើងដែរថា ខាងធនាគារជាតិក៏ដូចជារាជរដ្ឋាភិបាលគួរតែសើរើ និងពិនិត្យឡើងវិញពីប្រព័ន្ធរបាយការណ៍នៃប្រភេទឥណទានលើវិស័យកសិកម្ម ពីសំណាក់ធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានតម្លាភាពលើការផ្ដល់ឥណទានចំពោះមុខកសិផលនីមួយៗ ពោលគឺធ្វើឲ្យបានដឹងច្បាស់ថា តើវិស័យស្រូវអង្ករ មានតម្រូវការទុនចំនួនប៉ុណ្ណា? កៅស៊ូមានតម្រូវការប្រភពទុនប៉ុនណា? ពោតត្រូវការទុនប៉ុនណា? នោះទើបវិស័យធនាគារនិងហិរញ្ញវត្ថុអាចផ្ដល់នូវប្រភពទុនកម្ចីបានត្រឹមត្រូវតាមតម្រូវការជាក់ស្ដែង។
ត្បិតតែយ៉ាងនេះក្ដី លោកជំទាវ នាវ ច័ន្ទថាណា អគ្គទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានឡើងថា តម្រូវការឥណទានលើវិស័យកសិកម្មហាក់មានការរីកលូតលាស់គួរឲ្យកត់សម្គាល់ ដោយគិតមកទល់ពេលនេះ គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទានលើវិស័យកសិកម្មទាំងមូលមានជាង ២៥០០លានដុល្លារហើយ ដែលក្នុងនោះឥណទានដែលផ្ដល់ដោយធនាគារពាណិជ្ជមានប្រមាណ ១៥០០លានដុល្លារ ខណៈដែលឥណទានផ្ដល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានប្រមាណ១០០០លានដុល្លារ។
យ៉ាងណាក៏ដោយ ទំហំឥណទានកសិកម្មនេះមិនបានបញ្ជាក់ច្បាស់ពីប្រភេទឥណទានសម្រាប់យកទៅប្រើប្រាស់លើប្រភេទកសិផលណាមួយឲ្យបានជាក់លាក់នោះទេ។
លោកជំទាវបន្តថា កន្លងមកខាងធនាគារជាតិក៏បានចេញប្រកាសពីការផ្ដល់ឥណទានសម្រាប់វិស័យកសិកម្មនេះផងដែរ ដោយជំរុញឲ្យមានការផ្ដល់កម្ចីពីសំណាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយពឹងផ្អែកលើស្ថានភាពលំហូរសាច់ប្រាក់ជាក់ស្ដែងរបស់អ្នកខ្ចីប្រាក់ ជាជាងការជ្រើសយកតែទ្រព្យបញ្ចាំ ដែលជាដីធ្លី ឬផ្ទះសម្បែងតែមួយមុខ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ដែរថា ការផ្ដល់ឥណទានសម្រាប់វិស័យកសិកម្មនេះ ក៏ជារឿងមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្លាំងផងដែរ ព្រោះថា រាជរដ្ឋាភិបាលក៏ចង់ដឹងឲ្យបានច្បាស់លាស់ដែរថា តើកសិករ ឬអ្នកទទួលឥណទានកសិកម្មទាំងនោះ យកប្រាក់ដែលខ្ចីទៅប្រើប្រាស់លើប្រភេទកសិផលអ្វីខ្លះ? ឬក៏គ្រាន់តែខ្ចីយកទៅទិញដី ឬទិញសម្ភារៈលម្អប្រើប្រាស់?
ឯកឧត្តមបន្តថា នៅពេលដែលមានរបាយការណ៍ជាក់លាក់បង្ហាញពីប្រភេទឥណទានកសិកម្មនេះ នោះវាជួយតម្រង់ទិសលើការប្រើប្រាស់កម្ចីរបស់កសិករឲ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើង និងមានភាពងាយស្រួលសម្រាប់អ្នកផ្ដល់កម្ចីផងដែរ។
គួរជម្រាបដែរថា សម្រាប់ការផ្ដល់ឥណទានលើវិស័យកសិកម្មពីធនាគារពាណិជ្ជនាពេលបច្ចុប្បនេះ មានពីរអត្រាការប្រាក់ គឺចន្លោះពីជាង ៧% ទៅជាង ៨% ក្នុងមួយឆ្នាំ ខណៈដែលកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ មានក្រោម ៧% ក្នុងមួយឆ្នាំ។
ដោយឡែក បើតាមរបាយការណ៍ប្រចាំឆមាស២០១៧ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ឥណទានសម្រាប់វិស័យកសិកម្មដែលផ្ដល់ដោយគ្រឹះស្ថានធនាគារមានប្រមាណ១០% នៃវិស័យផ្សេងទៀត ពោលគឺឈរលើលំដាប់ទី៣ បន្ទាប់ពីវិស័យជួញដូររាយ មាន ១៧% និងវិស័យជួញដូរដុំមាន ១៤%។ ចំណែកឯឥណទានកសិកម្មដែលផ្ដល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានរហូតដល់ ២៩% ឈរនៅលំដាប់ទីពីរបន្ទាប់ពីឥណទានសម្រាប់ក្រុមគ្រួសារមាន ៣២%៕