តាមរយៈសារព័ត៌មានបាងកកប៉ុស្ដិ៍ចុះផ្សាយនៅប៉ុន្មានថ្ងៃមកនេះ អាជ្ញាធរថៃហាក់កំពុងឈឺក្បាលមែនទែន ជុំវិញនឹងបញ្ហាទប់ទល់នឹងការឆ្លងរីករាលដាលនៃមេរោគ និងការដាក់ចេញវិធានការបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងផង និងកុំឲ្យប៉ះពាល់ខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចដែលកំពុងត្រដាបត្រដួសផង។ ៧ចំណុចខាងក្រោមនេះ ជាការសង្ខេបពីព្រឹត្តិការណ៍សំខាន់ៗ ដែលបាននិងកំពុងកើតឡើងនៅក្នុងប្រទេសថៃ។
ចំណូលពីវិស័យទេសចរណ៍នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីអាចធ្លាក់ចុះ ៥០%
អាជ្ញាធរទេសចរណ៍ថៃ បានបញ្ជាក់ថ្មីៗនេះថា ដោយសារតែការផ្ទុះរលកឆ្លងរាលដាលនៃកូវីដ-១៩ វិស័យទេសចរថៃរំពឹងថា នឹងធ្លាក់ចុះប្រាក់ចំណូលពាក់កណ្ដាលនូវអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនេះ បន្ទាប់ពីមានខេត្តជាច្រើនបានដាក់ចេញនូវការធ្វើចត្តាឡីស័កដោយស្ម័គ្រចិត្តរយៈពេល ១៤ថ្ងៃ ខណៈដែលមានកម្មវិធីជាច្រើន ត្រូវបានលុបចោល ឬពន្យារពេល។ ភ្ញៀវទេសចរទៀតសោត ក៏ហាក់មិនសូវមានទំនុកចិត្តក្នុងការធ្វើដំណើរនៅអំឡុងពេលនេះផងដែរ។
អាជ្ញាធរទេសចរណ៍ថៃ ធ្លាប់បានប៉ាន់ប្រមាណថា នៅអំឡុងថ្ងៃបុណ្យសង្ក្រាន្ដឆ្នាំថ្មីនេះ ថៃនឹងទទួលបានការធ្វើដំណើរក្នុងស្រុកចំនួនជាង ៣លាន២សែនការធ្វើដំណើរ ដោយនឹងផ្ដល់ចំណូលសម្រាប់សេដ្ឋកិច្ចជាង ៣៨០លានដុល្លារអាមេរិក ប៉ុន្ដែដោយសារតែបញ្ហាផ្ទុះរាលដាលកូវីដ-១៩ ជាថ្មីនេះ ចំណូលរំពឹងថាធ្លាក់ចុះ ៥០%។
រាជរដ្ឋាភិបាលថៃផ្ដល់ជូនកញ្ចប់ធានារ៉ាប់រងធ្វើដំណើរ
មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលថៃ បានបញ្ជាក់ថ្មីៗនេះថា រាជរដ្ឋាភិបាលមានគោលនយោបាយពិសេស នឹងផ្ដល់ជូនដល់អ្នកដែលធ្វើដំណើរនៅអំឡុងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីនេះ នោះគឺការការផ្ដល់សេវាធានារ៉ាប់រងសម្រាប់គ្រោះថ្នាក់ពេលធ្វើដំណើរ និងការប៉ះពាល់ដោយកូវីដ-១៩ ហើយការលក់សេវាធានារ៉ាប់រងនេះ នឹងត្រូវបន្ដរហូតដល់ចុងខែក្រោយ។
សម្រាប់កញ្ចប់សេវាធានារ៉ាប់រងខ្នាតតូច នឹងផ្ដល់សំណង១០ម៉ឺនបាត ស្មើនឹងជាង៣ពាន់ដុល្លារអាមេរិកការស្លាប់បាត់បង់ជីវិត បាត់បង់អវយវៈ ឬពិការភាព ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។ រីឯអ្នកស្លាប់ ឬបាត់បង់អវយៈ ដោយសារតែអំពើឃាតកម្ម ឬការវាយប្រហារណាមួយ នឹងទទួលបានសំណងជាង ១.៥០០ ដុល្លារអាមេរិក។
ជាមួយគ្នានោះ សម្រាប់អ្នកដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬរងផលប៉ះពាល់សុខភាពដោយសារតែការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលតម្រូវឲ្យសម្រាកនៅពេទ្យនោះ ក៏នឹងមានសិទ្ធិទទួលបានសំណងចំនួន ៣០០បាត ស្មើនឹងជិត ១០ដុល្លារក្នុងមួយថ្ងៃ សម្រាប់រយៈពេល២០ថ្ងៃផងដែរ។ បើស្លាប់ដោយសារតែការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងទទួលបាន ៥ពាន់បាត ស្មើនឹង១៦០ដុល្លារអាមេរិក។ ដោយឡែក សម្រាប់អ្នកឆ្លងកូវីដ-១៩ ក៏ទទួលបានសំណងជិត១០០ដុល្លារអាមេរិកផងដែរ ប៉ុន្ដែ ក្នុងនោះ មិនមានបញ្ជាក់ពីធានារ៉ាប់រង ចំពោះអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឆ្លងកូវីដ-១៩នោះទេ។
ពលរដ្ឋហាក់មិនសូវចេញពីបាងកក ឆ្ពោះទៅស្រុកកំណើតច្រើនដូចការរំពឹងទុកទេនៅអំឡុងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីនេះ
តាមការប៉ាន់ស្មានរបស់អាជ្ញាធរថៃ មានពលរដ្ឋប្រមាណ ៥ម៉ឺននាក់ បានធ្វើដំណើរចេញពីក្រុងបាងកក តាមរយៈរថយន្ដក្រុង ដើម្បីឆ្ពោះទៅកាន់ស្រុកកំណើតរបស់ពួកគេគិតត្រឹមថ្ងៃសុក្រទី ៩ ខែមេសា ដែលចំនួននេះ គឺមានត្រឹមតែប្រហែលពាក់កណ្ដាលប៉ុណ្ណោះ នៃអ្វីដែលបានព្យាករទុកសម្រាប់ការធ្វើដំណើរអំឡុងថ្ងៃចូលឆ្នាំថ្មីនេះ ដោយសារតែពលរដ្ឋថៃហាក់មានការភ័យខ្លាចពីការឆ្លងកូវីដ១៩។
អាជ្ញាធរថៃ កាលពីថ្ងៃទី ៨ ខែមេសា បានដឹកមនុស្សពីបាងកកទៅស្រុកកំណើតជាង៤ម៉ឺននាក់ ដែលមានការដឹកជញ្ជូនជាង៣ពាន់ជើង។
ហាងផឹកស៊ី និងហាងម៉ាស្សានៅក្នុងខេត្តចំនួន៤១ ត្រូវបានបិទ
មានហាងផឹកស៊ី និងហាងម៉ាស្សានៅក្នុងខេត្តចំនួន៤១ នៅក្នុងប្រទេសថៃ ត្រូវបានបញ្ជាឲ្យបិទទ្វាររយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃសៅរ៍ទី ១០ ខែមេសាតទៅ ដោយសារតែចលនានៃការឆ្លងរីករាលដាលនៃមេរោគកំពុងកើនឡើងខ្លាំងនៅទូទាំងប្រទេស។ ខេត្ដក្រុងដែលបានបិទហាងទាំងអស់នោះ រួមមានទាំង ក្រុង បាងកក, ខេត្តឈុនបូរី, ឈៀងមៃ, ឈាងរ៉ៃ, ភូកេត, កាន់ចាន់ណាបូរី, សូរ៉ាត់តានី, ឡាមប៉ាង, តាក់ និងភីតចាប៊ុន។ល។
មន្ទីរពេទ្យឯកជននៅក្នុងប្រទេសថៃកំពុងខ្វះគ្រែសម្រាប់អ្នកជំងឺ
មន្ទីរពេទ្យឯកជន បានបន្ទោសទៅលើបទបញ្ជារបស់រាជរដ្ឋាភិបាលថា ការដែលបញ្ជាឲ្យពួកគេទទួលយកអ្នកជំងឺកូវីដ-១៩ ភ្លាមៗឲ្យចូលសម្រាកព្យាបាល បានធ្វើឲ្យមន្ទីរពេទ្យខ្វះខាតគ្រែសម្រាប់អ្នកជំងឺផ្សេងទៀត។ មន្ទីរពេទ្យឯកជន នៅក្នុងក្រុងបាងកក បានពន្យារការធ្វើតេស្ដរកកូវីដ-១៩ ដោយសារតែតម្រូវការគ្រែមានខ្ពស់ ហើយកង្វះឧបករណ៍សម្រាប់ការធ្វើតេស្ដនៅចំពេលដែលការឆ្លងរាលដាលកំពុងកើនឡើងខ្លាំង។
លោកប្រយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ បាននិយាយកាលពីថ្ងៃទី ៩ ខែមេសាថា មន្ទីរពេទ្យឯកជនមានដំណោះស្រាយគ្រប់គ្រាន់សម្រាប់ធ្វើតេស្ដរកកូវីដ-១៩ ប៉ុន្ដែ បញ្ហារបស់ពួកគេគឺនៅត្រង់ថា មានគ្រែសម្រាប់អ្នកជំងឺតិចតួចពេក។ បើតាមបញ្ជារបស់លោកប្រាយុទ្ធ បើមន្ទីរពេទ្យណា តេស្ដអ្នកជំងឺហើយរកឃើញថា មានវិជ្ជមានកូវីដ-១៩ មន្ទីរពេទ្យនោះ មានអាទិភាពក្នុងការទទួលយកអ្នកជំងឺមកព្យាបាល។
សូមបញ្ជាក់ថា មន្ទីរពេទ្យរដ្ឋ
និងឯកជននៅក្នុងប្រទេសថៃបច្ចុប្បន្ននេះ កំពុងធ្វើតេស្ដរកកូវីដ១៩ ក្នុងមួយថ្ងៃ
២ម៉ឺននាក់។
យោធាថៃនឹងបង្កើតមន្ទីរពេទ្យបណ្ដោះអាសន្នចំនួន ១០បន្ថែម សម្រាប់ព្យាបាលអ្នកកូវីដ-១៩
មន្ទីរពេទ្យដែលសាងសង់ឡើងបណ្ដោះអាសន្នចំនួន ១០ ដែលមានគ្រែអ្នកជំងឺដល់ទៅ៣ពាន់គ្រែ នឹងត្រូវយោធាថៃសាងសង់ឡើង ដើម្បីទទួលអ្នកជំងឺកូវីដ-១៩ ឲ្យចូលសម្រាកព្យាបាលនៅចំពេលដែលការឆ្លងក្នុងសហគមន៍កំពុងរាតត្បាតខ្លាំង។ យោធាថៃ នឹងប្រើប្រាស់តំបន់យោធាចំនួន ១០កន្លែង ស្ថិតនៅក្នុងទីក្រុងបាងកក និងនៅជាប់ខេត្តនានា ដើម្បីសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្ននេះ។
មន្ទីរពេទ្យឯកជនថៃអាចទិញវ៉ាក់សាំងកូវីដ-១៩ទៅតាមជម្រើសរបស់ពួកគេ
មន្ទីរពេទ្យឯកជនក្នុងប្រទេសថៃ អាចទិញវ៉ាក់សាំងកូវីដ-១៩ ចំនួន១០លានដូស ដែលអាចចាក់ជូនពលរដ្ឋបាន៥លាននាក់ បន្ថែមលើវ៉ាក់សាំងដែលរដ្ឋាភិបាលបានបញ្ជាទិញរួច។
រដ្ឋាភិបាលថៃបាននិងកំពុងទិញវ៉ាក់សាំងកូវីដ-១៩ចំនួន ៧០លានដូស សម្រាប់ចាក់ជូនពលរដ្ឋ៣៥លាននាក់ ហើយយ៉ាងហោចណាស់ថៃត្រូវការចាក់ជូនពលរដ្ឋឲ្យបានយ៉ាងតិច៤០លាននាក់។ អ្នកជំនាញបានលើកឡើងថា មន្ទីរពេទ្យឯកជនថៃ គួរតែរកទិញវ៉ាក់សាំងណាក្រៅពីក្រុមហ៊ុន ដែលរដ្ឋាភិបាលបានចុះបញ្ជីបញ្ជាទិញរួច ដើម្បីជាការធ្វើពិធិធកម្ម និងការបែងចាយហានិភ័យ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ទី ១០ ខែមេសា ប្រទេសថៃ មានអ្នកស្លាប់ថ្មីដោយសារកូវីដ-១៩ ចំនួនម្នាក់បន្ថែមទៀតហើយ និងចំនួនអ្នកឆ្លងថ្មីត្រូវបានរកដល់ទៅ ៧៨៩នាក់ ក្នុងនោះករណីឆ្លងក្នុងស្រុកមាន ៧៨១នាក់។ សរុបចំនួនអ្នកឆ្លងនៅក្នុងប្រទេសថៃ មានដល់ទៅជាង៣ម៉ឺននាក់ហើយ ខណៈដែលអ្នកស្លាប់មាន ៩៧នាក់៕