កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកឧកញ៉ា សមាជិកនៃក្រុមប្រឹក្សាបរធនបាល តំណាងឱ្យស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីពិនិត្យវឌ្ឍនភាពនៃប្រតិបត្តិការរបស់លេខាធិការដ្ឋាន ម.អ.ស. និងសហគ្រិនខ្មែរក្នុងឆ្នាំ ២០២០ និងកំណត់ទិសដៅសម្រាប់ឆ្នាំ២០២១ ។
ក្រុមប្រឹក្សាបរធនបាល បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារក្នុងរយៈពេលកន្លងមក ទោះបីជាស្ថិតនៅក្នុង ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលក្នុងនោះសមិទ្ធផលសំខាន់ៗដែលសម្រេចបាន មានដូចជា៖ វឌ្ឍនភាពនៃកម្មវិធីស្នូលទាំង ០៤, ការរៀបចំកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរចំនួន ០២ លើក ដែលបានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ធុរកិច្ចចំនួន ២៧ ក្នុងបរិការណ៍ជំងឺកូវីដ-១៩, ការរៀបចំកម្មវិធី “អង្គរ៥០០” ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន 500 Startups ដើម្បីគាំទ្រសហគ្រិនក្នុងការបង្កើតអាជីវកម្មថ្មី ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងពង្រីកអាជីវកម្មទៅក្នុងថ្នាក់តំបន់ និងសកលលោក, និងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីបង្កើតបណ្តាញ និងបង្កើនប្រសិទ្ធភាពការងារ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីនៅកម្ពុជាឱ្យកាន់តែរស់រវើក, ជំរុញការ បង្កើតការងារ និងជួយទ្រទ្រង់សហគ្រាស ជាពិសេសក្នុងបរិការណ៍ជំងឺកូវីដ-១៩ ផ្ទាល់។
ទន្ទឹមនេះ ក្រុមប្រឹក្សាបរធនបាល ក៏បានដាក់ចេញនូវទិសដៅសម្រាប់ឆ្នាំ ២០២១ ដែលផ្តោតសំខាន់លើ៖ (១) ការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សម្រាប់ឆ្នាំ ២០២១ និងរយៈពេលមធ្យមខាងមុខ, (២) ពង្រីកកម្មវិធីគាំទ្រសហគ្រិនភាព និងសហគ្រាសធុនតូច និង មធ្យមបន្ថែមទៀត ដើម្បីបន្តលើកកម្ពស់ដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា, (៣) ជំរុញការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងប្រតិបត្តិការរបស់សហគ្រាសធុនតូច និង មធ្យមកម្ពុជា និង (៤) ពង្រីកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានា ដើម្បីលើកម្ពស់វប្បធម៌សហគ្រិនភាពនៅកម្ពុជា និងកិត្តិនាមរបស់សហគ្រិនខ្មែរឱ្យបានទូលំទូលាយ ។
ជាចុងក្រោយ, ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក៍បានថ្លែងអំណរគុណឯកឧត្តម លោកឧកញ៉ា សមាជិកក្រុមប្រឹក្សាបរធនបាល ព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារ ដែលបានខិតខំបំពេញការងារ ទទួលបាន វឌ្ឍនភាពល្អប្រសើរ និងមានឆន្ទៈមុតមាំក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ឱ្យកាន់តែរស់រវើកឡើង និងរីកចម្រើនទៅមុខប្រកបដោយចីរភាព ៕