បើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress កាលពីថ្ងៃព្រហស្បតិ៍ មហាសេដ្ឋីចិនលោក រីឆាដ លីវ (Richard Liu) ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្ស JD.com បានសន្យាថា នឹងផ្តល់ប្រាក់ចំនួន១,៤០០ដុល្លារដល់ពលរដ្ឋម្នាក់ៗ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅនៅក្នុងភូមិកំណើតរបស់លោក ដើម្បីតបស្នងសងគុណដល់ពួកគេ ដែលបានបរិច្ចាគមូលនិធិដល់ការចាប់ផ្តើមអាជីពរបស់លោកកាលពីប៉ុន្មានទសវត្សរ៍មុន។
កាសែត South China Morning Post របស់ចិនបានរាយការណ៍ថា ជារៀងរាល់ឆ្នាំ លោក លីវ អាយុ៥០ឆ្នាំតែងចែកអំណោយនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅស្រុកកំណើតរបស់លោកនៅភូមិលីវហ្គ័ងមីង នៅក្នុងខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន ដោយកាលពីឆ្នាំមុនមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ៦,៦ពាន់លានដុល្លាររូបនេះបានទៅលេងភូមិនេះ និងបានចែកអាវ និងអាហារដល់អ្នកស្រុក។
ប្រពៃណីនៃការចែកអំណោយរបស់មហាសេដ្ឋីនេះបានឆ្លុះបញ្ចាំងពីការដឹងគុណរបស់លោកចំពោះអ្នកភូមិ ដែលបានរួមគ្នាបរិច្ចាគប្រាក់៥០០យ័ន និងស៊ុត៧៦គ្រាប់ ដើម្បីជួយផ្តល់មូលនិធិដល់ការសិក្សានៅសាកលវិទ្យាល័យរបស់លោកកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយថា ជំនួយរបស់មិត្តភក្តិប្រុសៗរបស់លោកនេះ គឺជាចំណុចចាប់ផ្តើមសម្រាប់លោកក្នុងការឈានជើងទៅកាន់ពិភពលោកសព្វថ្ងៃនេះ៕
អត្ថបទ៖ សុខ មង្គល