សៀវភៅរបស់លោកអូបាម៉ា ត្រូវបានបោះពុម្ពលក់ដោយក្រុមហ៊ុន Penguin Random House ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ហើយការលក់សៀវភៅនេះ គឺមានគ្រប់ទម្រង់ និងការបោះពុម្ពសម្រាប់នៅសហរដ្ឋអាមេរិក និងកាណាដា ក៏ដូចជាមានការកក់ទុកមុនពេលសៀវភៅចេញលក់ផងដែរ។
សៀវភៅដែលមានចំណងជើងថា A Promised Land គឺជាសៀវភៅដំបូង ដែលនិយាយពីរឿងរាវផ្ទាល់របស់លោកអូបាម៉ាអំពីជីវិតការងារ និងការធ្វើជាប្រធានាធិបតីអាមេរិកជាច្រើនឆ្នាំ ហើយសៀវភៅនេះ គឺំមានការលក់ដាច់ច្រើនជាងគេបំផុតនៅថ្ងៃដំបូង ពោលគឺលក់ដាច់ច្រើនជាងសៀវភៅដែលសរសេរដោយភរិយារបស់លោក គឺលោកស្រី Michelle Obama ទៅទៀត ដោយកាលនោះ សៀវភៅរបស់ភរិយាអតីតប្រធានាធិបតីអាមេរិករូបនេះ លក់ដាច់ជាង ៧២៥.០០០ក្បាល នៅថ្ងៃលក់ដំបូង កាលពីឆ្នាំ២០១៨ ហើយមកទល់ពេលនេះ លក់បានដល់ទៅ ១៤លានក្បាលនៅទូទាំងពិភពលោក។
ក្រុមហ៊ុនមេរបស់ Penuin Random House គឺក្រុមហ៊ុនសារព័ត៌មានអាល្លឺម៉ង់ Bertelsmann SE បានចំណាយប្រាក់ប្រមាណ ៦០លានដុល្លារ សម្រាប់ទទួលបានសិទ្ធិបោះពុម្ពលក់ជាសកល នូវសៀវភៅ ដែលសរសេរដោយប្ដីប្រពន្ធអតីតប្រធានាធិបតី និងជំទាវទី១ របស់អាមេរិកមួយគូនេះ។ ជាមួយគ្នានេះ សៀវភៅរបស់លោកអូបាម៉ា ក៏បានជាប់លំដាប់ថ្នាក់ទី១ ក្នុងបញ្ជីសៀវភៅដែលលក់ដាច់ខ្លាំងបំផុត នៅលើគេហទំព័រ Amazon និង BarnesandNobel.comផងដែរ។ តម្រូវការពីអ្នកលក់រាយសៀវភៅនេះ បានកើនឡើងយ៉ាងខ្លាំង ដែលធ្វើឲ្យក្រុមហ៊ុន Penguin Random House បានបង្កើនការបោះពុម្ពដល់ទៅ ៣លាន៤សែនក្បាល ពោលគឺកើនឡើងពីចំនួនផែនការដើម ៣លានក្បាល៕