លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បាន គូសបញ្ជាក់ថា ការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ មុនដាក់ពាក្យស្នើសុំទទួលបានឥណទាន គឺជារឿងសំខាន់ណាស់ ដែលវាជាការកំណត់ដោយច្បាប់ផង ហើយវាក៏ជាការជួយការពារដល់អតិថិជន និងវិស័យហិរញ្ញវត្ថុទាំងមូលពីហានិភ័យនានាផងដែរ។ ក្នុងនោះ របាយការណ៍ឥណទានរបស់អតិថិជន ដែលចេញពី CBC គឺកញ្ចប់ឆ្លុះមួយសំខាន់ ដែលបង្ហាញពីលក្ខណៈសម្បត្តិរបស់អ្នកស្នើសុំឥណទាន សម្រាប់បង្ហាញទៅកាន់ស្ថាប័នផ្ដល់កម្ចី។
បើតាមការបញ្ជាក់ពីលោក បណ្ឌិត អ៊ិន ចាន់នី ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យឥណទានកម្ពុជា CBC នេះ ជាជំហានដំបូង នឹងផ្ដល់សេវាកម្មត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់ប្រជាជន តាមរយៈការស្នើសុំឆែក របាយការណ៍ឥណទានផ្ទាល់ខ្លួននៅតាមសាខានៃធនាគារអេស៊ីលីដាចំនួន ៥ គឺនៅទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ សាខាខេត្តកណ្ដាល សៀមរាប កំពង់ស្ពឺ និងខេត្តតាកែវ។
ជាមួយគ្នានេះ លោក អឿ សុធារ័ត្ន ប្រធានយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា បានលើកឡើងដែរថា គិតចាប់តាំងពីបង្កើតការិយាល័យឥណទានកម្ពុជាមកទល់ពេលនេះ មានសមាជិកដែលជាស្ថាប័នធនាគារ និងហិរញ្ញវត្ថុសរុបប្រមាណ ១៥៨ ស្ថាប័នហើយ ខណៈដែលចំនួនអតិថិជនមានរហូតដល់ ៥លាននាក់ និងរបាយការណ៍ឥណទានមានរហូតដល់ ១៧ លាន របាយការណ៍។
លោក សុធារ័ត្ន បន្ថែមទៀតថា ដោយមើលឃើញពី សារសំខាន់នៃរបាយការណ៍ឥណទាននេះសម្រាប់ប្រជាជនកម្ពុជា និងដើម្បីផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានា ទើបការិយាល័យឥណទានកម្ពុជា បានបង្កើតសេវាកម្មនេះឡើង ដោយធ្វើកិច្ចសហប្រតិបត្តិការ អាជីវកម្មជាមួយធនាគារអេស៊ីលីដា ក្នុងការផ្ដល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះ នៅតាមសាខាធនាគារអេស៊ីលីដាចំនួន៥ ហើយនៅបំណាច់ឆ្នាំ ២០១៩នេះ នឹងពង្រីកដល់សាខាធនាគារអេស៊ីលីដា នៅទូទាំងប្រទេស៕