ខណៈដែលភ្ញៀវទេសចរកាន់តែច្រើនឡើងបាននាំគ្នាទៅលេងតំបន់ទេសចរណ៍ធម្មជាតិស្អាតៗប្លែកៗ នៅក្នុងស្រុកវាលវែង ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេនិងឈានមុខគេ នៅកម្ពុជា បានមើលឃើញពីតម្រូវការរបស់អ្នកទេសចរ ក៏ដូចជាប្រជាជនដែលរស់នៅក្នុងទីប្រជុំជននៃស្រុកវាលវែង ក្នុងការប្រើប្រាស់សេវាកម្មធនាគារ ។
ធនាគារ អេស៊ីលីដា បានឲ្យដឹងថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រជាជននៅក្នុងស្រុកវាលវែង ក៏ដូចជាអ្នកទេសចរ នឹងមានសេវាកម្មធនាគារដ៏ទំនើបបំផុត ពីធនាគារ អេស៊ីលីដា ដោយសាខាខេត្តពោធិ៍សាត់ នៃធនាគារ អេស៊ីលីដា នឹងបើកទីតាំងថ្មីមួយទៀត នៅលើផ្លូវជាតិលេខ ៥៥ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ដែលទីតាំងថ្មីនេះបំពាក់ដោយសេវាកម្មធនាគារទំនើបបំផុត ដូចជា សេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) ម៉ាស៊ីន ATM សម្រាប់ការដកប្រាក់ ដាក់ប្រាក់ ២៤ម៉ោងលើ២៤ម៉ោង ជាដើម ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ៖ «ការបង្កើតឱ្យមានទីកន្លែងប្រើសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) គឺដើម្បីសម្រួលនិងបំពេញតម្រូវការអតិថិជនដែលលោកតែងតែឆ្លងកាត់ទៅលេងស្រុកវាលវែង ជាស្រុកមួយសម្បូរធនធានធម្មជាតិ មានទេសភាពល្អត្រកាលនារដូវរំហើយ ហើយក៏ជាស្រុកដែលមានសក្តានុពលសេដ្ឋកិច្ចផងដែរនោះ ងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មធនាគារដែលលោកមានតម្រូវការភ្លាមៗដោយមិនចាំបាច់ធ្វើដំណើរមកក្រុងទើបប្រើបាននោះទេ ។ ការដាក់បម្រើសេវាកម្មធនាគារស្វ័យប្រវត្តិនេះ គឺអតិថិជនអាចធ្វើដោយខ្លួនឯងបាន២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការ ដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ជាដើម ។»
បើតាមធនាគារ អេស៊ីលីដា ឆ្នាំ២០២១នេះ ជាឆ្នាំដែលធនាគារដ៏ចំណាស់និងដ៏ធំជាងគេមួយនេះ នឹងពង្រីកការអភិវឌ្ឍបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន តួយ៉ាង ការអភិវឌ្ឍឲ្យកាន់តែទំនើបនូវ អេស៊ីលីដាម៉ូបាលអេប របស់ខ្លួន និងការបង្កើតនូវបញ្ជរបម្រើសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) ជាច្រើនកន្លែងថែមទៀត នៅទូទាំងប្រទេស ដើម្បីផ្ដល់សេវាកម្មធនាគារកាន់តែទំនើប កាន់តែងាយស្រួលបន្ថែមទៀត ដល់អតិថិជនរបស់ខ្លួន ៕