ថ្លែង ក្នុងពិធី ជួបជុំបុគ្គលិកធនាគារអេស៊ីលីដា ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាលពីពេលថ្មីៗនេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានលើកឡើងថា នៅឆ្នាំ ២០១៨ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនខ្ពស់ខ្លាំង ៧,៥ % ហើយឆ្នាំនេះ រំពឹងថា នឹងនៅតែមានកំណើនជាង៧% ដដែល។
ក្នុងនោះ វិស័យធនាគារ ក៏មានសន្ទុះលូតលាស់ខ្លាំងដែរ ជាក់ស្ដែង នៅ៣ ខែដើមឆ្នាំនេះ ធនាគារអេស៊ីលីដា មានកំណើនប្រាក់ចំណូល និងទ្រព្យសកម្មខ្ពស់ជាងបីខែដើមឆ្នាំ២០១៨ ខ្លាំងគួរឲ្យចាប់អារម្មណ៍។ តាមការឆ្លុះបញ្ចាំងពីកំណើននៅដើមឆ្នាំនេះ ធនាគារអេស៊ីលីដា រំពឹងថា ប្រាក់ចំណេញរបស់ខ្លួន ពេញ១ឆ្នាំ២០១៩នេះ នឹងកើនឡើងដល់ ១០០ លានដុល្លារអាមេរិក ខណៈឆ្នាំ២០១៨ មានត្រឹម៨៤លានដុល្លារអាមេរិក។
តាមការបញ្ជាក់ ពីលោក បណ្ឌិត អ៊ិន ចាន់នី ចំណូលធំៗ ដែលអេស៊ីលីដាទទួលបានសម្រាប់គាំទ្រដល់កំណើននៅរយៈពេល១ត្រីមាសឆ្នាំ២០១៩ គឺបានមកពីសេវាទូទៅ ពិសេស គឺសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណ ១លាននាក់ និងចំណូលស្នូលដ៏សំខាន់មួយទៀតនោះ គឺបានមកពីសេវាឥណទាន។
គួរបញ្ជាក់ថា តាមរបាយការណ៍ពី ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០១៨ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងជាង ១៩% ស្មើនឹងទឹកប្រាក់សរុប៤០ ពាន់លានដុល្លារអាមេរិក ដែលគាំទ្រដោយកំណើនមូលនិធិកម្ចី ដើមទុនរបស់គ្រឹះស្ថាន និងប្រាក់បញ្ញើអតិថិជន។
ក្នុងនោះ ប្រាក់បញ្ញើអតិថិជនបានកើនឡើងជាង ១៥% ដែលកើនឡើងទឹកប្រាក់សរុបដល់ប្រមាណ ជាង២២ពាន់ លានដុល្លារអាមេរិក និងឥណទានបានកើនឡើងជិត១៩% ដែលមានទឹកប្រាក់សរុបដល់២៤,៥ ពាន់លានដុល្លារ។ រីឯអ្នកផ្ញើប្រាក់នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ មាន រហូតដល់ ៦លាន២សែនគណនីខណៈដែលអ្នកខ្ចីប្រាក់ មាន២លាន ៦សែន គណនី៕