លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា បានបញ្ជាក់ឲ្យដឹងដែរថា ធនាគារ អេស៊ីលីដា រំពឹងការចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា នៅត្រីមាសទី១ ដើមឆ្នាំ២០២០ខាងមុខ។ លោកស្រី បន្ថែមទៀតថា ធនាគារ អេស៊ីលីដាបានត្រៀមខ្លួន ដើម្បីបោះផ្សាយលក់មូលបត្រ តាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ ហើយនៅចុងខែវិច្ឆិកានេះ ទើបទទួលបានការអនុញ្ញាតជាផ្លូវការពីធនាគារជាតិនៃកម្ពុជា។
លោកស្រី អមរា បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នធនាគារអេស៊ីលីដា បាននិងកំពុងធ្វើការងារបន្តទៀត ដើម្បីទទួលបានការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា ក៏ដូចជាផ្សារមូលបត្រកម្ពុជា ដើម្បីឈានទៅធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការសម្រាប់សាធារណជន។ លោកស្រី អមរា បានបន្ថែមទៀតថា ធនាគារអេស៊ីលីដា ក៏មានការថ្លែងអំណរគុណ ដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសខាងធនាគារជាតិ ដែលបានផ្ដល់នូវទំនុកចិត្ត និងគាំទ្រលើកទឹកចិត្តដល់ធនាគារអេស៊ីលីដា ដើម្បីអាចមានលទ្ធភាពធ្វើការងារបន្ត ជំរុញដល់គម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនេះ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា ការបោះ ផ្សាយមូលបត្រកម្មសិទ្ធិជាលើកដំបូងរបស់ធនាគារអេស៊ីលីដា គឺ ដើម្បី បង្កើនប្រភពទុនដ៏សម្បូរបែប និងគាំទ្រការរីកចម្រើននាពេលអនាគត តាមរយៈទីផ្សារមូលធនកម្ពុជា។
ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា ការសម្រេចចិត្តនឹងចូលក្នុងផ្សារមូលបត្រកម្ពុជា របស់ធនាគារ អេស៊ីលីដានាពេលនេះ គឺនឹងជំរុញឲ្យផ្សារមូលបត្រកម្ពុជាកាន់តែមានការទទួលស្គាល់និងភាពជឿជាក់ ដែលវានឹងជំរុញឲ្យមានការជួញដូរកាន់តែខ្លាំងឡើង។ ឯកឧត្តម ហុង សុហួរ បានបន្ថែមទៀតថា កន្លងមកនេះ ធនាគារអេស៊ី បាននិងកំពុងធ្វើការងារបានច្រើនហើយជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជា ក៏ដូចជាផ្សារមូលបត្រកម្ពុជា ហើយនៅមានចំណុចនៅសេសសល់មួយចំនួនទៀត ត្រូវការធ្វើជាមួយគ្នា ដើម្បីឈានទៅសម្រេចការចុះបញ្ជីបោះផ្សាយលក់មូលបត្រជាផ្លូវការ ដែលអាចនឹងរួចរាល់នៅដើមឆ្នាំក្រោយនេះ។
យ៉ាងណាក៏ដោយចុះ ការចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដា នឹងមានទំហំទឹកប្រាក់ ប៉ុន្មាន និងតម្លៃប៉ុន្មាននោះ គឺមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ដោយមន្ត្រីជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា គ្រាន់តែបញ្ជាក់ថា នៅរង់ចាំការត្រួតពិនិត្យ និងអនុម័តពីគណៈកម្មការមូលបត្រកម្ពុជានៅឡើយ។
ក្រុមហ៊ុន Yuanta Securities (Cambodia) Plc. ត្រូវបានធនាគារអេស៊ីលីដា ជ្រើសរើស ជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់របស់របស់ខ្លួន ក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន Yuanta Securities (Cambodia) Plc. បានមាន ប្រសាសន៍ថា «ទំហំនៃប្រតិបត្តិការជួញដូរ និង ការកើនឡើងនៃចំនួនវិនិយោគិន តាមរយៈដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើឲ្យមានការផ្លាស់ប្តូរថាមភាពរបស់ផ្សារហ៊ុន និងនាំទីផ្សារ មូលធន ឆ្ពោះទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី និងរីកចម្រើនជាងមុន»។ លោក Han Kyung Tae បានមានប្រសាសន៍បន្ថែមថា«“មូលធនូបនីយកម្មទីផ្សារសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អាច នឹងកើនបីដងជាមួយនឹងការចុះបញ្ជីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ»។
គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេបំផុតនៅកម្ពុជា ដែលមានសំពៀតឥណទានសរុប មានជាង ៣ពាន់៦រយ លានដុល្លារអាមេរិក និងមូលធនសរុប ជិត៩០០លានដុល្លារអាមេរិក ទ្រព្យសកម្មសរុបប្រមាណ ៦ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុប ៤ពាន់ ២០០លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា បើតាមឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងដែរថា នៅឆ្នាំ ២០២០ ខាងមុខនេះ មានក្រុមហ៊ុនប្រមាណ ៥ ទៅ៦ ក្រុមហ៊ុនបាននិងកំពុងត្រៀមខ្លួនដើម្បីចុះបញ្ចីនៅក្នុងផ្សារមូលបត្រកម្ពុជា ដែលក្នុងនោះ ក៏មានធនាគារផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនផ្សារភាគហ៊ុនកម្ពុជា ក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំង ៨ បានប្រមូលទុនពី ផ្សារមូលបត្រសរុបជាង ១៦០លានដុល្លារអាមេរិក៕