វេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩ ឆ្នាំ២០២២ បាន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ គឺមានគោលបំណងពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ទូទាំងសកលលោក។
តាមការគូសបញ្ជាក់ របស់ធនាគារអេស៊ីលីដា បុព្វហេតុចម្បង នៃការចូលរួមឧបត្ថម្ភរបស់ធនាគារ សម្រាប់វេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោកនេះ គឺ ១) ដើម្បីលើកកម្ពស់ដៃគូធុរកិច្ច សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមបេសកកម្មស្នូលរបស់ធនាគារ អេស៊ីលីដា និង ២) របៀបវារៈ នៃវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩នេះ ស្តីពី “តំណភ្ជាប់ទៅនឹងឌីជីថលនីយកម្ម សម្រាប់ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ប្របកដោយ បរិយាប័ន្ន និងនិរន្តរភាព” ស្របតាមដំណើរការ នៃការកម្លាយខ្លួនទៅជាធនាគារឌីជីថលរបស់ធនាគារ អេស៊ីលីដា។
សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា ក៏ជាធនាគារមួយ ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ន IFC ពាក់ព័ន្ធនឹងចូលរួមក្នុងការផ្ដល់កម្ចីគាំទ្រដ៏មានប្រសិទ្ធភាព និងប្រសិទ្ធផល សម្រាប់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អស់រយៈពេលប្រហែល៣ទសវត្សរ៍កន្លងមកនេះ។
ដោយមើលឃើញពីការចូលរួមដ៏សកម្ម និងភាពជោគជ័យរបស់ធនាគារអេស៊ីលីដា ក្នុងការរួមចំណែកផ្ដល់មូលនិធិកម្ចីគាំទ្រដល់ការរីកចម្រើននៃវិស័យ SME ស្ថាប័ន IFC ក៏បានផ្ដល់នូវពានរង្វាន់ចំនួន២ សម្រាប់ធនាគារអេស៊ីលីដា ដោយទី១ គឺពានរង្វាន់ “ដៃគូធនាគារល្អបំផុត សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក” និងពានរង្វាន់ទី២ គឺ “ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជា ស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ»។