តាមរបាយការណ៍ដដែលនេះ បង្ហាញទៀតថា នៅរយៈពេល៦ខែឆ្នាំ២០២១នេះ ធនាគារអេស៊ីលីដា ទទួលបានប្រាក់ចំណេញ ប្រមាណ ៨១លានដុល្លារអាមេរិក ហើយកើនឡើងប្រមាណ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រី ម៉ា អមរា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់ខេមបូណូមីសថា ធនាគារ អេស៊ីលីដា នៅតែមានប្រតិបត្តិការល្អរឹងមាំជាមួយនឹងកំណើនប្រាក់ចំណេញខ្ពស់ដោយសារតែ ធនាគារអេស៊ីលីដា ទទួលបានជោគជ័យនៅលើទីផ្សារដែលនាំមកនូវផលចំណេញអាស្រ័យដោយកត្តាពីរសំខាន់ៗ គឺ៖ ទី១ កំណើនសំពៀតឥណទាន ដោយសារតម្រូវការខ្ពស់នៅលើទីផ្សារលើផលិតផលឥណទានរបស់ធនាគារ ជាពិសេសវិស័យ សហគ្រាសខ្នាតតូច និងមធ្យម។
និងកត្តាទី២ គឺកំណើនប្រាក់បញ្ញើ-ប្រាក់សន្សំ របស់ធនាគារធនាគារ រួមជាមួយផលិតផល និងសេវាកម្មផ្សេងទៀត។
លោកស្រី ម៉ា អមរា បន្ថែមថា កត្តាទាំងពីរនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរនៃប្រព័ន្ធឌីជីថលរបស់ធនាគារ ដែលផ្តល់ជូនអតិថិជននូវផលិតផល និង សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និង ទាន់សម័យ។
ផ្អែកតាម ស្ថានភាពប្រតិបត្តិការរឹងមាំនៅពាក់កណ្ដាលឆ្នាំ២០២១នេះ ធនាគារអេស៊ីលីដា រំពឹងថា ប្រាក់ចំណេញសុទ្ធរបស់ធនាគារនៅពេញ ១ឆ្នាំ២០២១នេះ នឹងមានមិនក្រោម ១៦០លានដុល្លារអាមេរិកនោះទេ។សូមជម្រាបផងដៃរថា បើគិតរយៈពេល៦ខែដំបូងក្នុងឆ្នាំ ២០២១នេះ ធនាគារអេស៊ីលីដាទទួលបានប្រាក់ចំណេញប្រមាណ ៨១លានដុល្លារអាមេរិក កើនឡើងជាង ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអេស៊ីលីដារូបនេះ បានលើកឡើងទៀតថា ក្នុងអំឡុងពេលនៃការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ធនាគារនៅតែបន្តអនុវត្តនូវវិធានការបង្ការការឆ្លងនេះដដែល ដើម្បីធានាសុខភាព និង សុខុមាលភាពជូនដល់កម្មករនិយោជិតរបស់ខ្លួន និងបានអនុវត្តការងារពីចម្ងាយ ដោយកម្មករនិយោជិតយ៉ាងហោច ៥០% នៃកម្មករនិយោជិតទាំងអស់នៅក្នុងនាយកដ្ឋាន និង ការិយាល័យ តាមរយៈការផ្លាស់ប្តូរវេនគ្នាក្នុងមួយសប្តាហ៍ម្តង ដើម្បីរក្សាប្រតិបត្តិការរបស់ធនាគារឲ្យដំណើរការដោយរលូន និងប្រកបដោយសុវត្ថិភាព។
លើសពីនេះទៀត ធនាគារអេស៊ីលីដានឹងបន្តរៀបចំការិយាល័យឡើងវិញ ដើម្បីប្រែក្លាយទៅជាធនាគារឌីជីថល ដែលមានលក្ខណៈកាន់តែសម្បូរបែបនៅក្នុងតំបន់។ ពិសេសជាងនេះ ទៀត ដើម្បីជួយសម្រួលបន្ទុក និង ការលំបាករបស់អ្នកប្រើប្រាស់ក្នុងអំឡុងពេលកូវីដ១៩ ធនាគារ អេស៊ីលីដា បានបង្កើនការប្រាក់បញ្ញើ-សន្សំជូនដល់អ្នកដាក់ប្រាក់បញ្ញើ ជាពិសេសតាមរយៈអេស៊ីលីដាម៉ូបាល បញ្ចុះការប្រាក់សម្រាប់ឥណទានជូនដល់អតិថិជន និងនៅតែអនុវត្តការរៀបចំឥណទានឡើងវិញជូនដល់អតិថិជនទៅតាមស្ថានភាពជាក់ស្ដែង៕