
វគ្គហ្វឹកហ្វឺនរយៈពេលពីរថ្ងៃនេះ មានការចូលរួមពីសិក្ខាកាម ដែលជាមន្ត្រីជំនាញរបស់ធនាគារ អេស៊ីលីដា និងតំណាងសហគ្រាសធុនតូច និងមធ្យមជាច្រើនរូបទៀត ដោយមានការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ពីសំណាក់អ្នកជំនាញផ្នែកសេវាហិរញ្ញវត្ថុអន្តរជាតិមកពីប្រទេសសិង្ហបុរីផងដែរ។
ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) គឺជាគំនិតផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា ជាមួយនឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក្នុងគោលបំណងចែករំលែកនូវព័ត៌មានហិរញ្ញវត្ថុ និងការជ្រើសរើសសហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមនៅក្នុងប្រព័ន្ធមជ្ឈមណ្ឌលហិរញ្ញវត្ថុ Proxtera Trade Portal សម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងដែន (ទិញ-លក់ផលិតផល ឬទំនិញ) តាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួល និងប្រកបដោយទំនុកចិត្តខ្ពស់ រវាងប្រទេសកម្ពុជា និងសិង្ហបុរី រួមជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត។
បច្ចុប្បន្ន ប្រទេសដែលបានចូលរួមនៅក្នុងប្រព័ន្ធមជ្ឈមណ្ឌលហិរញ្ញវត្ថុ Proxtera Trade Portal រួមមាន ប្រទេសកម្ពុជា, សិង្ហបុរី, ហ្វីលីពីន, អូស្ត្រាលី និងរវ៉ាន់ដា ជាដើម។

ជាមួយគម្រោង FTC សហគ្រិន ឬអ្នកតំណាងក្រុមហ៊ុននៅកម្ពុជា អាចដាក់លក់ និងនាំចេញផលិតផលទំនិញ ឬវត្ថុធាតុដើម ទៅក្រៅប្រទេស តាមរយៈការបញ្ជាទិញពីដៃគូ នៅក្នុងទីផ្សារអន្តរជាតិ លើប្រព័ន្ធ Proxtera Trade Portal (https://trade.proxtera.com) ដែលមានសុវត្ថិភាពខ្ពស់ ជាមួយនឹងការទូទាត់ប្រាក់ តាមប្រព័ន្ធធនាគារ អេស៊ីលីដា បានយ៉ាងងាយស្រួលបំផុត។
ផលិតផល ដែលអាចលក់បាននៅលើប្រព័ន្ធ Proxtera Trade Portal គឺត្រូវតែជាប្រភេទផលិតផល ឬទំនិញ ដែលមានលក្ខណ
ស្របតាមស្ដង់ដារអន្តរជាតិ និងច្បាប់ នៃប្រទេសនីមួយៗ។ ក្នុងនោះ ផលិតផលខ្មែរ ដែលអាចដាក់លក់បានរួមមាន៖ គ្រឿងទេស, ផលិតផលកសិកម្ម និងចំណីអាហារកែច្នៃ សម្លៀកបំពាក់ស្បែកជើង គ្រឿងសិល្បៈ គ្រឿងស្មូន គ្រឿងសង្ហារឹម និងផលិតផលផ្សេងទៀត។

