ការលក់ភាគហ៊ុនរបស់ធនាគារអេស៊ីលីដានេះ ហាក់មានភាពខុសគ្នារវាង ក្រុមហ៊ុនដែលបានបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជាមុនៗ ពោលគឺក្រុមហ៊ុនទាំង ៥ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជានាពេលកន្លងមក គឺផ្ដោតតែលើអ្នកទិញភាគហ៊ុនដែលជាស្ថាប័នប៉ុណ្ណោះ។
ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី ការគ្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ធនាគារអេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានលើកឡើងថា ជាគោលដៅរបស់ធនាគារ ក៏ដូចជាក្ដីប្រាថ្នារបស់លោកផ្ទាល់ លោកចង់លក់ភាគហ៊ុន ដែលគ្រោងនឹងបោះផ្សាយក្នុងពេលដ៏ខ្លីខាងមុខនេះ ទៅឲ្យអ្នកទិញដែលជាឯកត្តបុគ្គល ឬជាប្រជាជនទូទៅ ឲ្យបានដល់១០០% តែម្ដង ជាជាងការលក់ទៅឲ្យអ្នកទិញដែលជាស្ថាប័ន ឬក្រុមហ៊ុន។ ដូច្នេះហើយ ទើបធនាគារអេស៊ីលីដា បាននិងកំពុងបន្តផ្សព្វផ្សាយ ដល់សាធារណៈជនតាមរយៈការរៀបចំសិក្ខាសាលាជាបន្តបន្ទាប់។
លោកបណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យទិញទាំងអស់ពីឯកត្តជន អ្វីដែលខ្ញុំប្រាថ្នា។ ដូចយើងសង្កេតឃើញនៅថ្ងៃនេះស្រាប់ យើងគ្រោងថា ធ្វើក្នុងទំហំមួយតូចទេ ប៉ុន្ដែ យើងមានអ្នកចាប់អារម្មណ៍ច្រើន អញ្ចឹងយើងចង់បាន១០០% ពីឯកត្តជន បើសិនជាឯកត្តជនចាប់អារម្មណ៍ ជាជាងស្ថាប័ន ព្រោះស្ថាប័នខាងយើងខ្ញុំអត់មានការលំបាកទេ យើងមើលភាគហ៊ុនិក ភាគទុនិករបស់យើង ដែលនៅសព្វថ្ងៃនេះ គឺភាគទុនិកដែលសម្បូរធនធានរឹងមាំ ហើយគេមិនចង់ឲ្យចំណែកហ៊ុនគេថយទេ អញ្ចឹងយើងយកស្ថាប័នមកធ្វើអ្វីទៀត? ប៉ុន្ដែ ការធ្វើអាជីវកម្ម យើងមិនមែនថា លក់ឲ្យតែឯកត្តជនទេ ស្ថាប័នក៏ឲ្យដែរ ឲ្យតែស្ថាប័នហ្នឹង ត្រូវទៅតាមលក្ខណៈវិនិច្ឆ័យ ដែលកំណត់ដោយបញ្ញាតិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និយាយឲ្យចំកំណត់ដោយផ្សារមូលបត្រកម្ពុជា ឬក៏គណៈកម្មការមូលបត្រកម្ពុជា»។
ការផ្ដោតចម្បងលើការលក់ភាគហ៊ុនទៅឲ្យអ្នកទិញ ជាឯកត្តបុគ្គលនេះ ត្រូវបានប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដារូបនេះ អះអាងថា គឺធនាគារ ចង់ធ្វើការចែករំលែកភាគលាភ ក៏ដូចជាប្រាក់ចំណេញដែលខ្លួនទទួលបានកន្លងមកជូនដល់ប្រជាជនទូទៅ ពិសេសគឺអតិថិជនរបស់ខ្លួន។
លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ទៀតថា តាមរយៈការចង្អុលបង្ហាញពីអាជ្ញាធរ ធនាគារអេស៊ីលីដា នឹងបន្តធ្វើការផ្សព្វផ្សាយសិក្ខាសាលាអំពីការការបោះផ្សាយលក់ភាគហ៊ុននេះ នៅត្រឹមខែមករានេះ ហើយបន្ទាប់មកក្រោយពីទទួលបានការអនុញ្ញាតជាគោលការណ៍មួយទៀត ដើម្បីកំណត់ថ្លៃភាគហ៊ុន ថាតើត្រូវកំណត់យកថ្លៃទាបបំផុតប៉ុន្មាន និងខ្ពស់បំផុតប៉ុន្មាន រួចគេនឹងកំណត់តម្លៃជាមធ្យមមួយ ដើម្បីដាក់លក់លើទីផ្សារ ដែលអាចរួចរាល់ដើម្បីដាក់លក់ជាផ្លូវការនៅមុនខែមេសាខាងមុខនេះ។
បើតាមប្រសាសន៍របស់ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាធ្លាប់បានលើកឡើងថា ក្រោយពីមានព័ត៌មានប្រកាសបោះផ្សាយលក់ភាគហ៊ុនរបស់ធនាគារអេស៊ីលីដារួចមក លោកសង្កេតឃើញថា ការបើកគណនីដើម្បីទិញភាគហ៊ុន និងធ្វើការជួញដូរហាក់មានសន្ទុះកើនឡើងយ៉ាងខ្លាំង។
ឯកឧត្តម ហុង សុហួរ គូសបញ្ជាក់ទៀតថា វត្តមានរបស់ធនាគារអេស៊ីលីដា នៅលើផ្សារភាគហ៊ុនកម្ពុជា នឹងផ្តល់ឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដល់ វិនិយោគិន ខណៈដែលសព្វថ្ងៃនេះ នៅផ្សារហ៊ុនកម្ពុជា មានក្រុមហ៊ុនចំនួន ៥ ដែលបានចុះបញ្ជី ហើយវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយក្រុមហ៊ុនទាំង៥នោះ គឺមានការលក់ភាគហ៊ុនផ្ដោតតែទៅលើអ្នកទិញជាស្ថាប័នប៉ុណ្ណោះ ខុសពីធនាគារអេស៊ីលីដា ដែលផ្ដោតលើអ្នកទិញជាឯកត្តបុគ្គលឬសាធារណជន។
បើតាមការគូសបញ្ជាក់ របស់លោកបណ្ឌិត អ៊ិន ចាន់នី គិតតាំងពីការចាប់កំណើតឡើង នៅឆ្នាំ ១៩៩៣ មួយនឹងដើមទុនដំបូងប្រមាណ ៦១ ម៉ឺនដុល្លារ គិតមកទល់ដំណាច់ឆ្នាំ២០១៩ ទុនរបស់អេស៊ីលីដា បានកើនឡើងរហូតដល់ទៅ ៧០០ដង ធ្វើឲ្យទុនរបស់ម្ចាស់ទ្រព្យកើនឡើងប្រមាណ ៩០០លានដុល្លារអាមេរិក រីឯទ្រព្យសកម្មវិញ កើនឡើងរហូតដល់ ៩.០០០ដង ខណៈប្រាក់ចំណេញកើនដល់ជិត២.០០០ដងផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំង ៨ បានប្រមូលទុនពី ផ្សារមូលបត្រសរុបជាង ១៦០លានដុល្លារអាមេរិក៕