នៅក្នុងរបាយការណ៍សេដ្ឋកិច្ចពិសេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០២០ បានគូសព្យាករណ៍ថា ក្នុងឆ្នាំ ២០២០នេះ ផ្នែកសេវាកម្មរបស់ប្រទេសកម្ពុជា នឹងធ្លាក់ចុះ ១.៧% ដោយសារតែ វិស័យទេសចរណ៍ រងផលប៉ះពាល់ជាខ្លាំង ដែលត្រូវបាត់បង់ភ្ញៀវទេសចរណ៍អស់ជាច្រើន ដោយសារជំងឺដ៏កាចសាហាវនេះ ខណៈវិស័យអចលនទ្រព្យ ក៏មានការថមថយសកម្មភាពដែរ។
លើសពីនេះទៅទៀត វិស័យឧស្សាហកម្មកម្ពុជា អាចនឹងធ្លាក់ចុះដល់ ៦.៥% ដោយសារតែ ផលិតកម្មសម្លៀកបំពាក់នាំចេញ គឺមានកម្រិតទាប រីឯវិស័យសំណង់ ក៏បន្ថយល្បឿន។ដោយឡែកសម្រាប់វិស័យកសិកម្ម នឹងមានកំណើនទាបត្រឹម ០.៥% ក្នុងឆ្នាំ ២០២០នេះ ដោយសារតែ រដូវប្រាំង នឹងអូសបន្លាយយូរ ជះឥទ្ធិពលអវិជ្ជមានការដាំដុះនានា។
លោកស្រី សុន នីយ៉ា ដួ រ៉ានី ចាម៉ាល់ នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ដែរថា រាជរដ្ឋាភិបាលកម្ពុជា គួរផ្តោតជាសំខាន់លើការទប់ស្កាត់មេរោគកូវីដ១៩ បើពុំដូច្នោះទេ វិស័យទេសចរណ៍ និងសេវាកម្ម នឹងជួបប្រទះការលំបាក ក្នុងការស្រោចស្រង់ឡើងវិញ។លើសពីនេះទៅទៀត កម្ពុជា អាចនឹងពិចារណាប្រើប្រាស់ថវិកាពី ក្នុងកញ្ចប់របស់ ADB ដែលមានសរុបប្រមាណ ៦ពាន់ ៥រយលានដុល្លារអាមេរិក សម្រាប់ឆ្លើយតបនឹង កូវីដ១៩ ពោលគឺ សម្រាប់តម្រូវការបន្ទាន់នៃប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិក ដើម្បីដោះស្រាយផ្នែកសេដ្ឋកិច្ច និងកិច្ចគាំពារសង្គម។
គួរជម្រាបដែរថា ធនាគារ ADB បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលបានព្យាករណ៍ខាងលើនេះ អាចបន្តធា្លក់ចុះទៀត ដោយសារតែហានិភ័យធំៗ ដូចជា តម្រូវការនាំចេញ មានការធ្លាក់ចុះរហ័សជាងការរំពឹងទុក ក្រោមការរឹតបន្តឹងនៃការអនុគ្រោះពាណិជ្ជកម្ម និងការរំខាននានា ដោយសារតែមេរោគកូវីដ១៩, ការកើនឡើងនៃការផ្តល់ឥណទានធនាគារ ដែលទាក់ទងទៅនឹង វិស័យអចលនទ្រព្យ អាចបង្កជាហានិភ័យចំពោះស្ថេរភាពហិរញ្ញវត្ថុ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច, ហើយចុងក្រោយគឺ ការផ្ទុះរាលដាលនៃមេរោគកូវីដ១៩ ក្នុងស្រុក និងការបិទព្រំដែនជាបណ្តោះអាសន្នរបស់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ អាចនឹងបន្ថែមសម្ពាធទៅលើ តម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់៕