ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាឲ្យធ្វើប្រតិបត្តិការយោធា នៅភាគខាងកើតក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ ដែលវាត្រូវបានគេចាត់ទុកថា គឺជាការចាប់ផ្តើមនៃសង្រ្គាមរវាងរុស្សី និង អ៊ុយក្រែន បន្ទាប់ពីមានភាពតានតឹងដាក់គ្នាអស់រយៈពេលជាយូរមកហើយនោះ។
នៅគ្រាដែលការវាយប្រហារពីសំណាក់យោធារុស្ស៊ីកើតមានឡើង ទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែននៅក្បែរទីក្រុងសំខាន់ៗនៃប្រទេសអ៊ុយក្រែន សហគ្រាសសេវាកម្មចរាចរណ៍ផ្លូវអាកាសរដ្ឋអ៊ុយក្រែន បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ដែនអាកាសក្នុងប្រទេស នឹងត្រូវបិទជើងហោះហើរស៊ីវិលទាំងអស់ ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍តទៅ ហើយសេវាកម្មចរាចរណ៍ផ្លូវអាកាសក៏ត្រូវបានផ្អាកដែរ។ ស្របពេលនោះផងដែរ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) បានព្រមានក្រុមហ៊ុនអាកាសចរណ៍នានា ឱ្យជៀសវាងការហោះហើរពីលើទឹកដីប្រទេសអ៊ុយក្រែន និងអនុវត្ត ការប្រុងប្រយ័ត្នជាចាំបាច់។ បើទោះបីជា ដែនអាកាសហោះក្នុងចម្ងាយ ១៨៥ គីឡូម៉ែត្រ ពីប្រទេសបេឡារុស្ស អ៊ុយក្រែន និង ព្រំដែនអ៊ុយក្រែន-រុស្ស៊ី ក៏អាចនៅតែបង្កហានិភ័យសុវត្ថិភាពដល់ការហោះហើរផងដែរ។
គួរជម្រាបថា រុស្ស៊ីក៏បានបិទដែនអាកាសមួយចំនួននៅក្នុងតំបន់ Rostov នៅភាគខាងកើតនៃព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដើម្បីការពារសុវត្ថិភាព សម្រាប់ជើងហោះហើរស៊ីវិលដូចគ្នាដែរ ហើយជើងហោះហើរមួយចំនួន ដែលហោះហើរចេញចូលអាកាសយាន្ដដ្ឋានក្បែរព្រំដែនអ៊ុយក្រែន គឺត្រូវបានផ្អាករហូតដល់ថ្ងៃទី ២ ខែមីនា។
នៅមុនពេលអ៊ុយក្រែនប្រកាសពីការររឹតបន្តឹងដែនអាកាសនៅក្នុងប្រទេស សហរដ្ឋអាមេរិក អ៊ីតាលី កាណាដា បារាំង និងអង់គ្លេស ក៏ធ្លាប់បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន ឲ្យជៀសវាងការហោះហើនៅលើភាគខាងកើតអ៊ុយក្រែន ប្រសិនបើមិនចាំបាច់ ប៉ុន្តែមិនបានហាមឃាត់ទាំងស្រុងនោះឡើង។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនចំនួនពីរកាលពីសប្តាហ៍មុនបានបង្ហាញពីព្រួយបារម្ភសុវត្តិភាពសម្រាប់ជើងហោះហើរមួយចំនួនរបស់ខ្លួន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍បរទេសបានចាប់ផ្តើមគេចចេញពីការហោះហើរលើដែនអាកាសរបស់ប្រទេសទាំងនេះ។
សូមបញ្ជាក់បន្ថែមថា អឺរ៉ុប ព្រមានយន្ដហោះស៊ីវិលទាំងអស់ កុំហោះក្បែរប្រទេសអ៊ុយក្រែន ខណៈពេលដែល រុស្ស៊ីបានវាយលុកទៅលើប្រទេសអ៊ុយក្រែនយ៉ាងពេញទំហឹងតែម្តង។ ហើយនៅថ្ងៃនេះដែរ ទស្សនិកជន ក្នុងនោះដែរអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺមានកងទ័ពរុស្ស៊ី និងកងទ័ពបេឡារុស រួមដៃគ្នាវាយប្រហារអ៊ុយក្រែន ចេញពីទឹកដីបេឡារុសតែម្តង៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន