មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា AI ជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ក្នុងការជួយជំរុញផលិតភាព និងការកែលម្អការផ្តល់សេវាសាធារណៈ វានឹងជំរុញឱ្យមានការផ្លាស់ប្តូរដ៏ឈឺចាប់ក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក និងបង្កជាក្តីបារម្ភពីបាត់បង់ការងារ និងវិសមភាពកាន់តែច្រើនដល់មនុស្សជាតិ។
តាមរយៈរបាយការណ៍ដែលបានចេញកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ IMF បានជំរុញឱ្យ ប្រទេសនានាគួរពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងបង្កើនការវិនិយោគលើការអប់រំ និងការបណ្តុះបណ្តាលជំនាញ ដើម្បីជួយអភិវឌ្ឍន៍សមត្ថភាពកម្មករ ដើម្បីឆ្លើយតបនឹងការប្រែប្រួលការងារដែលជំរុញដោយ AI។
ជាមួយគ្នានោះ IMF ក៏បានស្នើឲ្យ ប្រទេសនានាពិចារណាឡើងវិញលើការសម្រេចចិត្តទាក់ទងនឹងពន្ធ ដើម្បីទូទាត់ការបំភាយកាបូនឌីអុកស៊ីតពីម៉ាស៊ីន ដែលដើរដោយ AI ផងដែរ។
ពាក់ព័ន្ធនឹងការព្រួយបារម្ភនេះ សារព័ត៌មានបរទេសមួយចំនូនដូចជា the Hill បានរាយការណ៍ថា ជាងមួយភាគបីនៃកម្មករអាម៉េរិក បាននិយាយថា ពួកគេបារម្ភថា AI នឹងកាត់បន្ថយម៉ោង ឬប្រាក់ខែ ឬធ្វើឱ្យពួកគេបាត់បង់ការងារទាំងស្រុង។
ប្រភពដដែលនេះបានដកស្រង់ ការស្ទង់មតិរបស់ YouGov ដែលបានចេញផ្សាយកាលពីខែមេសា ថា ប្រហែល៣៦%នៃកម្មករនៅអាម៉េរិក បាននិយាយថា ពួកគេព្រួយបារម្ភថា AI នឹងកាន់កាប់ការងាររបស់ពួកគេ ហើយ៤៣%ទៀតគិតថា បច្ចេកវិទ្យា AI នឹងកាត់បន្ថយចំនួនការងារនៅក្នុងឧស្សាហកម្មដែលពួកគេកំពុងធ្វើនៅពេលបច្ចុប្បន្ននេះ៕
ដោយៈ សរ សុជាតិ