ក្នុងចំណោមការពន្យារការសងដែល អម្រឹត កំពុងផ្ដល់ជូន រួមមាន៖ ការពន្យារពេលសងប្រាក់ដើម និងការពន្យារការសងទាំងប្រាក់ដើមនិងការប្រាក់ ដែលអាចមានរយៈពេលពី ០៣ខែ ទៅ ០៦ខែ អាស្រ័យទៅតាមស្ថានភាពលំបាកពិតប្រាកដរបស់អតិថិជនម្នាក់ៗ។
លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ វិធានការពន្យារការសងឥណទាននេះ នឹងចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់អតិថិជន។
លោក ដុស ឌីន បានបន្តទៀតថា ការពន្យារការសងកំពុងផ្តល់ជូន គឺបែងចែកអតិថិជនជាពីរប្រភេទធំៗ គឺ ទីមួយ អតិថិជនឥណទានក្រុមធានា ភាគច្រើនបំផុតរស់នៅទីជនបទដែលខ្ចីប្រាក់ក្នុងទំហំតូច ដែលជួបការលំបាកក្នុងការសងនិង ប្រសិនអតិថិជនកម្ចីតូចៗប្រភេទនេះស្នើសុំពន្យារការសង អម្រឹតនឹងផ្តល់ពន្យារការសងទាំងការប្រាក់ និងប្រាក់ដើមជាស្វ័យប្រវត្តិតែម្តង សម្រាប់រយៈពេលបីខែ។ បច្ចុប្បន្ន អម្រឹត មានអតិថិជនឥណទានក្រុមធានា ជាងដប់ពីរម៉ឺននាក់ (១២០.០០០នាក់)។
ដោយឡែក សម្រាប់អតិថិជនកម្ចីជាបុគ្គលដែលខ្ចីប្រាក់ក្នុងទំហំធំ ដែលជួបការលំបាកខ្លាំង ជាពិសេស អតិថិជនដែលមុខរបររបស់ពួកគាត់ស្ថិតក្នុងវិស័យអាទិភាពទាំងបួន ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា គឺ វិស័យទេសចរណ៍ កាត់ដេរ សំណង់ និងដឹកជញ្ជូន និងផ្នែកខ្លះនៃវិស័យកសិកម្ម អម្រឹត អាចនឹងផ្តល់ការពន្យារការសងប្រាក់ដើម ឬទាំងប្រាក់ដើម និងការប្រាក់ ចាប់ពី បីខែ ដល់ ប្រាំមួយខែ អាស្រ័យទៅតាមស្ថានភាពលំបាកពិតប្រាកដរបស់អតិថិជនម្នាក់ៗ។
លោក ដុស ឌីន បានបញ្ជាក់ទៀតថា តាមរយៈការទំនាក់ទំនងទៅដោយផ្ទាល់ជាមួយអតិថិជនរយៈពេលកន្លងមកនេះ អតិថិជនកម្ចីដែលមានផលប៉ះពាល់មិនសូវខ្លាំង នៅតែមានឆន្ទៈបំពេញកាត្វកិច្ច គឺបន្តការសងជាធម្មតា។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំមកហើយ។ បច្ចុប្បន្ន អម្រឹត មានអតិថិជនសរុប ជាងកន្លះលាននាក់ មានសាខាចំនួន ១៥៨ នៅទូទាំង ២៥ខេត្តក្រុង និងមានបុគ្គលិកបម្រើការងារប្រមាណជាង ៤.៥០០នាក់ ។ អម្រឹត កំពុងផ្តល់កម្ចីដល់អតិថិជនដែលមានទឹកប្រាក់ជាងមួយពាន់លានដុល្លារអាមេរិក និងទទួលប្រាក់សន្សំពីអតិថិជន ជាងប្រាំរយលានដុល្លារអាមេរិក៕