វិស័យសេដ្ឋកិច្ច

អាម៉េរិក បើកការវាយប្រហាររិះគន់ការផ្តល់ប្រាក់កម្ចីរបស់ចិន គ្មានតម្លាភាព និងកំពុងបង្កើតបំណុលវ័ណ្ឌក តែចិន ច្រានចោល ហើយអះអាងថា កម្ចីខ្លួនបានចូលរួមអភិវឌ្ឍន៍ពិតៗ​


សហរដ្ឋអាម៉េរិក បានបើកការវាយប្រហារពាក្យសម្តីដ៏ក្តៅគគុកលើចិន ដោយចោទប្រកាន់ថា ទីក្រុងប៉េកាំង កំពុងអនុវត្តកម្មវិធីផ្តល់ប្រាក់កម្ចីក្រៅប្រទេសប្រកបដោយភាពមិនស្មោះត្រង់ និងខ្វះតម្លាភាព ដែលអាចបង្កជាវិបត្តិបំណុលជាសាកល។ ឆ្លើយតបនឹងការចោទប្រកាន់នេះ ចិន បានចេញមុខបដិសេធភ្លាមៗ ដោយអះអាងការពារថា កម្មវិធីហិរញ្ញប្បទានរបស់ខ្លួន គឺធ្វើឡើងដើម្បីអភិវឌ្ឍន៍ និងផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់ប្រទេសអ្នកខ្ចីមិនមែនជាអន្ទាក់បំណុលវ័ណ្ឌកដូចការចោទប្រកាន់របស់អាមេរិកនោះឡើយ។
វិស័យសេដ្ឋកិច្ច
ដោយ

សហរដ្ឋអាម៉េរិក បានបង្កើនការរឹតបន្តឹង និងតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពផ្តល់ប្រាក់កម្ចីក្រៅប្រទេសរបស់ចិន ដោយបានព្រមានថា កង្វះខាតតម្លាភាពនៃការផ្តល់ប្រាក់កម្ចីរបស់ចិន កំពុងបង្កើតជាបំណុលវ័ណ្ឌក ដែលអាចវាយប្រហារសេដ្ឋកិច្ច នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឱ្យដួលរលំដោយមិនដឹងខ្លួន។ អាម៉េរិកបានបញ្ជាក់នៅក្នុងរបាយការណ៍តម្លាភាពសារពើពន្ធឆ្នាំ២០២៦ ថា ប្រទេសចិនបានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបំពេញតាមស្តង់ដាតម្លាភាពអន្តរជាតិហើយ។
អាម៉េរិកបានចេញមកសង្កត់ធ្ងន់ថា ការលាក់បាំងព័ត៌មាន លក្ខខណ្ឌកិច្ចសន្យា និងទំហំកម្ចីពិតប្រាកដរបស់ចិន កំពុងធ្វើឱ្យទំហំបំណុលសាធារណៈរបស់ប្រទេសជាច្រើនស្ថិតក្នុងភាពស្រពេចស្រពិល។ សម្រាប់អាម៉េរិកកង្វះខាតទិន្នន័យច្បាស់លាស់នេះមិនត្រឹមតែបិទបាំងហានិភ័យប៉ុណ្ណោះទេ ថែមទាំងរុញច្រានប្រទេសទន់ខ្សោយឱ្យប្រឈមនឹងការខកខាន និងខ្វះលទ្ធភាពសងបំណុល ដែលអាចបង្កើតជារលកវិបត្តិនានានៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍។
ជាការឆ្លើយតប ទីក្រុងប៉េកាំងបានច្រានចោលការរិះគន់នេះទាំងស្រុង ដោយអះអាងថា ឥណទានរបស់ខ្លួនមិនមែនជាការកេងប្រវ័ញ្ច ឬបង្កើតអន្ទាក់បំណុលដើម្បីគ្រប់គ្រងអធិបតេយ្យភាពប្រទេសដទៃនោះទេ។ ចិនបានអះអាងថា ហិរញ្ញប្បទានទាំងនោះបានប្រែក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តពិតប្រាកដដូចជាផ្លូវថ្នល់ ស្ពាន និងកំពង់ផែ ដែលបម្រើឱ្យការលូតលាស់ និងភាពរីកចម្រើនរបស់សេដ្ឋកិច្ច ហើយកិច្ចព្រមព្រៀងទាំងអស់ត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងទាំងសងខាងមិនមានការបង្ខិតបង្ខំនោះឡើយ។
ទោះជាយ៉ាងណា ផ្អែកតាមទិន្នន័យនៃការអង្កេតលើ១៣៩ប្រទេស និងដែនដីដោយក្រសួងការបរទេសអាម៉េរិកបានរកឃើញថា មានប្រទេសចំនួន ៧៣ ដែលបានបំពេញតាមស្តង់ដា ខណៈ ៦៧ប្រទេសផ្សេងទៀត មិនទាន់គ្រប់ស្តង់ដា និង ១៤ប្រទេសត្រូវបានចាត់ថ្នាក់ថា ខ្វះតម្លាភាពទាំងស្រុង។ តួលេខនេះបានស្តែងឱ្យឃើញថា សង្រ្គាមពាក្យសម្តីរវាងមហាអំណាចទាំងពីរ មិនត្រឹមតែជារឿងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការប៉ះទង្គិចគ្នារវាងស្តង់ដារហិរញ្ញវត្ថុលោកខាងលិច និង ចិន ដែលកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើស្ថិរភាពហិរញ្ញវត្ថុពិភពលោក៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃ ដើរលើផ្លូវរលាក់ដ៏ស្មុគស្មាញ ខណៈធនាគារកណ្តាលថៃ ព្រមានពីហានិភ័យថ្មីៗកើតឡើង

ធនាគារកណ្តាលថៃ បានព្រមានថា ពេលនេះ ​ប្រទេសថៃ មិនទាន់ឆ្លងផុតវិបត្តិសេដ្ឋកិច្ចនៅឡើយទេ។ ហើយហានិភ័យពីពន្ធគយរបស់សហរដ្ឋអាម៉េរិក ការបិទរោងចក្រ…

ថៃ ត្រៀមប្រើទំនាក់ទំនងយោធាធ្វើជាសន្លឹកបៀ ដើម្បីដាក់សម្ពាធអាម៉េរិក ក្នុងការចរចាពាណិជ្ជកម្ម

ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរមិនទាន់អាចស្ទុះងើបឡើងវិញផង ស្រាប់ពេលនេះលេចឡើងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ