ថ្លែងបើកការសន្ទនាមួយ នៅក្នុងកិច្ចប្រជុំសកលកំពូលក្រុមប្រឹក្សាទេសចរណ៍ និងការធ្វើដំណើរពិភពលោក ក្នុងប្រទេសអេស្ប៉ាញ កាលពីពេលថ្មីៗកន្លងទៅនេះ លោក បារ៉ាក់ អូប៉ាម៉ា អតីតប្រធានាធិបតីអាមេរិក បានលើកឡើង អំពីអត្ថប្រយោជន៍ដែលលោកគិតថាវាបានមកពីការធ្វើដំណើរកម្សាន្ដ ដូចជា វាអាចធ្វើឲ្យការគិតមានភាពទូលំទូលាយ បានស្វែងយល់ពីវប្បធម៌និងជីវិតរស់នៅផ្សេងៗគ្នា ដែលលោក អូប៉ាម៉ា ជឿជាក់ថា វាអាចនឹងផ្លាស់ប្ដូរឥរិយាបថរបស់មនុស្សបាន។
លោកអតីតប្រធានាធិបតីអាមេរិក រូបនេះ បានលើកឡើងទៀតថា កាលលោកនៅជាប្រធានាធិបតីអាមេរិក លោកមានឱកាសធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើនទូទាំងសកលលោក។ ទោះយ៉ាងណា លោកថា នៅមានទិសដៅធ្វើដំណើរពិសេសៗជាច្រើនកន្លែងទៀត ដែលលោកមិនទាន់បានធ្វើដំណើរទៅដល់នៅឡើយ។ ក្នុងនោះ លោកបានលើកយក ប្រាសាទអង្គរវត្ត របស់កម្ពុជា ដែល លោកអះអាងថា គឺជាទិសដៅទេសចរណ៍ ដែលលោកនឹងធ្វើដំណើរកម្សាន្ដបន្ទាប់ នាពេលខាងមុខនេះ។
លោក អូបាម៉ា បានបញ្ជាក់ទៀតថា លោកធ្លាប់បានមកប្រទេសកម្ពុជាសម្រាប់ការងារកិច្ចប្រជុំកំពូលមួយ ហើយនាពេលនោះ លោកនៅសល់ពេលវេលាតែ ២ម៉ោងប៉ុណ្ណោះ ដូច្នេះ លោកសោកស្ដាយ ដែលមិនអាចទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជាបាន ដោយសារតែពេលនោះ លោកមានភារកិច្ចបន្ទាន់ត្រូវត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។
តែយ៉ាងណា កាលពីឆ្នាំ ២០១៥ ភរិយារបស់អតីតប្រធានាធិបតីអាមេរិក រូបនេះ គឺ លោកស្រី Michelle Obama ធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តម្ដងរួចហើយ។
គួរបញ្ជាក់ដែរថា ប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានស្ថាប័នអន្តរជាំតិធំៗជាច្រើនធ្លាប់បានចាត់ទុកជាទិសដៅទេសចរណ៍ដែលភ្ញៀវទេសចរចង់ធ្វើដំណើរកម្សាន្ដមកបំផុត។ យ៉ាងណាមិញ នាពេលកន្លងមក ក៏មានឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំប្រទេសជាច្រើនរូបមកហើយ បានធ្វើដំណើរកម្សាន្ដ នៅក្នុងទឹកដីប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់កម្ពុជាមួយនេះ។ ក្នុងនោះដែរ កាលពីឆ្នាំ ២០០៦ អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ក៏ធ្លាប់មកទស្សនាប្រាសាទអង្គរវត្ត ផងដែរ។
របាយការណ៍ពី គ្រឹះស្ថាន អង្គរបានឲ្យដឹងថា ឆ្នាំ២០១៨កន្លងទៅ ភ្ញៀវទេសចរ ដែលបានទិញសំបុត្រចូលទស្សនាអង្គរ មានប្រមាណ ២,៦ លាននាក់ កើនឡើង ជាង ៥,៤% ធៀបនឹងឆ្នាំ ២០១៧ និងរកចំណូលបានជាង ១១៦ លានដុល្លារអាមេរិក កើនឡើង ៨%៕