ការធ្វើវិភាគបានវាយតម្លៃលើករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ៩៥ករណី ក្នុងចំណោមអ្នកចូលរួម ៣០.០០០នាក់ ដែលចូលរួមនៅក្នុងការសាកល្បងវ៉ាក់សាំងនេះ ។
ក្រុមហ៊ុន Moderna ដែលបានបង្កើតវ៉ាក់សាំងរបស់ខ្លួន ដោយសហការជាមួយវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងរោគអាលែហ្ស៊ី និងជំងឺឆ្លង (NIAID) បាននិយាយថា ករណីកូវីដ-១៩ ចំនួន ៩០ ត្រូវបានគេសង្កេតឃើញនៅក្នុងក្រុមដែលប្រើឱសថសាកល្បង placebo ធៀបនឹង ៥ករណី ដែលត្រូវបានអង្កេតនៅក្នុងក្រុមដែលបានទទួលវ៉ាក់សាំងពីរដូស ។ លទ្ធផលបានបង្ហាញថា ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង គឺប្រមាណ ៩៤,៥% ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីដំណឹងស្រដៀងគ្នាកាលពីសប្តាហ៍មុន អំពីការសាកល្បងវ៉ាក់សាំងកូវីដ-១៩ ដំណាក់កាលចុងក្រោយរបស់ក្រុមហ៊ុន Pfizer ខណៈដែលក្រុមហ៊ុនឱសថនៅទូទាំងពិភពលោកកំពុងប្រណាំងប្រជែងគ្នា ដើម្បីរកវិធីដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩ ដែលបានឆ្លងរាលដាលដល់មនុស្សជាង ៥៤,៤លាននាក់ និងបានសម្លាប់មនុស្សច្រើនជាង ១,៣លាននាក់ ។ នេះបើយោងតាមទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Johns Hopkinds ។
កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Pfizer របស់អាមេរិក និងដៃគូអាល្លឺម៉ង់ BioNTech ដែលបានរួមគ្នាបង្កើតវ៉ាក់សាំងកូវីដ-១៩នោះ បានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនត្រូវគេរកឃើញថា មានប្រសិទ្ធភាព ៩០% ហើយពីរថ្ងៃក្រោយមក ប្រទេសរុស្ស៊ីបានប្រកាសថា វ៉ាក់សាំងកូវីដ-១៩របស់ខ្លួនមានប្រសិទ្ធភាព ៩២% ក្នុងការការពារមនុស្សពីការឆ្លងមេរោគកូវីដ-១៩ ដោយផ្អែកលើលទ្ធផលនៃការសាកល្បងបណ្តោះអាសន្ន ៕