យ៉ាងណាមិញ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញឲ្យអាស៊ានត្រូវស្វែងរកប្រភពថ្មីនៃកំណើនតាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងធ្វើអន្តរកាលបៃតងនៃសេដ្ឋកិច្ច បើចង់ក្លាយជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភចំពោះការប្រទាញប្រទង់ខាងភូមិសាស្ត្ររបស់ប្រទេសមហាអំណាចក្នុងការធ្វើឲ្យប្រទេសនីមួយលំបាកក្នុងការស្វែងរកអព្យក្រឹតដែលអាចគាំទ្របានយ៉ាងពិតប្រាកដប្រកបដោយបរិយាបន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។
នាពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញឲ្យប្រទេសសមាជិកអាស៊ានទាំងអស់រួមគ្នាស្វែងរកប្រភពថ្មីនៃកំណើនដ៏រឹងមាំ និងមានភាពធន់នឹងវិបត្តិ ដើម្បីប្រែក្លាយតំបន់អាស៊ានឲ្យក្លាយជាមជ្ឈមណ្ឌល នៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក។ ប្រភពថ្មីនៃកំណើននេះ គឺសម្តេច ហ៊ុន ម៉ាណែត ចង់សំដៅដោយជំរុញឲ្យអាស៊ានត្រូវធ្វើបរិវត្តកម្មឌីជីថល និងអន្តរកាលបៃតង សំដៅឆ្ពោះទៅលើសេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចច្នៃប្រឌិត។
ការលើកឡើងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងក្រោយថ្នាក់ដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគាពិភពលោកបានកត់សម្គាល់ថា ទោះបីជាស្ថានភាព សេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងដោយសារវិបត្តិនៃសង្គ្រាម ក៏ដូចជាភាពតានតឹងនៅក្នុងតំបន់មួយចំនួនក្តី ប៉ុន្តែសម្រាប់អាស៊ាន នៅតែជាពន្លឺនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក។ ស្ថាប័នហិរញ្ញវត្ថុធំៗទាំងពីរបានព្យាករថា នៅឆ្នាំ២០២៣ អាស៊ានអាចទទួលបាននូវកំណើនផលិតផលក្នុងស្រុកសរុប៤,៦% ស្មើនឹងប្រមាណ៣,៦ ទ្រីលានដុល្លារ ដែលស្មើនឹងប្រមាណ១០% នៃផលិតផលក្នុងស្រុក(GDP)សរុបរបស់ពិភពលោក និងជាកម្លាំងសេដ្ឋកិច្ចលំដាប់ទី៥នៅលើពិភពលោក។
យ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការព្រួយបារម្ភនៃការកើនឡើងការប្រទាញប្រទង់ខាងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗជាពិសេសអាមេរិក និងចិន ក្នុងការធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យ ដែលអាចគាំទ្របានយ៉ាងពិតប្រាកដ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។
សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ការឆ្លើយតបរបស់អាស៊ានពិតជាមិនមានភាពគ្រប់គ្រាន់ បើអាស៊ានគ្រាន់តែឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិ ដែលកំពុងកើតឡើង ផ្ទុយទៅវិញអាស៊ានត្រូវតែមានសមត្ថភាពក្នុងការប្រមើលមើលទប់ស្កាត់វិបត្តិ ហើយឈានទៅកាត់បន្ថយផលប៉ះពាល់តាមរយៈការប្រើប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន និងក្នុងនាមជាស្ថាប័នរៀបចំគោលនយោបាយកំពូលស្របតាមគោលការណ៍ស្នូលនៃការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស នោះអាស៊ានអាចចាត់វិធានការបានយ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលាលើបញ្ហាដែលមានភាពបន្ទាន់ និងមានសារៈសំខាន់៕
អត្ថបទ៖ បូ ដូឡា