
សេចក្ដីប្រកាសព័ត័មាននេះបានបង្ហាញថា ការរកឃើញករណីឆ្លងនៃមេរោគកូវីដ១៩នៅក្នុងខេត្តបន្ទាយមានជ័យ ដែលរកឃើញថ្មីនេះ គឺជាការឆ្លងនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ និងជាពលករ ដែលបានត្រឡប់មកពីប្រទេសថៃវិញ។
ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយនៅក្នុងចំណោមខេត្ត ដែលបានបិទខ្ទប់ ដើម្បីទប់ស្កាត់នូវការរីករាលដាលនូវមេរោគបំប្លែងថ្មីឌែលតា នៅក្នុងសហគមន៍កាលពីថ្មីៗនេះផងដែរ។ស្ថានភាពកូវីដ១៩នៅកម្ពុជាសព្វថ្ងៃនេះ កំពុងតែជួបនូវករណីឆ្លងកូវីដ១៩បំប្លែងថ្មីប្រភេទ ឌែលតា នៅក្នុងសហគមន៍ដែលភាគច្រើន គឺត្រូវបានរកឃើញលើពលករ ដែលត្រឡប់មកពីប្រទេសថៃ ជាពិសេសខេត្តបន្ទាយមានជ័យនេះតែម្ដង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃជាងគេ។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានបន្តទៀតថា ចំពោះអ្នកដែលមានការប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺសូមធ្វើចត្តាឡីស័កដោយខ្លួនឯង និងអ្នកដែលប៉ះផ្ទាល់សូមទៅពិនិត្យដើម្បីយកសំណាករកមេរោគកូវីដ-១៩។
របាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែសីហាឆ្នាំ២០២១នេះកម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី សរុបចំនួន ៤៩៩នាក់ទៀតករណីជាសះស្បើយមានចំនួន ៨៨២នាក់ និងករណីស្លាប់មានចំនួន១៧នាក់បន្ថែមទៀត។ ខណៈករណីឆ្លងនៅក្នុងសហគមន៍មានចំនួន ៣៧៤នាក់ និងអ្នកដំណើរពីបរទេសមានចំនួន១២៥នាក់៕
អត្ថបទ៖ ហួន ស្រីនីត