នៅក្នុងសប្តាហ៍នេះ និយតករលំហរអ៊ីនធឺណេតរបស់ប្រទេសចិនបានធ្វើការរឹតបន្តឹងទៅលើក្រុមហ៊ុន មីក្រុង ដែលជាអ្នកផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ហើយនេះគឺជាបញ្ហាចុងក្រោយបំផុតនៅក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំៗជាងគេទាំង២នៅក្នុងពិភពលោក។
ប្រធានក្រុមភាគច្រើនក្នុងព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ គឺលោក ឆាក ស៊ុំមឺ (Chuck Schumer) បាននិយាយថា ទង្វើរបស់រដ្ឋាភិបាលចិនដែលប្រកាសប្រឆាំងនឹងក្រុមហ៊ុនមីក្រុង គឺមិនផ្អែកលើការពិតទេ ប៉ុន្តែគឺជាការប្រើការបង្ខិតបង្ខំសេដ្ឋកិច្ចដ៏អាក្រក់ប្រឆាំងសហរដ្ឋអាមេរិក។ ឥឡូវនេះលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលលោក បៃដិន ដើម្បីធ្វើឱ្យរដ្ឋាភិបាលចិនភ្លឺភ្នែកថា អាកប្បកិរិយាបែបនេះមិនអាចទទួលយកបាននិងពុំមានផលទេ។
លោក ស៊ុំមឺ បានបន្ថែមថា មន្ត្រីនានាកំពុងទាក់ទងជាមួយសហគមន៍អាជីវកម្មកាន់តែច្រើនឡោះង ក៏ដូចជាជាមួយសម្ព័ន្ធមិត្ត និងដៃគូទាំងឡាយ ដើម្បីដោះស្រាយការរឹតបន្តឹងរបស់រដ្ឋាភិបាលចិនប្រឆាំងនឹងក្រុមហ៊ុន មីក្រុង។
កាលពីដើមខែនេះ លោក ស៊ុំមឺ បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងជាថ្មីមួយ ដើម្បីទប់ទល់ការប្រកួតប្រជែងពីប្រទេសចិន ដោយគ្រោងនឹងបង្កើតច្បាប់សម្រាប់បង្កើនលទ្ធភាពរបស់អាមេរិកក្នុងការឈរទល់មុខនឹងមហាអំណាចអាស៊ីមួយនេះលើបញ្ហាមួយចំនួន ចាប់ពីបច្ចេកវិទ្យារហូតដល់សន្តិសុខ និងការគំរាមកំហែងកោះតៃវ៉ាន់។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក ម៉ៃឃើល ម៉េកខូល (Michael McCaul) ដែលជាប្រធានគណៈកម្មាធិការការបរទេស បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រព័ន្ធច្បាប់របស់ប្រទេសចិនត្រូវបានបង្កើតឡើងដើម្បីបង្ខិតបង្ខំបុគ្គល ឬក្រុមហ៊ុនណាមួយ ដែលស្ថិតនៅក្រោមអំណាចរបស់ខ្លួន។ នេះគឺជាប្រព័ន្ធច្បាប់ដែលមានលក្ខណៈដូចក្រុម ម៉ាហ្វីយ៉ា ពោលគឺគំរាមសម្លុតក្រុមហ៊ុនអាមេរិក ហើយសហរដ្ឋអាមេរិក និងដៃគូ ព្រមទាំងសម្ព័ន្ធមិត្តទាំងអស់ត្រូវតែឈររួមគ្នាប្រឆាំងនឹងការឈ្លានពានសេដ្ឋកិច្ចបែបនេះ។
សូមរំលឹកថា និយតករលំហរអ៊ិនធឺណិតរបស់ចិនបាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភាថា ក្រុមហ៊ុន មីក្រុង បានបរាជ័យក្នុងការត្រួតពិនិត្យសុវត្ថិភាពបណ្តាញរបស់ខ្លួន ហើយនិយតករនេះនឹងរារាំងប្រតិបត្តិករនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មិនឱ្យទិញផលិតផលពីក្រុមហ៊ុននេះទេ៕
អត្ថបទ៖ សុខ ជា