ហាក់ដូចជាលឿនមុនការរំពឹងទុក ផ្សារ Makro ដែលទើបតែបើកសម្ពោធសាងសង់កាលពីចុងខែឧសភាកន្លងទៅនេះ គ្រោងនឹងបញ្ចប់រួចរាល់ និងបើកដំណើរការលក់នៅចុងខែតុលាខាងមុខនេះហើយ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុននេះបាននិងកំពុងជ្រើសរើសបុគ្គលិកជាច្រើនរយនាក់ផងដែរ។
នាយកគ្រប់គ្រងទូទៅផ្សារលក់ទំនិញបោះដុំមួយនេះ បានឲ្យដឹងថា ក្រោយពេលផ្សារនេះសាងសង់រួចរាល់ជាស្ថាពរ នឹងផ្ដល់ឱកាសការងារជាង២៧០កន្លែងសម្រាប់ប្រជាជនកម្ពុជា ស្របពេលដែលបច្ចុប្បន្នមានបុគ្គលិកប្រមាណ១៥០នាក់ កំពុងបម្រើការនិងត្រូវបានបំពាក់បំប៉នសមត្ថភាព។ ក្នុងនោះ ក្រុមហ៊ុនផ្សារ Makro ក៏ត្រៀមបញ្ជូនបុគ្គលិកប្រមាណជាង១០០នាក់ ទៅទទួលវគ្គបណ្ដុះបណ្ដាលជំនាញនៅប្រទេសថៃផងដែរ ដោយភាគច្រើនជាបុគ្គលិកផ្នែកលក់និងប្រតិបត្តិការ។
នាយកគ្រប់គ្រងទូទៅផ្សារ Makro លោក ថាណាភុប ប្រាកខនសុង បានលើកឡើងថា គិតមកទល់ពេលនេះ ផ្សារ Makro បានសាងសង់រួចរាល់ប្រមាណ៧០%ហើយ។ លោកបន្ដទៀតថា ក្រោយពីគម្រោងទី១នេះបានបញ្ចប់ទៅ ក្រុមហ៊ុនផ្សារ Makro ក៏គ្រោងនឹងពង្រីកគម្រោងទី២របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ និងគ្រោងពង្រីកសាខាបន្ថែមទៀតឲ្យបានដល់៩សាខានៅទូទាំងប្រទេសកម្ពុជា ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត។
យ៉ាងណាក៏ដោយចុះ លោក ថាណាភុប មិនបានបញ្ជាក់ថា គម្រោងទី២នឹងចាប់ផ្ដើមនៅពេលណានោះទេ ដោយកំពុងស្ថិតនៅក្នុងការពិចារណាលើទីតាំង ប៉ុន្ដែ លោកថា គម្រោងថ្មីៗក្រោយនេះ ក៏មានទំហំ និងទីតាំងមិនសូវខុសគ្នាប៉ុន្មានពីគម្រោងទី១ដែរ។
លោកបានគូសបញ្ជាក់ទៀតថា លោកមិនមានគម្រោងពង្រីកសាខាតូចៗ ដូចជា ផ្សារទំនើបមួយចំនួននោះទេ ព្រោះ ការលក់របស់ផ្សារ Makro ជាការលក់បោះដុំ និងមិនមានការជួលតូបបន្ដទៅឲ្យអាជីវករនោះដែរ។
ផ្សារ Makro នេះ សាងសង់លើផ្ទៃដីសរុប ៥ហិកតា ក្នុងនោះ មាន១ម៉ឺនម៉ែត្រការ៉េ គឺជាទីតាំងសំខាន់សម្រាប់ការលក់ទំនិញប្រកបដោយផាសុកភាព ព្រមជាមួយនឹងចំណតយានយន្ដជាង៥០០គ្រឿងផងដែរ។
សូមជម្រាបដែរថា ផ្សារ Makro គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក អិលវ៉ាយភី គ្រុប ជាមួយនឹងក្រុមហ៊ុនរបស់ ស៊ីភី គ្រុប របស់ថៃ ហើយបើតាមការអះអាងពីនាយកគ្រប់គ្រងទូទៅផ្សារមួយនេះ ក្រៅពីមានលក់ទំនិញបោះដុំ ក៏អាចនឹងមានហាងលក់ និងផ្ដល់សេវាកម្មប្រមាណតែ៥កន្លែងប៉ុណ្ណោះ ដែលមាននៅក្នុងផ្សារនេះ ដែលអាជីវកម្មទាំងនោះគឺជាដៃគូ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ស៊ីភី គ្រុប ដូចជា ហាងកាហ្វេ មាន់បំពង 5ស្ដារ របស់ក្រុមហ៊ុន ស៊ីភី និងភ្នាក់ងារវេរលុយ ទ្រូម៉ានី ជាដើម។
ផ្សារទំនើប Makro នេះ សាងសង់លើផ្ទៃដីប្រមាណជាង ៥ហិកតា ដែលមានកម្ពស់២ជាន់ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងពោងពាយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅក្បែរគ្នានឹង ផ្សារទំនើប AEON ទី២ របស់ជប៉ុនដែលកំពុងសាងសង់ផងដែរ៕