វិស័យអាកាសចរណ៍

ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Boeing គ្រោងនាំឡានហោះមកកាន់តំបន់អាស៊ី នៅឆ្នាំ២០៣០


លោក ថូត ស៊ីត្រុន (Todd Citron) ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Boeing បានទម្លាយប្រាប់សារព័ត៌មាន Nikkei Asia នៅថ្ងៃសុក្រ ទី១៩ ខែមេសា នេះថា ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Boeing គ្រោងផលិតឡានហោះ (Flying Car) នៅអាស៊ីត្រឹមឆ្នាំ២០៣០ ក្រោយមើលឃើញថា បញ្ហាកកស្ទះចរាចរណ៍នៅតាមទីក្រុងនានាក្នុងតំបន់ និងតម្រូវការហោះហើររយៈចម្ងាយជិត នឹងជួយជំរុញកំណើនតម្រូវការលើឡានប្រភេទនេះ។
វិស័យអាកាសចរណ៍
ដោយ

ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Boeing នៅពេលនេះកំពុងអភិវឌ្ឍន៍​ឡានហោះ​​​ដោយ​ប្រើ​ប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិនៅក្រុមហ៊ុនបុត្រសម្ព័ន្ធ វីស អ៊ែរ៉ូ (Wisk Aero)។ ទោះជាយ៉ាងណា ផែនការប្រកបដោយមហិច្ឆតានេះ ត្រូវទទួលបានវិញ្ញាបនបត្រទទួល​ស្គាល់នៅទឹកដី​សហរដ្ឋអាម៉េរិកជាមុនសិន មុននឹងអាចពង្រីកទីផ្សារចូលមកក្នុងតំបន់អាស៊ី។ បច្ចុប្បន្នក្រុមហ៊ុនយក្ស Boeing កំពុងជ្រើសរើសតំបន់អាស៊ី ធ្វើជាទីផ្សារដំបូងរបស់ខ្លួនសម្រាប់ផលិតផលឡាន​ហោះនេះ​រួមទាំង​ប្រទេសជប៉ុនផងដែរ។

ដោយឡែក នៅប្រទេសជប៉ុនឯណោះវិញ ក្រុមហ៊ុន Start-up ក្នុងស្រុកដែលមានឈ្មោះថា ស្កាយ​ដ្រាយ (SkyDrive) និងក្រុមហ៊ុនអាល្លឺម៉ង់ វ៉ូឡូកូបទ័រ (Volocopter) គ្រោងនឹងដំណើរការសេវាកម្ម​ឡាន​តាក់ស៊ីហោះ (Air Taxi Services) នៅឯពិព័រណ៍ពិភពលោក​ក្រុង​អូ​សាកា ឆ្នាំ២០២៥ (2025 Osaka World Expo)។

សូមបញ្ជាក់ថា ក្រុមហ៊ុន Boeing ទើបតែបានបើកមូលដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍មួយនៅក្រុងណាកូ​យ៉ា (Nagoya) ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា។ ក្រុមហ៊ុននេះបានបង្កើត​ប្រតិបត្តិ​ការ​​ស្រាវជ្រាវ និងអភិវឌ្ឍន៍ជាលើកដំបូងនៅក្នុងប្រទេសជប៉ុន ក្នុងឆ្នាំ២០២២ ប៉ុន្តែបាននិងកំពុងរកជួល​កន្លែង​ពី​ក្រុមហ៊ុនផ្សេងទៀតរហូតមកដល់បច្ចុប្បន្ន។

មូលដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីនៅក្រុងណាកូយ៉ា (Nagoya) នេះគឺជាមូលដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍​ទី៧ របស់ក្រុមហ៊ុន Boeing នៅខាងក្រៅទឹកដីសហរដ្ឋអាម៉េរិក បន្ទាប់ពីទីតាំងនៅ​ក្នុងប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងឥណ្ឌា៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងវត្តមានរបស់លោក វ៉ាង យី ជួយទាក់ទាញអ្នកវិនិយោគ និងទេសចរចិនមកកាន់កម្ពុជាបន្ថែមទៀត

ប្រមុខការទូតជាន់ខ្ពស់របស់ចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីពង្រឹ…

តើសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចូលក្នុងវិបត្តិដែរ ឬទេ ក្រោយផ្ទុះការប៉ះទង្គិចរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់?

សេដ្ឋកិច្ចពិភពលោកមិនទាន់ងើបរួចពីវិបត្តិ ដែលបង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងបញ្ហាជម្លោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ