«សករាជល្អូកល្អិន» រវាងអង់គ្លេស និងចិនចិនត្រូវបានបញ្ចប់!

នាយករដ្ឋមន្ត្រីអង់គ្លេស៖ «សករាជមាស» នៃទំនាក់ទំនងល្អូកល្អិនរវាងចក្រភពអង់គ្លេស និងចិនបានបញ្ចប់ហើយ


នាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ូណាក (Rishi Sunak) បាននិយាយបញ្ជាក់ច្បាស់ៗកាលពីថ្ងៃចន្ទ ទី ២៨ វិច្ឆិកានេះថា អ្វីដែលគេប្រសិទ្ធិនាមថា «សករាជមាស» នៃទំនាក់ទំនងដ៏ជិតស្និទ្ធរវាងអង់គ្លេសនិងប្រទេសចិនបានចប់សព្វគ្រប់ហើយ ដោយលោកបានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងបានគំរាមកំហែងជាប្រព័ន្ធដល់ផលប្រយោជន៍ និងតម្លៃកាន់តែធ្ងន់ធ្ងរសម្រាប់អង់គ្លេស ហើយការគំរាមកំហែងនេះ កំពុងមានទំនោរកាន់តែស្រួចស្រាល់ឡើងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
នាយករដ្ឋមន្ត្រីអង់គ្លេស៖ «សករាជមាស» នៃទំនាក់ទំនងល្អូកល្អិនរវាងចក្រភពអង់គ្លេស និងចិនបានបញ្ចប់ហើយ

នៅក្នុងសុន្ទរកថាស្តីអំពីគោលនយោបាយការបរទេសអង់គ្លេសជាលើកដំបូងរបស់ខ្លួន លោក ស៊ូណាក បាននិយាយថា៖ «វិធីសាស្រ្តរបស់ចក្រភពអង់គ្លេសចំពោះប្រទេសចិនចាំបាច់ត្រូវតែមានការវិវឌ្ឍ ហើយទីក្រុងប៉េកាំងកំពុង «ប្រកួតប្រជែងដោយប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាដណ្តើមយកឥទ្ធិពលពិភពលោក»។

លោកបាននិយាយដោយយោងតាមការពិពណ៌នារបស់អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសលោក George Osborne អំពីទំនាក់ទំនងចិន-អង់គ្លេសក្នុងឆ្នាំ២០១៥ ដែលថា «សករាជមាស» នៃទំនាក់ទំនងដ៏ល្អូកល្អិននោះ វាបានដល់ទីបញ្ចប់ហើយ ដោយលោកលើកឡើងដោយឥតលាក់លៀមទៀតថា វាជាគំនិតឆោតល្ងង់ណាស់ ដែលថា «ទំនាក់ទំនងពាណិជ្ជកម្មអាចនឹងនាំទៅរកកំណែទម្រង់សង្គម និងនយោបាយក្នុងប្រទេសចិននោះ»។

គួររលឹកឡើងវិញថា កាលពីពេលកន្លងទៅ មានសមាជិកបក្សអភិរក្សខ្លះថា លោក ស៊ូណាក មានជំហរធូររលុងជាមួយប្រទេសចិន ពោលគឺស្លូតជាងលោកស្រី លីស ត្រូស ដែលជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេសមុនលោក រីស៊ី ស៊ូណាក។ កាលពីឆ្នាំមុន ដែលកាលនោះលោកសូណាក់ នៅកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកបានអំពាវនាវឱ្យមានយុទ្ធសាស្ត្រប្រាកដប្រជាលើប្រទេសចិន អំពីបញ្ហាអំពីសិទ្ធិមនុស្ស ខណៈអង់គ្លេសបានកំពុងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន។

ទំនាក់ទំនងរវាងអង់គ្លេស និងចិន ថ្មីៗនេះ ហាក់មានភាពប្រេះឆាកាន់តែខ្លាំងឡើង។ ជាក់ស្ដែង គេនៅចាំបានថា កិច្ចប្រជុំដែលបានគ្រោងទុករវាងលោក Sunak និងប្រធានាធិបតីចិនលោក Xi Jinping នៅក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលីក្នុងខែនេះ ត្រូវបានលុបចោលវិញ។ ហើយកាលពីសប្តាហ៍មុននេះ អាជ្ញាធរទីក្រុងឡុងដ៍បានហាមឃាត់ការបំពាក់កាមេរ៉ាសុវត្ថិភាព ដែលផលិតដោយប្រទេសចិន នៅអគាររដ្ឋាភិបាលអង់គ្លេស ដោយថា វាអាចប្រព័ន្ធចារកម្មរបស់ប៉េកាំង។

ទាក់ទិននឹងសេចក្តីថ្លែងការណ៍របស់សារព័ត៌មានអង់គ្លេស BBC ដែលអ្នកកាសែតម្នាក់ត្រូវបានវាយប្រហារដោយប៉ូលីសចិននៅក្នុងអំឡុងបាតុកម្មដែលប្រឆាំងនឹងវិធានការកូវិដដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលចិននោះ លោក ស៊ូណាក បាននិយាយថា «អង់គ្លេសទទួលស្គាល់ថា ប្រទេសចិនបង្កបញ្ហាជាប្រព័ន្ធចំពោះគុណតម្លៃ និងផលប្រយោជន៍របស់ខ្លួន ដែលវាជាបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរដោយឆ្ពោះទៅរករបបផ្តាច់ការកាន់តែខ្លាំង»។

ទោះជាយ៉ាងណាលោកសូណាក់ គូសបញ្ជាក់ថា គេមិនអាចមើលរំលង ឬព្រងើយកន្តើយចំពោះសារៈសំខាន់របស់ប្រទេសចិនក្នុងកិច្ចការពិភពលោកនោះទេ ពោលគឺចំពោះស្ថិរភាពសេដ្ឋកិច្ចសកល ឬក៏បញ្ហាដូចជាការប្រែប្រួលអាកាសធាតុជាដើម ហើយសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជប៉ុន និងប្រទេសជាច្រើនទៀតក៏យល់អំពីរឿងនេះដែរ។ ទោះជាបែបនេះក្ដី លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ចក្រភពអង់គ្លេសនឹងមិនជ្រើសរើស «ស្ថានការដើម» ជាមួយចិនឡើយ ពោលគឺនឹងប្រឈមមុខជាមួយប្រទេសចិន ដោយវាមិនមែនគ្រាន់តែជាវោហាសាស្ត្រឱ្យតែល្អស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែជាមួយនឹងការអនុវត្តជាក់ស្តែងតែម្តង៕




អត្ថបទបន្ទាប់


បុរសខ្លាំង ស៊ី ជីនពីងប្រឈមនឹងបាតុកម្មការទាមទារឲ្យចុះចេញពីតំណែង ជុំវិញវិធានការកូវីដ១៩ដ៏តឹងតែង

ក្រោយពីប្រកាសចូលក្តាប់អំណាចសម្រាប់អាណត្តិទី៣ជាប្រវត្តិសាស្ត្រមិនទាន់បានមួយខែស្រួលផង បុរសខ្លាំងលោកស៊ី ជីនពីង កំពុងប្រឈមនឹងកំហឹងក្រេវក្រោធរប…

ជប៉ុនគ្រោងនឹងបង្កើនថវិកាការពារជាតិឱ្យដល់ ២% នៃGDP នៅក្នុងឆ្នាំ ២០២៧

ស្របពេលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ និងមានការប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំងទាំងផ្នែកភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងយោធានោះ បានធ្វើឲ្យប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ