លោក Boris Johnson បានប្រាប់សន្និសីទមួយស្តីអំពីសន្តិសុខក្នុងទីក្រុងមូនិច ប្រទេសអាល្លឺម៉ង់ថា ៖ «យើងមិនដឹងច្បាស់ពីបំណងរបស់លោកប្រធានាធិបតីពូទីនទេ ប៉ុន្តែយើងគ្រាន់តែដឹងថាវាជាតម្រុយមិនល្អ»។
លោកបានបន្ថែមថា ប្រសិនបើអ៊ុយក្រែនមានគ្រោះថ្នាក់មាននោះ វានឹងបង្កការភ័យខ្លាចជុំវិញពិភពលោក។ ក្តីបារម្ភនឹងរាលដាលដល់តំបន់អាស៊ីខាងកើត រួមទាំងកោះតៃវ៉ាន់ដែលកំពុងរងការគំរាមកំហែងពីប៉េកាំងផងដែរ។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអង់គ្លេស អះអាងថា ប្រទេសលោកខាងលិចបានប្រាប់អ៊ុយក្រែនម្តងហើយម្តងទៀតថា ពួកគេនឹងគាំទ្រឯករាជ្យភាពរបស់អ៊ុយក្រែន ប៉ុន្តែបើតាមការយល់ឃើញរបស់លោក ពាក្យសម្ដីនេះមើលទៅហាក់ដូចជាគ្មានន័យ ស្របពេលដែលអ៊ុយក្រែនកំពុងត្រូវគេគំរាមកំហែងហើយ លោកខាងលិចមិនអាចធ្វើអ្វីបាន។
គួរជម្រាបថា ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ អះអាងថាខ្លួនអាចរារាំងក្រុមហ៊ុនរុស្ស៊ីពីការបង្កើនដើមទុនរកស៊ីនៅក្នុងទីក្រុងឡុងដ៍ ហើយថែមទាំងបានអនុម័តច្បាប់ដើម្បីពង្រីកការដាក់ទណ្ឌកម្មលើអាជីវកម្ម និងបុគ្គលជនជាតិរុស្ស៊ី ប្រសិនបើម៉ូស្គូហ៊ានឈ្លានពានអ៊ុយក្រែនមែននោះ។ រុស្សីក៏នឹងទទួលរងវិនាសកម្មសង្គ្រាមពីលោកខាងលិចខ្លាំងណាស់ដែរ ប្រសិនបើគេហ៊ានវាយប្រហារអ៊ុយក្រែន។ នេះជាការលើកឡើងចំៗ របស់លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស៕