សារព័ត៌មានក្នុងស្រុកភូមា The Irrawaddy បានចុះផ្សាយដោយស្រង់ប្រភពពីនាយកដ្ឋានព័ត៌មានរបស់ KNU ថា ការវាយប្រហារតាមផ្លូវអាកាសបានកើតឡើងចន្លោះពីម៉ោង ៧យប់ (យប់ថ្ងៃសៅរ៍) និងម៉ោង ២រំលងអធ្រាត្រ ចូលថ្ងៃអាទិត្យ ។
បុគ្គលិកជួយសង្គ្រោះជនជាតិការ៉ែនមួយរូបបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា «មនុស្ស ៣នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀត បានរងរបួស ពីការវាយប្រហារកាលពីយប់មិញ (យប់ថ្ងៃសៅរ៍) មកលើភូមិនៅក្នុងតំបន់ Deh Bu Noh ។ ជនរងគ្រោះម្នាក់ស្លាប់ដោយឆេះខ្លួន ដែលគេជឿថា បានត្រូវគ្រាប់បែកទម្លាក់ចំផ្ទះរបស់គាត់ ។»
អ្នកភូមិជាង ១០០០នាក់ដែលរស់នៅក្បែរប៉ុស្តិ៍យោធារបស់កងទ័ពរំដោះជាតិការ៉ែន បាននាំគ្នារត់ចោលផ្ទះសម្បែង ដោយអ្នកខ្លះរត់ឆ្លងចូលទឹកដីថៃផងដែរ ។
ការវាយប្រហារតាមផ្លូវអាកាសនេះ ត្រូវគេជឿជាក់ថាជាការសងសឹករបស់យោធាភូមាបន្ទាប់ពីកងកម្លាំង KNLA បានវាយដណ្ដើមកាន់កាប់ទីតាំងឈរជើងនៅលើភ្នំមួយកន្លែងរបស់យោធាភូមា ដែលក្នុងការវាយប្រយុទ្ធគ្នានោះ កងកម្លាំង KNLA បានសម្លាប់ទាហាននៃយោធាភូមាអស់ ១០នាក់ និងបានចាប់ខ្លួន ៨នាក់ទៀត ជាឈ្លើយសឹក ។
សហភាពជាតិការ៉ែន (KNU) បានប្រកាសថា ខ្លួនមិនទទួលស្គាល់របបយោធាភូមាទេ និងថា ខ្លួនគាំទ្រគណៈកម្មាធិការរបស់រដ្ឋសភាជាប់ឆ្នោត ដែលតំណាងឲ្យរដ្ឋសភាសហភាពតែប៉ុណ្ណោះ ។ ក្រុមដដែលនេះ កាលពីសប្ដាហ៍មុន បានទទូចឲ្យយោធាភូមាបញ្ឈប់ការសម្លាប់ពលរដ្ឋស៊ីវិល និងដោះលែងអ្នកតវ៉ាទាំងអស់ដែលត្រូវបានរបបយោធាចាប់ឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារ កាលពីថ្ងៃទី១ កុម្ភៈ មក ៕