ការផ្អាកនេះ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងមេរោគកូវីដ១៩ថ្មីៗ ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ ដោយគិតត្រឹមថ្ងៃទី២៥ ខែមីនា មានករណីឆ្លងមេរោគកូវីដ១៩ កើនដល់៩៦ នាក់ហើយ ខណៈអ្នកដែលឆ្លងហើយបានជាសះស្បើយក៏កើនដល់១០នាក់ដែរ ។វិធានការជាច្រើនត្រូវបានដាក់ចេញជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ ដែលដំបូងឡើយមានការបិទសាលារៀនគ្រប់កម្រិត ទាំងរដ្ឋនិងឯកជន បន្ទាប់មកទៀតការបិទKTV និងរោងភាពយន្ត ក្រោយមកផ្អាកប្រារព្វពិធីសាសនានានា ដែលមានការជួបជុំមនុស្សច្រើន។
យ៉ាងណាមិញគេមិនទាន់ដឹងថា តើកម្ពុជាអាចនឹងប្រកាសដាក់ប្រទេសនៅក្នុងគ្រាអាសន្ន ឬយ៉ាងណានោះទេ ខណៈថ្មីៗនេះសម្តេចហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកំពុងពិចារណានិងពិនិត្យមាត្រា២២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ ដែលបានចែងអំពីការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នៅគ្រាដែលអ្នកជិតខាងកម្ពុជា គឺថៃ បានប្រកាសដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាសន្នហើយនោះ៕