គ្រោះថ្នាក់រថភ្លើងបុកគ្នាជាមួយនឹងរថយន្តក្រុងនេះ បានកើតឡើងនៅព្រឹកម៉ោងប្រហែល ៨ នៅឯចំណុចឆ្លងកាត់មួយនៅលើផ្លូវរថភ្លើង នៅក្បែរស្ថានីយរថភ្លើងដែលស្ថិតនៅចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងបាងកក ខណៈដែលរថយន្តក្រុងដឹកអ្នកដំណើរកំពុងធ្វើដំណើរទៅកាន់វត្តមួយកន្លែង ដើម្បីដង្ហែបុណ្យកឋិនទៅកាន់វត្តនោះ ។
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា នៅចំណុចឆ្លងកាត់លើផ្លូវរថភ្លើងនោះ ពុំមានរបាំងអ្វីទេ ហើយពួកគេបានឮសំឡេងស៊ីផ្លេឮៗរបស់រថភ្លើង មុនបន្តិចនៅពេលដែលរថភ្លើងបើកមកដល់ប៉ុណ្ណោះ ។
រថយន្តក្រុងកំពុងដឹកអ្នកទៅបុណ្យកឋិនប្រហែល ៦០នាក់ ពីខេត្តសមុទ្ទប្រាកាន ភាគខាងត្បូងទីក្រុងបាងកក ទៅកាន់វត្តបាងប្លាណាក់ ដើម្បីធ្វើបុណ្យកឋិនតាមប្រពៃណីពុទ្ធសាសនា ។
គ្រោះថ្នាក់ចរាចរណ៍ដែលផ្ដាច់ផ្ដិលជីវិតមនុស្ស គឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសថៃ ដែលជាប់ឈ្មោះជាប្រទេសនៅលំដាប់ខ្ពស់ជាងគេ ដែលមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបំផុត ។ មូលហេតុធំៗនៃគ្រោះថ្នាក់ទាំងនេះ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងពេលស្រវឹង និងការអនុវត្តច្បាប់នៅទន់ខ្សោយ ។
យោងតាមរបាយការណ៍ឆ្នាំ២០១៨ ពីអង្គការសុខភាពពិភពលោក ព្រះរាជាណាចក្រថៃជាប្រទេសទី២នៅលើពីភពលោកដែលមានអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ៕