លោក ភិន ភន អនុប្រធានសហគមន៍កសិកម្មសាមគ្គីមនោរម្យខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានខេមបូណូមីសថា បន្លៃស្ពៃក្តោបដែលដាំដោយកសិករនៅក្នុងសហគមន៍លោកបច្ចុប្បន្នអាចលក់បានក្នុងតម្លៃប្រមាណ៤ពាន់រៀលក្នុង១គីឡូក្រាម ជាតម្លៃមួយដែលអាចផ្តល់ប្រាក់ចំណេញគួរសមដល់កសិករ។ កត្តាអាកាសធាតុអំណោចផល គួបផ្សំដីមានជីវភាពល្អផងនោះ បានធ្វើឱ្យការដាំដុះស្ពៃក្តោបរបស់កសិករនៅក្នុងសហគមន៍ខាងលើមានការរីកលូតលាស់ល្អនិងទទួលបានទិន្នផលខ្ពស់ ក៏ដូចជាមានគុណភាពល្អ ដែលអាចហក់ចូលទីផ្សារទំនើបក្នុងស្រុកមួយចំនួន។ នេះបើតាមការអះអាងរបស់អនុប្រធានសហគមន៍រូបនេះ ដែលបានបន្ថែមថា កសិករដាំស្ពៃក្ដោបនៅក្នុងសហគមន៍លោកត្រូវបានធ្វើឡើងជាលក្ខណៈដាំបណ្ដាក់គ្នា ដែលជាហេតុធ្វើឱ្យស្ពៃក្តោបនៅសហគមន៍នេះមិនសូវមានបញ្ហាទីផ្សារ នោះទេ។ យ៉ាងណាមិញ លោក អំពាវនាវដល់ប្រជាជនខ្មែរជួយគាំទ្រផលិតផលដាំដោយខ្មែរទូទាំងខេត្ត ដើម្បីលើកស្ទួយផលិតផលខ្មែរ។
ជាមួយគ្នានេះ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ការដាំដុះបន្លែស្ពៃក្តោបនៅខេត្តមណ្ឌលគិរី មានចំនួន១៤ហិកតា ក្នុងនោះក្រុងសែនមនោរម្យ មាន៨ហិកតា។ ស្ពៃក្តោបនៅខេត្តមណ្ឌលគិរី ភាគច្រើនលក់ឱ្យទីផ្សាបោះដុំបន្លែនៅភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ។ បើតាមការអះអាងរបស់ប្រធានមន្ទីរកសិកម្មរូបនេះ កត្តាដែលធ្វើស្ពៃក្តោបនៅក្នុងសហគមន៍សាមគ្គីមនោរម្យ ក្រុងសែនមនោរម្យ អាចលក់បានតម្លៃខ្ពស់ ក៏ដោយសារពួកគេបានធ្វើផលិតកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនមាសបៃតង។
ដោយឡែកលោក ពន របាំង កសិករដាំស្ពៃក្តោបម្នាក់នៅខេត្តបាត់ដំបង បានអះអាងថា បន្លែស្ពៃក្តោបនៅក្នុងតំបន់របស់លោកលក់មិនសូវបានថ្លៃដូចនៅខេត្តមណ្ឌលគិរី នោះទេ ពោលគឺស្ពៃក្តោបរបស់លោកអាចលក់បានចន្លោះពី៦០០រៀល ទៅ៧០០រៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ តែបើលក់តាមប្រព័ន្ធអនឡាញអាចបានតម្លៃខ្ពស់ជាងនេះ។ បើតាមការអះអាងរបស់កសិកររូបនេះ កត្តាដែលធ្វើឱ្យស្ពៃក្តោបរបស់លោកលក់មិនសូវបានតម្លៃខ្ពស់ ក៏ដោយសារការដាំដុះរបស់លោកធ្វើឡើងជាលក្ខណៈគ្រួសារមិនមានការចងក្រងជាសហគមន៍នោះទេ។ កសិកររូបនេះ បានអះអាងថា ខ្លួនក៏បានចងក្រងកសិករផ្សេងទៀតជាសហគមន៍ដែរ ក៏ប៉ុន្តែកសិករនៅតំបន់លោកហាក់មិនចាប់អារម្មណ៍នោះឡើយ។
ចំណែកកសិករដាំស្ពៃក្តោប១រូបទៀត នៅខេត្តកំពង់ចាម លោកស្រី ចក់ ស៊ីថា បានលើកឡើងថា ស្ពៃក្តោបនៅភូមិឃុំរបស់លោកស្រីអាចអាចលក់បានទៅតាមរដូវកាល ពោលគឺតម្លៃមិនមានភាពស្ថិតស្ថេរនោះទេ។ បច្ចុប្បន្នស្ពៃក្តោមនៅតំបន់របស់លោកស្រីអាចលក់បានក្នុងតម្លៃ១,៣០០រៀលក្នុង១គីឡូក្រាម ដោយការដាំដុះរបស់លោកស្រីធ្វើឡើងជាលក្ខណៈគ្រួសារ។
ពាក់ព័ន្ធនឹងបញ្ហាតម្លៃស្ពៃក្ដោបនេះដែរ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ស្ពៃក្ដោបនៅខេត្តមណ្ឌលគិរី បានគ្រប់រដូវទាំងបរិមាណ និងគុណភាព ដោយសារជាតំបន់នោះមានអាកាសធាតុត្រជាក់ ហើយមានស្ថិរភាពប្រព័ន្ធទីផ្សារធានាទិញផងនោះទើបធ្វើឱ្យមានតម្លៃខ្ពស់។ ចំណែកកសិករដាំស្ពៃក្តោបដូចជានៅខេត្តបាត់ដំបង និងខេត្តកំពង់ចាមជាដើម ភាគច្រើនដាំបានតែក្នុងខែចុះត្រជាក់ និងមានបរិមាណច្រើន ដោយមានប្រើប្រាស់ថ្នាំកសិកម្មដើម្បីការពារសត្វល្អិត រីឯប្រព័ន្ធទីផ្សារដែលធានាទិញ ក៏ពុំទាន់មានភាពច្បាស់លាស់។ តែយ៉ាងណាក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ កំពុងដោះស្រាយលើបញ្ហានេះ។
បើយោងតាមលោក សេង សៅ ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ស្ពៃក្ដោបដែលកសិករអាចលក់បានតម្លៃនៅក្នុងខេត្តមណ្ឌលគិរី ជាប្រភេទពូជដែលមានឈ្មោះថា kk cross។ ហើយដើម្បីអាចស្ពៃក្តោបប្រភេទនេះទទួលបានទិន្នផល និងគុណភាពល្អ កសិករត្រូវដាំលើដីមិនជាំទឹក ប្រើប្រាស់ជីតាមដំណាក់កាល និងបច្ចេកទេសកសិកម្ម ត្រូវតាមដានជាប្រចាំដូចជាការស្រោចទឹកឱ្យបានគ្រប់គ្រាន់ ពិសេសប្រមូលផលឱ្យបានទាន់ពេលវេលា៕
អត្ថបទដោយ៖ ជា ម៉ារ៉ា