ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក ថ្មីៗនេះភាគីទាំងពីរ ក៏បានជួបពិភាក្សាការងារជាមួយគ្នា ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជំរុញការវិនិយោគ និងបង្កើតឱកាសការងារបន្ថែម តាមរយៈជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបន្ថែមទៀត។
សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា ដោយក្នុងមួយឆ្នាំៗទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសពីរទទួលបានរាប់ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ កម្ពុជា-អាមេរិក នូវតែបន្តប្ដេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការសំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែល្អប្រសើរថែមទៀត។ ជាក់ស្តែងនៅរយៈពេល ៥ខែក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៣ពាន់២រយលានដុល្លារ បានធ្លាក់ចុះជិត១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សម្រេចបានទំហំទឹកប្រាក់ជាង ៣ពាន់១រយលានដុល្លារ បានថយចុះ ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ដោយឡែក សម្រាប់ការនាំចូលពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៩០លានដុល្លារ ថយចុះ ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ឃើញថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិក នារយៈពេល៥ខែឆ្នាំ២០២៣ ហាក់មានការថយចុះ ក៏ពិតមែន តែដំណើរការនៃការនាំចេញទំនិញកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក នៅតែដំណើរការជាធម្មតា។ បើតាមអ្នកជំនាញរូបនេះ ដ្បិតទំហំពាណិជ្ជកម្មទ្វេភាគី ហាក់ថយចុះ តែទំនាក់ទំនងទ្វេភាគីនៅតែមានភាពល្អប្រសើរ ហើយបញ្ហានៃការធ្លាក់ចុះការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក នារយៈពេល៥ខែនេះ ក៏មិនបានជះឥទ្ធិពលធ្ងន់ធ្ងរសម្រាប់កម្ពុជា នោះដែរ។
កម្ពុជានៅតែចាត់ទុកសហរដ្ឋអាមេរិក ជាដៃគូពាណិជ្ជកម្មសំខាន់ក្នុងការរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា ហើយកន្លងមក កម្ពុជាបានខិតខំទាញផលប្រយោជន៍ពីពាណិជ្ជកម្មកម្ពុជា-អាមេរិក បានចំណាត់ថ្នាក់ជាប្រទេសទី៤ ដែលនាំចេញទៅទីផ្សារអាមេរិក និងជាប្រទេសចំណាត់ថ្នាក់ទី៣ ដែលទទួលអត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ពីសហរដ្ឋអាមេរិក ផងដែរ។
យ៉ាងណាមិញ ដើម្បីបង្កើនទំនាក់ទំនងនិងសហប្រតិបត្តិការបន្ថែម នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក ផាទ្រីក មូរហ្វី ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសំដៅពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ឱ្យកាន់តែមានលក្ខណ:គ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនវិនិយោគទុនរបស់ខ្លួននៅកម្ពុជា ជាពិសេសផ្ដោតសំខាន់លើវិស័យកាត់ដេរ តែម្ដង។ នៅក្នុងកិច្ចពិភាក្សាការងារនេះ ភាគីអាមេរិក ក៏បានសន្យាដែរថា ខ្លួននឹងជំរុញការនាំចូលនូវផលិតផលកាបូប និងសម្ភារធ្វើដំណើរ បន្ថែមលើការនាំចូលផលិតផលវាយនភណ្ឌ សម្លៀកបំពាក់និងស្បែកជើង ជាដើម។ បើតាមលោក មូរហ្វ៉ី គោលបំណងនៃការជំរុញការនាំចេញទំនិញរបស់កម្ពុជាបន្ថែមទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងមួយកម្រិតទៀត។
សូមបញ្ជាក់ថា នៅរយៈពេល ៥ខែឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ១៩ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារ ថយចុះជាង ២% ខណៈការនាំចូលរបស់កម្ពុជាពីអន្តរជាតិវិញ មានទំហំទឹកប្រាក់ជាង ១០ពាន់លានដុល្លារ បានថយចុះជាង ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា នារយៈពេល៥ខែក្នុងឆ្នាំ២០២៣នេះ។ បន្ទាប់មកគឺសហរដ្ឋអាមេរិក បានឈរនៅលំដាប់លេខរៀងទី២ ខណៈវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៣ ដែលបានធ្វើពាណិជ្ជកម្មច្រើនជាមួយកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕