បើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានសរសេរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់រោងចក្រអគ្គិសនីប្រើថាមពលធ្យូងថ្ម ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើតាមការប្រកាសនេះ រោងចក្រអគ្គិសនីធ្យូងថ្មដ៏ធំមួយនេះ នឹងផ្តល់ការងារបានចំនួន ៧៥កន្លែងផងដែរ។
តាមពិតទៅ មួយរយៈពេលចុងក្រោយនេះ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការទាក់ទាញវិនិយោគលើវិស័យថាមពលអគ្គិសនី ដ្បិតបច្ចុប្បន្ន អគ្គិសនីកម្ពុជានៅតែមានតម្លៃថ្លៃជាងប្រទេសក្នុងតំបន់ ជាពិសេស ប្រទេសជិតខាង ដែលធ្វើឲ្យអ្នកវិនិយោគក្នុងស្រុកនិងបរទេស ត្អួញត្អែរជាច្រើនផងដែរ។
យ៉ាងណាក៏ដោយ កន្លងទៅថ្មីៗនេះ ក៏មានក្រុមហ៊ុនឈ្មោះថា OMNI NAVITAS ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យថាមពលធំមួយរបស់អាមេរិក បានសម្លឹងឃើញឱកាសវិនិយោគថាមពលអគ្គិសនី ដោយប្រើបន្ទះសូឡានៅកម្ពុជា ហើយបើតាមការអះអាងពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បានបញ្ជាក់ថា ក្រុមហ៊ុនខ្លួនគ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ៥០០លានដុល្លារ ដើម្បីសាងសង់ប្រព័ន្ធថាមពលសូឡានៅកម្ពុជា ជាមួយនឹងថាមពលអគ្គិសនីទំហំ ១៥០មេហ្គាវ៉ាត់។
ក្រៅពីរោងចក្រអគ្គិសនីប្រើបន្ទះសូឡានិងធ្យូងថ្ម កម្ពុជាក៏បានប្រឹងប្រែងបើកដៃឲ្យវិនិយោគិន អភិវឌ្ឍទំនប់វារីអគ្គិសនីដើម្បីបង្កើតសុវត្ថិភាពថាមពលនៅក្នុងស្រុក កាត់បន្ថយការទិញអគ្គិសនីពីប្រទេសជិតខាង។ មកដល់ពេលនេះ ទំនប់វារីអគ្គិសនីធំៗរបស់កម្ពុជាមានចំនួន៧ រួមមាន៖
- ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ដែលមានថាមពល ៤០០មេហ្គាវ៉ាត់
- ទំនប់វារីអគ្គិសនីភ្នំកំចាយ ខេត្តកំពត មានកម្លាំងថាមពល ១៩៤មេហ្គាវ៉ាត់
- ទំនប់វារីអគ្គិសនីតាតៃខេត្តកោះកុង មានកម្លាំងថាមពល ២៤៦ មេហ្គាវ៉ាត់
- ទំនប់វារីអគ្គិសនីស្ទឹង អាតៃ មានថាមពល ១២០មេហ្គាវ៉ាត់
- ទំនប់វារីអគ្គិសនីស្ទឹងឫស្សីជ្រំក្រោម ខេត្តកោះកុង មានថាមពល ៣៣៨មេហ្គាវ៉ាត់
- ទំនប់វារីអគ្គិសនីគិរីរម្យ៣ មានថាមពល ១៨មេហ្គាវ៉ាត់
- ទំនប់វារីអគ្គិសនីគិរីរម្យមានថាមពល១២មេហ្គាវ៉ាត់។
របាយការណ៍បូកសរុបរបស់លោក ទី នរិន្ទ ប្រធានអាជា្ញធរអគ្គិសនីកម្ពុជា បានបង្ហាញថា ឆ្នាំ២០១៧ អ្នកប្រើប្រាស់អគ្គិសនីទូទាំងប្រទេសមានចំនួន ២.៤០៩.៩០៧នាក់ ក្នុងនោះ ៩៦,១៣ភាគរយ ស្មើជាង ២លាន៣សែននាក់ ទទួលបានអគ្គិសនីប្រើប្រាស់ ដែលផ្គត់ផ្គង់ពីបណ្តាញជាតិ និងទទួលបានការបន្ថយតម្លៃអគ្គិសនីតាមផែនការរបស់រដ្ឋាភិបាល។
របាយការណ៍ដដែលបានឲ្យដឹងបន្តថា នៅឆ្នាំ២០១៧នេះ កម្ពុជាបានកាត់បន្ថយការនាំចូលអគ្គិសនីពីបរទេសពី ២២ភាគរយ មកត្រឹម ១៨,៦ភាគរយ ដោយប្រភពថាមពលនៃការប្រើប្រាស់កើនឡើង ១១ភាគរយ។ រីឯអនុភាពសរុបក្នុងស្រុកនៅឆ្នាំ២០១៧ មានចំនួន ១.៨៦៦មេហ្គាវ៉ាត់ ដែលតម្លៃស្តង់ដារជាមធ្យម ២លានដុល្លារក្នុង ១មេហ្គាវ៉ាត់។
ចំណែក ទំហំវិនិយោគលើប្រភពអគ្គិសនីក្នុងស្រុក គិតជាទឹកប្រាក់ មានចំនួន ៣.៧៣២លានដុល្លារសហរដ្ឋអាមេរិក៕