របាយការណ៍ពីធនាគារជាតិ បានបង្ហាញថា នៅឆ្នាំ២០១៨នេះ ការនាំចេញរបស់កម្ពុជា សម្រេចបានជាង ១៣.៥០០ លានដុល្លារអាមេរិក ដែលមានកំណើន ២១% ធៀបនឹងឆ្នាំ២០១៧ ខណៈការនាំចូលវិញ គឺមានប្រមាណជាង ១៨.៧០០ លានដុល្លារអាមេរិក ដែលមានកំណើនជាង ២១%។ តាមតួលេខនេះ សបញ្ជាក់ឲ្យឃើញថា ឱនភាពពាណិជ្ជកម្ម ឬការនាំចូលរបស់កម្ពុជាមានលើសការនាំចេញ រហូតដល់ជាង ៥.២០០ លានដុល្លារអាមេរិក ខ្ពស់ជាងឆ្នាំ២០១៧ប្រមាណ ១ពាន់លានដុល្លារអាមេរិក។
ក្នុងនោះ កម្ពុជា បាននាំចេញផលិតផលភាគច្រើនបំផុត គឺសម្លៀកបំពាក់ និងស្បែកជើង ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារអាមេរិក ផលិតផលកសិកម្មមានប្រមាណ ៦៣០លានដុល្លារអាមេរិក និងផលិតផលផ្សេងៗទៀត មានជិត ៣ពាន់លានដុល្លារអាមេរិក។
ដោយឡែក ក្នុងចំណោមការនាំចូលជាង ១៨ពាន់លានដុល្លារអាមេរិកវិញ កម្ពុជាបាននាំចូលភាគច្រើន គឺជាវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ប្រេងឥន្ធនៈ សម្ភារសំណង់ យានយន្ដ អាហារ និងភេសជ្ជៈ និងផលិតផលផ្សេងៗទៀត។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា សហភាពអឺរ៉ុបនៅតែជាចំណែកទីផ្សារធំសម្រាប់ការនាំចេញរបស់កម្ពុជា ពោលគឺមាន ២៩% នៃចំណែកទីផ្សារនាំចេញសរុប ខណៈអាមេរិកមាន២៤% អង់គ្លេសមាន ៩% និងជប៉ុន មាន៨%។ រីឯប្រទេសដែលនាំចូលមកកម្ពុជា ឃើញថា ចិនឈរលំដាប់មុខគេមានជិត៣០% នៃការនាំចូលសរុប ថៃ មានជាង ១៥% វៀតណាម មានជិត១២% និងជប៉ុនមាន ៤%។
ទាក់ទងទៅនឹងទីផ្សារនាំចេញនេះដែរ នៅក្នុងរបាយការណ៍ក៏បានគូសបញ្ជាក់ពីកត្តាប្រឈមមួយចំនួន ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ពិសេស គឺការប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប។ តែយ៉ាងណា បើតាម ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជាត្រូវពង្រឹងឯករាជ្យភាពពាណិជ្ជកម្មរបស់ខ្លួន ជាជាងការរស់ដោយការពឹងតែលើការអនុគ្រោះពន្ធនេះ។ ឯកឧត្តម គូសបញ្ជាក់ទៀត បើអត់ប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាក៏មិនស្លាប់នោះដែរ គ្រាន់តែអាចបាត់បង់នូវតម្លៃបន្ថែមនៃការនាំចេញខ្លះប៉ុណ្ណោះ។
ឯកឧត្តមថា បើសិនសហគមអឺរ៉ុបបន្តអនុគ្រោះ កម្ពុជារឹតតែចំណេញ តែបើគេដកចេញ ក៏យើងនៅតែចំណេញ គ្រាន់តែចំណេញតិចជាងមុនប៉ុណ្ណោះ។
ទោះយ៉ាងណា បើពិនិត្យមើលទៅលើទុនបម្រុងអន្តរជាតិវិញឃើញថា មានការកើនឡើងរហូតដល់ ១០ ពាន់លានដុល្លារអាមេរិក ដែលអាចធានានូវការនាំចូលបានរហូតដល់រយៈពេល ៦ខែឯណោះ។
បើតាមការវាយតម្លៃរបស់ធនាគារជាតិ បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៨នេះ សម្រេចបានកំណើនដល់ ៧,៣% ដែលជាកម្រិតមួយខ្ពស់ធៀបនឹងប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលនៅឆ្នាំ២០១៩នេះ រំពឹងថា នឹងនៅតែរក្សាបានកំណើនក្នុងរង្វង់៧% ដដែល៕